ភ្នំពេញៈ ក្រុមនិស្សិត​ចំនួន ​៣ ​ក្រុម​ឈ្នះ​ពានរង្វាន់​កែច្នៃ​ប្រហុក​ខ្មែរ​ពី​មូល​​និ​ធិ​គី​ណា​ល់ (Kinal Foundation) ​ប្រចាំឆ្នាំ ​២០២៣ ដោយ​ជយលាភី​លេខ​១ បាន​ទៅលើ​ក្រុមនិស្សិត​មកពី​មហាវិទ្យាល័យ​កសិឧស្សាហកម្ម នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​។ និស្សិត​ចំនួន​ ៣៩ ​ក្រុម​បាន​ចូលរួម​ប្រកួតប្រជែង​ដើម្បី​យក​ពានរង្វាន់​នេះ​។​


​លោក ហៃ លី​អ៊ាង ប្រធាន​មូលនិធិ​គី​ណា​ល់ និង​ជា​អគ្គនាយក​នៃ​សហ​គ្រាស​ផលិត​ឱសថ​ប៉េ​ប៉េអឹម (PPM)​ និង​ក្រុមហ៊ុន​ខន​ហ្វី​រេល (Confirel)​ ថ្លែង​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់ «​ត្នោត​មាស​» ក្រោម​ប្រធានបទ ​«​ការបង្កើន​គុណភាព​តម្លៃបន្ថែម​នៃ​ប្រហុក ជា​ពិសេស គឺ​ដើម្បី​ធ្វើឱ្យ​ផលិតផល​ប្រហុក​ក្លាយទៅជា​ផលិតផល​នាំ​ចេញ​» ​នា​ថ្ងៃទី​ ១៧ ខែមិថុនា សម្រាប់​ឆ្នាំនេះ​មាន​និស្សិត​មក​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ចំនួន​ ៨ ដែល​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត ដែល​ធ្វើឱ្យ​ចំនួន​នេះ​កើនឡើង​ជាង​កាល​ប្រកួត​មុនៗ​។​

​លោក​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ពី​បិទ​បញ្ចប់​ពិធី​នេះ​ថា ប្រហុក​មាន​ឆ្លា​ក់នៅ​អង្គរវត្ត​។​តាំងពី​កកើត​ប្រហុក​មក គេ​មិនដឹងថា អ្នកណា​បង្កើត​វា​ទេ​ប៉ុន្តែ​គេ​គ្រាន់តែ​ដឹងថា ប្រហុក​មាន​រសជាតិ​ឆ្ងាញ់ មាន​រសជាតិ និង​មាន​ជីវជាតិ​។​


​លោក​ថ្លែងថា​៖ «​អ៊ីចឹង តាំងពី​កកើត​ប្រហុក​ហ្នឹង​មក យើង​មិនដែល​បាន​ច្នៃប្រឌិត មិនដែល​បាន​កែច្នៃ​ទេ​ណា​! អ៊ីចឹង ជា​លើក​ទី​១ ​ហើយ​ដែល​យើង​បានធ្វើការ​ប្រឡងប្រជែង​។ យើង​ឃើញថា ជាពិសេស​ធំ​បំផុត​នោះ និស្សិត​ដែលជា​អ្នក​ស្នង​ប្រទេស​ជាតិ​យើង​ហ្នឹង គឺ​គាត់​មានការ​ចាប់​អារម្មណ៍​ខ្លាំងណាស់​។ ឆ្នាំ​ហ្នឹង​គឺ​គាត់​បាន​ចូលរួម​ច្រើន​។ អ៊ីចឹង​ហើយ​ធ្វើឱ្យ​គំនិត​នៃ​ការកែច្នៃ​លើ​ប្រហុក​ហ្នឹង​គឺមាន​ច្រើន​»​។​

​លោក ហៃ លី​អ៊ាង បន្ថែមថា ឥឡូវនេះ ការកែច្នៃ​ប្រហុក​នេះ​ត្រូវ​បានដាក់​ស្នើសុំ​ជា​កម្មសិទ្ធិបញ្ញា​ជា​ថ្នាក់​អន្តរ​ជាតិ ហើយ​នៅពេលដែល​ទទួល​បានក​ម្ម​សិទ្ធិ​បញ្ញា​ការកែច្នៃ​ប្រហុក​នេះ លោក​ជឿជាក់ថា ប្រហុក​ខ្មែរ​នឹងមាន​អនាគត​ធំ និង​វែងឆ្ងាយ​ទៅ​ថ្ងៃក្រោយ ដែល​ធ្វើឱ្យ​មុខរបរ​កែច្នៃ​ប្រហុក​មានតម្លៃ ហើយ​ប្រហុក​កែច្នៃ​មាន​តម្រូវ​ការនាំ​ចេញទៅ​ប្រទេសក្រៅ​បាន​ច្រើន​។​


​លោក​លើកឡើងថា ក្រៅពី​ផ្តល់​ពានរង្វាន់​នេះ​មូលនិធិ​គី​ណា​ល់​នឹង​តាម​ជួយ​ពួកគាត់​តទៅទៀត ពីព្រោះ​ពួកគេ​មាន​ទឹកចិត្ត និង​មាន​ស្នាដៃ ដោយ​មូលនិធិ​ត្រូវ​រុញ​ពួកគាត់​ឱ្យបាន​ទៅ​ឆ្ងាយ​ថែមទៀត​ដើម្បី​ធ្វើ​ការផលិត​ប្រហុក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដើម្បី​នាំ​ចេញទៅ​បរទេស​។​

