ភ្នំពេញៈ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ជំហានទី១ ដែលបានចំណាយថវិកាសាងសង់អស់ ២៤៧ លានដុល្លារអាមេរិក ជាថវិកាសហហិរញ្ញប្បទាន ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី ១៩ ខែមិថុនា ដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខណៈការផ្គត់ផ្គង់ទឹកស្អាត នឹងកើនឡើងដល់ ១,៨ លានម៉ែត្រគុបក្នុង ១ ថ្ងៃ នៅឆ្នាំ ២០២៥។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ លោក ហ៊ុន សែន បានថ្លែងថា នេះជាសមិទ្ធផលប្រវត្តិសាស្ត្រ មិនធ្លាប់មានជាង ១០០ ឆ្នាំមកហើយអំពីការផ្គត់ផ្គង់ទឹកស្អាត។
លោកបានបញ្ជាក់ថា៖ «ខ្ញុំអាចនិយាយថា នៅទីក្រុងភ្នំពេញ បើមិនឱ្យខ្ញុំពឹងជប៉ុន មិនឱ្យខ្ញុំពឹងបារាំង បើមិនឱ្យខ្ញុំពឹងសហភាពអឺរ៉ុប តើឱ្យទៅពឹងអ្នកណា ដែលនេះគឺជារឿងពិត ដែលបានកើតឡើងនៅក្នុងប្រវត្តិនៃការផ្គត់ផ្គង់ទឹកនៅក្នុងទីក្រុងភ្នំពេញ។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ជំហានទី២ ក៏កំពុងតែដំណើរការសាងសង់ នឹងដាក់ឱ្យដំណើរការឆ្នាំក្រោយ និងដំណាក់កាលទី៣ កំពុងតែចរចារកឥណទាន»។
លោកបានបន្ថែមថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ជំហានទី ១ បានចំណាយថវិកាសរុបចំនួន ២៤៧ លានដុល្លារ ដោយក្នុងចំនួននេះរាជរដ្ឋាភិបាល ចេញចំណាយតាមរយៈការមិនយកពន្ធទៅលើការនាំចូលអាករ គឺជាបន្ទុករបស់រដ្ឋ។ បន្ទាប់មកទីភ្នាក់ងារបារាំង AFD ផ្តល់ថវិកាចំនួន ៨៥ លានដុល្លារ ដែលនេះជាកម្ចីមានអត្រាការប្រាក់ទាប,ធនាគារវិនិយោគផ្តល់ឱ្យខ្ចីចំនួន ១០០ លានដុល្លារ,សហគមន៍អឺរ៉ុបផ្តល់ជាជំនួយឥតសំណង ១៥ លានដុល្លារ និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ៤៧ លានដុល្លារ។
លោកមានប្រសាសន៍ថា៖ «យើងបានប្រឹងប្រែងក្នុងការប្រមូលទុនពីគ្រប់ទិសទីដើម្បីសាងសង់រោងចក្រនេះដែលឥឡូវនេះយើងកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់នូវចំណុចទី១ (ជំហានទី១) បន្ទាប់មកជំហានទី២ និងជំហានទី៣ ដើម្បីផ្គត់ផ្គង់សម្រាប់ទីក្រុងភ្នំពេញ និងជាយទីក្រុងភ្នំពេញធ្លាក់ដល់តាខ្មៅទៀត»។
លោក ហ៊ុន សែន បានបន្តថា ៖«ខ្ញុំអាចនិយាយបានថា អតុល្យភាពរវាងតម្រូវការ និងការផ្គត់ផ្គង់ទឹកនៅតែមាន។ ដូច្នេះហើយបានជាយើងមានការចាំបាច់ ដើម្បីនឹងសាងសង់ជាបន្ត សម្រាប់បំពេញតម្រូវការ។ និយាយតាមត្រង់ ខ្ញុំមានការព្រួយបារម្ភ នាខែចូលឆ្នាំកន្លងទៅដែលកន្លែងដែលធ្លាប់មានទឹកក្លាយជាកន្លែងដែលខ្វះទឹក»។
ទោះជាបែបនេះក្តី លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ការបាត់តុល្យភាពរវាងសេចក្តីត្រូវការ និងការផ្គត់ផ្គង់នៅតែមានមែន ក៏ប៉ុន្តែនៅពេលផលិតបានរហូតដល់ទៅជាង ១ លានម៉ែត្រគុប ក្នុងមួយថ្ងៃ នោះការបាត់តុល្យភាពនេះនឹងបញ្ចប់បានផងដែរ។ បើតាមលោកនាយករដ្ឋមន្ត្រី នៅមុនពេលកសាងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ជំហានទី ១ គឺមានទឹកត្រឹមតែ ៦៤ ម៉ឺនម៉ែត្រគុប ក្នុងមួយថ្ងៃ ដោយគិតត្រឹមថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣។
