កំពង់ចាមៈ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅក្រុង​កំពង់ចាម ដែលមាន​សមត្ថភាព​ផ្ទុក​ទឹកកខ្វក់​ចំនួន ៥ ០០០ ម៉ែត្រគុប ក្នុង ១ ថ្ងៃ និងតភ្ជាប់​បណ្តាញ​ទឹក​កខ្វក់​តាមផ្ទះ និងអគារ​ការិយាល័យ​ផ្សេងៗ​ចំនួន​ជិត ៤ ០០០ កន្លែង​បានចាប់ផ្តើម​សាងសង់​ហើយ​ កាលពី​ថ្ងៃទី១៦ ខែមិថុនា។


លោក ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បានធ្វើ​ជាអធិបតី​ក្នុងពិធី​បើក​ការដ្ឋាន​អនុគម្រោង​សាងសង់​ប្រព័ន្ធ​លូ និងស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ​ក្រុង​កំពង់ចាម​នេះ ក្រោមគម្រោង​អភិវឌ្ឍន៍​ក្រុង​របៀងមហា​អនុតំបន់​មេគង្គ​ជំហាន​ទី៤។

ហ្វេសប៊ុក​ក្រសួង​សាធារណការ និងដឹកជញ្ជូន​បញ្ជាក់​នាថ្ងៃទី១៦ ខែមិថុនា ថា៖ «ហេដ្ឋា​រចនាសម្ព័ន្ធ​នៃអនុគម្រោង​សាងសង់​ប្រព័ន្ធ​លូ និងស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ដែល​បើកការដ្ឋាន​នាឱកាស​នេះរួមមាន ការតភ្ជាប់​បណ្តាញ​ទឹក​កខ្វក់​តាមផ្ទះ និងអគារ​ការិយាល័យផ្សេងៗ​ចំនួន ៣ ៩៦៥ កន្លែង ប្រព័ន្ធ​បណ្តាញ​ទុយោ​ប្រមូល​មេ និងរង​ប្រវែង ៥១ គីឡូម៉ែត ស្ថានីយ​បូមមេ និងរង​ចំនួន ៣ កន្លែង ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ចំនួន ១ កន្លែង​មានសមត្ថភាព​ផ្ទុក​ទឹក​កខ្វក់​ចំនួន ៥ ០០០ ម៉ែត្រគុប​ក្នុង ១ ថ្ងៃ »។


ក្រសួង​បន្ត​ថា ក្រៅពី​នេះ ក៏មាន​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង រួមមាន លូបង្ហូរ​រៀបថ្ម​រាង​អក្សរ V ប្រវែង ២ ៩២៩ ​ម៉ែត្រ លូ​បេតុង​ប្រអប់​ប្រវែង ៩០៣ ម៉ែត្រ លូ​បេតុង​បូល​ប្រវែង ២៤៤ ម៉ែត្រ លូ​បេតុង​រាង​អក្សរ U ប្រវែង ៨៩,៩ ម៉ែត្រ កន្លែង​បង្ហូរ​ចេញ​ចំនួន ១ កន្លែង និងស្ថានីយ​បូមចំនួន ១ កន្លែង។

គម្រោង​នេះ ទទួលបាន​កម្ចី​ឥណទាន​សម្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។ ក្រសួង​សាធារណការ និងដឹកជញ្ជូន គឺជាអង្គភាព​គ្រប់គ្រង​គម្រោង និងបាន​ចាប់ផ្តើម​អនុ​គម្រោង​សាង​សង់​​ប្រព័ន្ធ​លូ និងស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នេះ​ឡើង​ ក្នុង​ក្រុង​កំពង់ចាម។ គម្រោង​ថវិកា​សាងសង់​មាន​ប្រមាណ ២២ លាន​ដុល្លារអាមេរិក ដែលចាប់​ផ្តើម​ការងារ​សាងសង់​កាលពី​ខែធ្នូ ឆ្នាំ២០២២ និងគ្រោងនឹង​បញ្ចប់​ការងារ​សាងសង់​នៅ​ខែធ្នូ​ ឆ្នាំ២០២៥៕​