ភ្នំពេញៈ ​ក្រសួងទេសចរណ៍ បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ប៉ម​ចម្រោះ​ទឹកស្អាត និង​ម៉ាស៊ីន​អនាម័យ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ដើម្បី​ផ្តល់​ទឹកស្អាត​សម្រាប់​សិស្ស​ទទួលទាន​សម្រាប់ធ្វើ​ឱ្យ​សុខភាព​របស់​ពួកគាត់​កាន់តែ​រឹងមាំ​។​


​ក្រសួងទេសចរណ៍​បានឱ្យដឹង​នៅ​ថ្ងៃទី ​១៩ ខែមិថុនា​នេះ​ថា ប៉ម​ចម្រោះ​ទឹកស្អាត AquaTower និង​ម៉ាស៊ីន​អនាម័យ AquaSan បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ទីតាំង​ស្ថិតក្នុង​វិទ្យាល័យ ហ៊ុន សែន ក្រវ៉ា នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​

​លោក Arup Sinha Roy នាយក​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន Cambodia Beverage Co., Ltd បាន​ថ្លែងថា ប៉ម​ចម្រោះ​ទឹកស្អាត​នេះ ជា​ប៉ម​ទី​២​ហើយ សម្រាប់​ខេត្តកំពង់ធំ​។ លោក​បាន​លើកឡើងថា AquaTower គឺជា​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​ដែល​បង្កើតឡើង​ដោយ​មូលនិធិ Planet Water ដែលមាន​បច្ចេកវិទ្យា​ក​ម្ចា​ត់​ភ្នាក់ងារ​បង្ក​ជំងឺ​នានា និង​សារធាតុ​កខ្វក់​ផ្សេងទៀត ដោយ​ផ្តល់​ទឹកស្អាត​សម្រាប់​ពិសារ​ដោយ​ឥតគិតថ្លៃ​សម្រាប់​សហគមន៍​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ វា​មាន​សមត្ថភាព​ផលិត​ទឹកបាន ១ ០០០​លីត្រ​ក្នុង​១​ម៉ោង​។​


បន្ថែម​ពីលើ​ប៉ម​ចម្រោះ​ទឹកស្អាត AquaTower នេះ លោក​ថា ក្រុមហ៊ុន​ក៏​ផ្តល់ជូន​សាលា​នូវ​ម៉ាស៊ីន​អនាម័យ​លាង​សម្អាត​បន្ទប់ទឹក AquaSan​ផងដែរ​។


​លោក ថ្លែងថា​៖ «​គម្រោង​នេះ​គឺជា​ជំនួយ​ឧបត្ថម្ភ​ពី​មូលនិធិ​កូ​កា​ កូ​ឡា ក្រៅពី​ប៉ម​ចម្រោះ​ទឹក និង​ម៉ាស៊ីន​អនាម័យ​នេះ ក្រុមហ៊ុន​ក៏​នឹង​ផ្តល់ជូន​កែវ​ទឹក​ចំនួន ៨០០ ដល់​សិស្សានុសិស្ស ធុង​បែងចែក​សំរាម​ចំនួន​៥​ឈុត​ដល់​សាលា ដើម្បី​ជា​ចំណែក​ចូលរួម​ក្នុង​កិច្ចប្រឹងប្រែង​លើ​ការងារ​ពិភពលោក​គ្មាន​សំរាម និង​ការចូលរួម​គ្រប់គ្រង​ទឹក​ប្រកបដោយ​ចីរភាព​»​។​

​លោក ថោង ខុន បាន​ថ្លែង​ដោយ​ស្នើឱ្យ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់​ចូលរួម​ថែរក្សា ការពារ និង​គ្រប់គ្រង​ប៉ម​ចម្រោះ​ទឹកស្អាត​នេះ ឱ្យនៅ​គង់វង្ស និង​ប្រើប្រាស់​បានយូរ​អង្វែង និង​ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន និង​គ្រប់គ្រង​សំរាម​នៅក្នុង​បរិវេណ​សាលារៀន​ឱ្យបាន​ល្អ និង​បន្ត​អប់រំ ណែនាំ និង​បង្ហាត់បង្រៀន​សិស្ស​ឱ្យ​ក្លាយជា​សិស្ស​ល្អ សិស្ស​ពូកែ សិស្ស​គំរូ​ផងដែរ​។

