សៀមរាបៈ ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្ប: បញ្ជាក់​ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) នឹងតាំង​ពិព័រណ៍​សមិទ្ធផល ៣០ ឆ្នាំ របស់​ខ្លួន​អំពី​កិច្ចការ​អភិរក្ស និងអភិវឌ្ឍ​រមណីយ​អង្គរ​ពី​ឆ្នាំ១៩៩៣ ដល់​ឆ្នាំ២០២៣ ក្នុងអំឡុង​ពេលកិច្ចប្រជុំ​អន្តរ​រដ្ឋាភិបាល​ស្តី​ពី​រមណីយដ្ឋាន​អង្គរលើក​ទី៤ នៅទី​ស្នាក់ការ​កណ្តាល​អង្គការ​យូណេស្កូ (UNESCO) នៅទី​ក្រុង​ប៉ារីស ប្រទេស​បារាំង នៅថ្ងៃទី១៥ ខែវិច្ឆកា ខាងមុខ។


ការបញ្ជាក់​នេះ​ធ្វើឡើង​ក្នុងកិច្ចប្រជុំ​ក្រុមការងារ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​អន្តរ​រដ្ឋាភិបាល​ស្តីពី​រមណីយដ្ឋាន​អង្គរ​នេះ ដែលដឹកនាំ​ដោយលោកស្រី ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈ នាថ្ងៃទី១៦ ខែមិថុនា។

ហ្វេសប៊ុក​ក្រសួង​វប្បធម៌​បញ្ជាក់​នាថ្ងៃទី១៧ ខែមិថុនា ថា កិច្ចប្រជុំ​នេះ​បានផ្តោត​ទៅលើការងារ​ចាំបាច់​ត្រៀម​សម្រាប់​កិច្ចប្រជុំ​អន្តរ​រដ្ឋាភិបាល​នេះ រួមមាន ការងាររៀបចំ​ឯកសារ និងសៀវភៅ​ស្តីពី​សមិទ្ធផល ៣០ ឆ្នាំ​នៃកិច្ចការ​អភិរក្ស និងអភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ក្នុងក្របខ័ណ្ឌ ICC-Angkor។


ហ្វេសប៊ុកបន្ត​ថា៖ «ការងាររៀបចំ​តាំង​ពិព័រណ៍​សមិទ្ធផល ៣០ ឆ្នាំ របស់ ICC-Angkor ហើយ​ពិព័រណ៍​នេះ​គ្រោងនឹងរៀបចំ​នៅទី​ស្នាក់ការ​កណ្តាល​របស់​យូណេស្កូ​ទីក្រុង​ប៉ារីស។ ការបែងចែក​ភារកិច្ច និងកិច្ចសហការ​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ [គឺ] ដើម្បី​ធានាបាន​នូវដំណើរ​ការល្អ​នៃកិច្ចប្រជុំ​អន្តរ​រដ្ឋាភិបាល​នេះ»។

ក្រសួង​លើកឡើង​ថា កិច្ចប្រជុំ​អន្តរ​រដ្ឋាភិបាល​នេះ​នឹង​មិនត្រឹមតែ​ផ្តោត​ទៅលើ​សមិទ្ធផល ៣០ ឆ្នាំ និងបញ្ហា​ប្រឈម​នោះទេ ប៉ុន្តែក៏​នឹងប្រកាស​ជាផ្លូវការ​នូវ​កិច្ចសហការ​រួមគ្នា ១០ ឆ្នាំបន្ត​ទៀត​រវាង​រាជរដ្ឋាភិបាល​កម្ពុជា-ជប៉ុន-បារាំង និងយូណេស្កូ​ក្នុង​ក្របខ័ណ្ឌ ICC-Angkor រហូត​ដល់​ឆ្នាំ២០៣៣។


ក្រសួង​បន្ត​ថា នៅក្នុង​កិច្ចប្រជុំ​អន្តរ​រដ្ឋាភិបាល​នេះ​ក៏នឹង​កំណត់​ផងដែរ​អំពី​យុទ្ធសាស្រ្ត ១០ ឆ្នាំ ខាងមុខ​ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣៣ សម្រាប់​កិច្ចការ​អភិរក្ស និងអភិវឌ្ឍ​រមណីយ​អង្គរ ដែល​កិច្ចការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​អាច​ជាទិសដៅ​សំខាន់​ចម្បង៕​