​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បានស្នើ​ទៅកាន់​ភាគី​ចិន ជួយ​ជំរុញ​ការហោះហើរ​ត្រង់​ពី​ទីក្រុង​នានា​នៅ​ប្រទេស​ចិន មកកាន់​ប្រទេស​កម្ពុជា ហើយ​ចំពោះ​ទីក្រុង​ណា​ដែល​ទាំង​មិនទាន់មាន​ការហោះហើរ​ម​ក​កម្ពុជា ក៏​សូម​បង្កើតឱ្យមាន​ការហោះ​ហើរ​ត្រង់​មក​ឱ្យបាន​កាន់តែច្រើន ខណៈ​កម្ពុជា​នឹងមាន​អាកាសយានដ្ឋាន​អន្តរជាតិ​ធំៗ​ដែល​អាច​ទទួល​ការ​ចុះចត​យន្តហោះ​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ​។


​ការស្នើ​បែបនេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ថោង ខុន ជាមួយ​លោក រ៉ាវ ឈាន (Rao Quan) អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន នា​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​ ២០២៣ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

​នាឱកាស​នោះ​លោក ថោង ខុន បានស្នើ​ឱ្យមាន​ការជំរុញ​ការហោះហើរ​ត្រង់​ពី​ទីក្រុង​សំខាន់ៗ​នៅ​ប្រទេស​ចិន មកកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ប្រទេស​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ទៀត​។​


​លោក​ថា​៖«​ពិសេស​គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ ខណៈ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​ត្រៀម​ដាក់ឱ្យ​ដំណើរការ​នា​ចុងឆ្នាំ​២០២៣​ឆាប់ៗ​ខាងមុខ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ក៏​នឹង​បើក​ដំណើរការ​នៅ​ចុងឆ្នាំ​២០២៤ ឬ​ដើមឆ្នាំ​២០២៥​នេះហើយ​ដែរ​»​។​

​ជាការ​ឆ្លើយតប​លោក រ៉ាវ ឈាន បាន​សន្យា​ពាំនាំ​សំណើ​ទាំងនេះ ក៏ដូចជា​ព័ត៌មាន​នៃ​កិច្ចពិភាក្សា​នេះ​ជូនទៅ​កាន់​ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងការ​ពិចារណា​ជំរុញឱ្យមាន​ការហោះហើរ​ត្រង់​មកកាន់​កម្ពុជា​បន្ថែមទៀត​។ នាឱកាស​នោះដែរ​លោក​ក៏បាន​លើកឡើង​ពី​បំណង​ចង់​ពង្រីក​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​ដែលមាន​ការហោះហើរ​ត្រង់​មកកាន់​កម្ពុជា​ស្រាប់ និង​រៀបចំ​ឱ្យមាន​ជើងហោះហើរ​ត្រង់​ថ្មី​សម្រាប់​អាកាសយានដ្ឋាន​ដែល​មិនទាន់មាន​ការហោះហើរ​ត្រង់​ជាមួយគ្នា​។


​ក្រសួងទេសចរណ៍ បាន​ឱ្យដឹងពី​ជំនួប​នោះ​ថា​៖«​ភាគី​ទាំង​២​មាន​សុទិដ្ឋិនិយម​ថា ការពង្រីក​បន្ថែម​ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​២​នេះ គឺជា​កាលានុវត្តភាព​មួយ​ក្នុងការ​ទាក់ទាញ​រំហូរ​ទេសចរ​ពី​ប្រទេស​ចិន​មកកាន់​កម្ពុជា និង​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ក៏ដូចជា​ទេសចរ​មកពី​ប្រទេស​ផ្សេងទៀត​ដែរ​"៕​