​លោក ថ្លែងថា​៖ «​យើង​សុំឱ្យ​មូលនិធិ Planet Water និង​ក្រុមហ៊ុន Coca Cola បន្ត​ជួយឧបត្ថម្ភ​ផ្តល់​អំណោយ​ប៉ម​ចម្រោះ​ទឹកស្អាត​នេះ ទៅដល់​វិទ្យាល័យ និង​អនុវិទ្យាល័យ​ជាច្រើន​ទៀត​នៅក្នុង​ស្រុក​បារាយណ៍​ផងដែរ​»​។​

​លោក តាន់ ប៊ុន​ហុង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តកំពង់ធំ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៩ ខែមិថុនា​ថា នៅ​ទូទាំង​ខេត្តកំពង់ធំ មាន​អង្គការ​ដៃគូ​ជាច្រើន បាន​ជួយ​គាំទ្រ និង​ផ្ដល់​ប៉ម​ចម្រោះ​ទឹកស្អាត​សម្រាប់​ឱ្យ​សិស្សានុសិស្ស រួម​មន្ត្រី​អប់រំ បាន​ប្រើប្រាស់​ទាំង​នៅក្នុង​សាលា​តាម​ជនបទ និង​ទាំង​សាលា​នៅតាម​ទីប្រជុំជន​ផងដែរ​។​

​លោក តាន់ ប៊ុន​ហុង ថ្លែងថា ជា​គោលបំណង​របស់​អាជ្ញាធ​រ​ខេត្ត និង​អង្គការ​ដៃគូ ដែល​ផ្ដល់ជំនួយ គឺ​ត្រូវតែ​ធ្វើយ៉ាងណា​ឱ្យ​សាលា​ទូទាំង​ខេត្តកំពង់ធំ​ទាំងអស់​មិន​ថា នៅតាម​ជនបទ និង​នៅតាម​ទីប្រជុំជន​នោះទេ មាន​ប៉ម​ចម្រោះ​ទឹកស្អាត មាន​បង្គន់​អនាម័យ និង​ព្រមទាំង​មាន​កន្លែង​សម្អាត​ដៃ​សម្រាប់​ឱ្យ​សិស្សានុសិស្ស​បាន​ប្រើប្រាស់​ជាដើម​។​

​លោក តាន់ ប៊ុន​ហុង បញ្ជាក់ថា​៖ «​ការ​មាន​ប៉ម​ចម្រោះ​ទឹកស្អាត​នៅក្នុង​សាលា គឺ​វា​មាន​សារៈសំខាន់​ខ្លាំងណាស់ ពីព្រោះ​សុខភាព​យើង ព្រោះ​កាលណា​យើង​មាន​ទឹកស្អាត​ប្រើប្រាស់ វា​អាច​កាត់បន្ថយ​ជំងឺ​ផ្សេងៗ និង​បង្កើន​ឱ្យ​សុខភាព​យើង​ល្អ ជាពិសេស​ធ្វើឱ្យ​បញ្ញា​យើង​លូតលាស់ ទើប​ធ្វើឱ្យ​ការរៀនសូត្រ​យើង​ល្អ​»​។​

​លោក​បន្ថែមថា អាជ្ញាធរខេត្ត នឹង​បន្ត​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ជួយ​គាំទ្រ និង​ព​ន្លឿ​ការផ្ដល់​ប៉ម​ចម្រោះ​ទឹកស្អាត​នៅតាម​សាលា​ទូទាំង​ខេត្តកំពង់ធំ ដើម្បី​រួមចំណែក​ធ្វើឱ្យ​សាលារៀន​កាន់តែ​មាន​សុវត្ថិភាព​សម្រាប់​សុខភាព​សិស្សានុសិស្ស​៕