មណ្ឌលគិរីៈ កសិករដាំដំណាំស្វាយចន្ទីចំនួន ២១៨ នាក់ នៅក្នុងស្រុកកែវសីមា ទទួលបានការបណ្តុះបណ្តាលក្នុងការកសាងជំនាញបច្ចេកទេស លើការប្រើប្រាស់សត្វអង្ក្រងជាភ្នាក់ងារការពារជីវសាស្ត្រ ដើម្បីទប់ស្កាត់សត្វល្អិតចង្រៃផ្សេងៗតាមរយៈគម្រោង USAID មរតកបៃតង។
អ្នកដាំដំណាំស្វាយចន្ទីនៅក្នុងស្រុកកែវសីមាតែងតែប្រឈមមុខទៅនឹងបញ្ហាទទួលបានទិន្នផលទាប និងគ្រាប់ស្វាយចន្ទីមិនសូវមានគុណភាពល្អ ដោយសារមានការបំផ្លាញពីសត្វល្អិត និងជំងឺផ្សេងៗ។ មានសត្វល្អិតចម្បងៗចំនួន៤ ដែលបំផ្លាញដំណាំស្វាយចន្ទីដ៏គួរឱ្យបារម្ភដូចជា ស្រឹងមូសតែ(Tea Mosquito Bug) ដង្កូវស៊ីគ្រាប់ស្វាយចន្ទី (Cashew Shoot Borer) ដង្កូវស៊ីរូង និងឬសគ្រាប់ស្វាយចន្ទី (Cashew Stem and Root Borer) និងទ្រីបផ្កា។ នេះបើយោងតាមគម្រោងUSAIDមរតកបៃតង។
គម្រោងនេះបានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះUSAID មរតកបៃតង បានផ្តល់ការបណ្តុះបណ្តាលដើម្បីកសាងជំនាញបច្ចេកទេសដល់អ្នកដាំដំណាំស្វាយចន្ទីចំនួន២១៨នាក់(ស្រី៩៩នាក់) លើការប្រើប្រាស់សត្វអង្ក្រងជាភ្នាក់ងារការពារជីវសាស្ត្រដើម្បីទប់ស្កាត់សត្វល្អិតចង្រៃផ្សេងៗ។ កម្មវិធីនេះរួមបញ្ចូលនូវកិច្ចអន្តរាគមន៍ជាបន្តបន្ទាប់ដោយអ្នកប្រឹក្សាជំនាញផ្នែកដំណាំស្វាយចន្ទីផងដែរ ដោយផ្តោតលើបច្ចេកទេសដែលមិនប៉ះពាល់ដល់បរិស្ថាន។
យោងទៅតាមលោក សៀង កាន ទីប្រឹក្សាជាន់ខ្ពស់ផ្នែកខ្សែច្រវាក់តម្លៃ ដែលមានឯកទេសខាងបច្ចេកទេសប្រើភ្នាក់ងារការពារជីវសាស្ត្រសម្រាប់គ្រប់គ្រងដំណាំបានឱ្យដឹងថា ការប្រើប្រាស់ភ្នាក់ងារការពារជីវសាស្ត្រដូចជាសត្វអង្ក្រងជាដើម ជួយដោះស្រាយបញ្ហាសត្វល្អិត និងជំងឺផ្សេងៗដែលជាមូលហេតុនៃទិន្នផលទាបរបស់កសិករ និងជំរុញឱ្យមានការផ្លាស់ប្តូរពីផលិតកម្មធម្មតាទៅជាផលិតកម្មគ្រាប់ស្វាយចន្ទីសរីរាង្គនាពេលអនាគតផងដែរ៕