​លោក​បន្តថា​៖ «​អ៊ីចឹង​យើង​ក៏ត្រូវ​ការ​កម្លាំង និង​ធនធានមនុស្ស ទេព​កោសល្យ​របស់គាត់​។ អ៊ីចឹង រង្វាន់​ថ្ងៃ​​នេះ​គឺ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​ដើម្បី​យើង​ចាប់ដៃគ្នា​ទាំងអស់គ្នា​ជាមួយនឹង​និស្សិត​ក្មេងៗ ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រឡងប្រជែង​នេះ​ដើម្បី​ធ្វើ​ម៉េច​ឱ្យគេ​ស្គាល់​ស្នាដៃ​របស់​បុព្វ​បុរស​យើង ប្រទេស​យើង វប្បធម៌​យើង និង​រូបភាព​ប្រហុក​របស់​យើង​»​។​

​បើតាម​លោក ហៃ លី​អ៊ាង គម្រោង​នាំចេញ​ប្រហុក​ទៅ​ក្រៅប្រទេស​នេះ​មិនទាន់​ដឹងថា​នៅ​ឆ្នាំ​ណា​ទេ ប៉ុន្តែ​កំពុង​សិក្សា​ទីផ្សារ​។ គម្រោង​នាំចេញ​នេះ​ទើប​ចាប់ផ្តើមបាន​ប្រហែលជា​ ១​ ខែ​មុននេះ ហើយ​ឃើញ​មានការ​គាំទ្រ​ជាពិសេស​អតិថិជន​បរទេស​។​

​លោក​លើកឡើងថា​៖ «​អូ​មឺ​ឡែ​ត​ (Omelette) អី​ធម្មតា បារាំង​គាត់​ញ៉ាំ​អូ​មឺ​ឡែ​ត​មានតែ​អំបិល​។ ដល់​យើង​ដាក់​ប្រហុក​ទៅ​វា​មាន​រសជាតិ​ផ្សេង​។ ដូច​ប្រហុក​ខ្ទិះ​យើង​ហ្នឹង ប្រហុក​ខ្ទិះ​យើង​ដាក់​ប្រហុក​យើង​ធម្មតា​ធំក្លិន​ខ្លាំង​គាត់​ទទួល​អត់​បាន​។ ដល់​ប្រហុក​យើង​កែច្នៃ​នេះ​គាត់​ឆ្ងាញ់​។ អ៊ីចឹង​យើង​ប្រហែលជា​អាច​នឹងធ្វើ​មុខ​ម្ហូប​ច្រើន​។ ប៉ុន្តែ​អាហ្នឹង​វា​ទាល់តែ​ដូច​ថា យើង​ប្រមូលគ្នា​ធនធាន​ទាំងអស់​ដែល​យើង​មាន​ទាំង​ប៉ុន្មាន​ហ្នឹង​»​។​

​លោក សេន សុវណ្ណ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្លែង​ក្នុង​ពិធី​នេះ​ថា ក្នុង​វេទិកា​នេះ អ្នកទទួល​ជយលាភី​បាន​កែច្នៃ​ប្រហុក​មួយ​ដែលជា​ផលិតផល​មាន​លក្ខណៈ​គ្រប់គ្រាន់ និង​មានគុណ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់ធ្វើ​កា​រវិ​និ​​យោគ​បន្ថែម​។ អ្នកទទួល​ជយលាភី​នៃ​ពានរង្វាន់​នេះ​បានទទួល​ជោគជ័យ​ជា​មោទនភាព ដែល​ពួកគេ​អាច​កែច្នៃ​ផលិតផល​ប្រហុក ជា​ផលិតផល​ជាតិ និង​ជា​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា​។​

​លោក​ថ្លែង​៖ «​យើង​មើលឃើញថា​ឈី​ស (Cheese) គឺជា​ផលិតផល​របស់​អឺរ៉ុប និង​អាមេរិក​ជាដើម ហើយ​យើង​មើលឃើញ​តៅ​ហ្វ៊ូ ​(Tofu) នរ​ណា​ក៏​ចូលចិត្ត​តៅ​ហ្វ៊ូ ដែរ យកទៅ​ធ្វើជា​ម្ហូប​ច្រើន​មុខ​ដែលជា​ផលិតផល​ចេញពី​ចិន កូរ៉េ ជប៉ុន​នេះឯង​។ យើង​ប្រាកដ​ជាមាន​មោទនភាព​ប្រសិនបើ​ប្រហុក​របស់​យើង​ដូច លោក​ឧកញ៉ា​ហៃ លី​អ៊ាង​បាន​ស្រមើស្រមៃ វា​នឹង​ក្លាយទៅជា​ផលិតផល ដែលមាន​សារៈសំខាន់​ជា​​ Recipe​ ដ៏​សំខាន់​សម្រាប់​មុខម្ហូប​អាហារ​ដែល​ប្រើប្រាស់​ដោយ​បរទេស​។ វា​ប្រាកដ​ណាស់​ថា យើង​នឹងមាន​ផលិតផល​ថ្មី​ទៀត​សម្រាប់ធ្វើ​ការនាំចេញ​»​។​

​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី ​១៧ ខែមិថុនា ឆ្នាំ​ ២០២៣ ថា​៖ «​សូម​អបអរសាទរ​ដល់​ប្អូនៗ និស្សិត​មហាវិទ្យាល័យ​ក​សិ​ឧស្សាហកម្ម នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដែល​ទទួលបាន​ជយលាភី​លេខ ​១ ពី​ពានរង្វាន់​ត្នោត​មាស របស់​មូលនិធិ​គី​ណា​ល់ ឆ្នាំ ​២០២៣ លើ​ប្រធានបទ​ការកែច្នៃ​ប្រហុក​ដុំ​រសជាតិ​ក្រសាំង និង​អំពិល​ទុំ​»៕