ក្រោយដំណើរការរោងចក្រ ពោលចាប់ពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣ កម្រិតទឹកបានឡើងទៅដល់ជាង ៨០,៤ ម៉ឺនម៉ែត្រគុប ក្នុងមួយថ្ងៃ។
លោក ហ៊ុន សែន បានបញ្ជាក់ថា ៖ «ប៉ុន្តែចាប់ពីឆ្នាំ ២០២៤ ទៅ ការផលិតទឹកស្អាតនឹងកើនដល់ ៩៨,៧ ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ និងចាប់ពីខែមករា ឆ្នាំ ២០២៥ ទៅនឹងកើនដល់ ១,១៧ លាន ម៉ែត្រគុប។ ចន្លោះឆ្នាំ ២០២៥ ដល់ ២០៣០ ការផលិតទឹកស្អាត នឹងកើនដល់ ១,៨ លានម៉ែត្រគុប។ ដូច្នេះវាអាចដោះស្រាយបាននូវបញ្ហាអតុល្យភាពរវាងសេចក្តីត្រូវការនិងការផ្គត់ផ្គង់»។
នាឱកាសនោះដែរ លោក ចមប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានថ្លែងថា ការពន្យារពេលក្នុងការខួងដាក់បំពង់ខ្នាតធំជាប្រវត្តិសាស្ត្រទំហំ ២ ម ក្រោមបាតទន្លេសាប ដោយសារកត្តាបច្ចេកទេស នឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះ។
លោកបានគូសបញ្ជាក់ថា៖ «យើងខ្ញុំក៏សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចដ៏ត្រឹមត្រូវនិងទាន់ពេល អនុញ្ញាតឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានដាក់បំពង់មេនាំទឹកទំហំ ១ ៤០០មិល្លីម៉ែត្រ ប្រវែង៥៧០ម៉ែត្រ ឆ្លងកាត់ទន្លេសាប ដើម្បីឆ្លើយតបតម្រូវការផ្គត់ផ្គង់ទឹកស្អាតបន្ទាន់ចំពោះមុខ»។
លោក ចម ប្រសិទ្ធ បានបន្ថែមថា បច្ចុប្បន្នជាមួយនឹងការបំពេញបន្ថែមសមត្ថភាពថ្មីរបស់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១ ចំនួន ១៩ ម៉ឺន ៥ ពាន់ម៉ែត្រគុប ក្នុង ១ ថ្ងៃ បានរុញបញ្ជូនទឹកស្អាតទៅក្នុងក្រុងភ្នំពេញដែលធ្វើឱ្យសមត្ថភាពផលិតនិងការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកើនដល់ ៨៤ ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ។
លោកថា នៅឆ្នាំ ២០២៤ ខាងមុខ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិត ១៩ ម៉ឺន ៥ ពាន់ម៉ែត្រគុបក្នុងមួយថ្ងៃនឹងត្រូវសាងសង់ហើយរួចរាល់ដែលនឹងជួយបំពេញបន្ថែមទៀតសម្រាប់តម្រូវការប្រើប្រាស់ទឹកស្អាត របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។«លក្ខខណ្ឌអំណោយផលនៃសុខភាពសាធារណៈ និងសុខសន្តិភាពក៏បានផ្ដល់លទ្ធភាពឱ្យការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី២ អាចនឹងបញ្ចប់ទៅនៅខែមករា ឆ្នាំ ២០២៤ ខាងមុខក្នុងសមត្ថភាពផលិតទឹកស្អាត ១៩ ម៉ឺន ៥ ពាន់ម៉ែត្រគុបក្នុងមួយថ្ងៃ ប៉ុនគ្នា នឹងរោងចក្រផលិតទឹកស្អាតជំហានទី១»។
លោក ចម ប្រសិទ្ធ បានបន្តថា៖ «ហេតុដូច្នេះ សរុបសមត្ថភាពរបស់រោងចក្រផលិតទឹកស្អាតបាក់ខែងទាំង ២ ជំហាន មានដល់ ៣៩ ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ។ នេះជាសមត្ថភាពដ៏ធំមហិមាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រនៃការកសាងរោងចក្រផលិតទឹកស្អាតនៅប្រទេសកម្ពុជាយើង»។
សូមជម្រាបថា ផ្នែកហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសំខាន់ៗ នៅរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ជំហានទី១ ដែលត្រូវបានធ្វើការសាងសង់រួមមាន៖ ស្ថានីយបូមទឹកឆៅ, ប្រព័ន្ធប្រព្រឹត្តិកម្មទឹក, ប្រព័ន្ធពន្លឺព្រះអាទិត្យ, បំពង់មេនាំទឹក និងបំពងចែកចាយទឹក៕