ភ្នំពេញៈ ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ បានប្រកាសច្រានចោលទាំងស្រុងចំពោះការលើកឡើងតែ ១ ជ្រុងរបស់លោក Volker Turk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលរិះគន់ស្ថានភាពនយោបាយនៅកម្ពុជានៅមុនការបោះឆ្នោតជាតិនៅខែកក្កដា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មកម្ពុជាប្រចាំ UN នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ បានឱ្យដឹងថា ការច្រានចោលនេះធ្វើឡើងក្រោយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សចេញសេចក្តីថ្លែងការណ៍អំពាវនាវកាលពីថ្ងៃទី ១៦ ខែមិថុនា ឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការបន្ទាន់ដើម្បីបើកលម្ហសិទ្ធិពលរដ្ឋ និងបរិយាកាសអំណោយផលដល់ការបោះឆ្នោតជាតិដោយសេរី និងយុត្តិធម៌ នៅខែកក្កដា។
សេចក្តីប្រកាសព័ត៌មានបានអះអាងថា ការលើកឡើងរបស់លោក Volker Turk គឺតែ ១ ជ្រុង និងបានបដិសេធនូវស្ថានភាពលម្ហសិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជានៅមុនការបោះឆ្នោតពិតប្រាកដ។ ខណៈរដ្ឋាភិបាលកម្ពុជាបានសម្រួលដល់អង្គការសង្គមស៊ីវិលប្រមាណ ៦ ពាន់ស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយប្រមាណ ២ ពាន់ស្ថាប័ន បន្តការងារក្នុងន័យអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស លើកកម្ពស់សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្ស។
តំណាងកម្ពុជាប្រចាំ UN បន្តថា៖ «គណបក្សនយោបាយចំនួន ១៨ បានចុះឈ្មោះបោះឆ្នោតនៅខែកក្កដា ខាងមុខ ដែលបានឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដអំពីចរិតលក្ខណៈប្រជាធិបតេយ្យ និងពហុបក្សរបស់កម្ពុជា ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
ប្រភពដដែល គូសបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រើប្រាស់ស្តង់ដាតែ ១ សម្រាប់រាល់គណបក្ស ហើយគណបក្សភ្លើងទៀនមិនមែនជាគណបក្សតែ ១ ដែលអវត្តមានដោយសារការពុំបានបំពេញកាតព្វកិច្ចដាក់ឯកសារនោះទេ តែគណបក្សមហាសាមគ្គីជាតិខ្មែរ ក៏ដូចគ្នា ដែលអវត្តមាន គណបក្សនយោបាយ ២ នេះ មិនបានរាំងស្ទះដល់ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សឡើយ។
តំណាងកម្ពុជាក៏បានច្រានចោលការលើកឡើងរបស់ឧត្តមស្នងការសិទ្ធិមនុស្ស UN ថា កម្ពុជាអនុវត្តច្បាប់រឹតត្បិតសេរីភាពរបស់ក្រុមណាមួយដែលជាការមាក់ងាយនីតិរដ្ឋកម្ពុជា ព្រោះការអនុវត្តច្បាប់កន្លងមក ផ្អែកលើបទល្មើសរបស់បុគ្គលម្នាក់ៗប្រព្រឹត្តដែលមានចែងក្នុងច្បាប់ ហើយមិនផ្អែកថា បុគ្គលនោះស្ថិតនៅក្រុមណា? គណបក្សនយោបាយណា? សហជីពការងារណា? ឬអង្គការសិទ្ធិណានោះទេ?។
យោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣ បានឱ្យដឹងថា លោក Volker Turk ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបើកលម្ហសិទ្ធិពលរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលលោកសម្តែងការព្រួយបារម្ភថា លម្ហសិទ្ធិទាំងនេះកំពុងរួមតូចចំពោះការបោះឆ្នោតជាតិ ខែកក្កដា។
លោកបានរិះគន់លើការអនុវត្តច្បាប់ដែលមានចរិតរឹតត្បិតសង្គមស៊ីវិល សកម្មជននិងអ្នកនយោបាយបក្សប្រឆាំង ជាពិសេសលើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត។
លោក VolkerTurk ថ្លែងថា៖ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ គឺជាអ្នកធានាសន្តិភាព វិបុលភាព និងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់ឱ្យដឹងថា ការលើកឡើងរបស់ឧត្តមស្នងការសិទ្ធិមនុស្សរបស់ UN បានផ្អែកលើព័ត៌មានតែ ១ ជ្រុង ពិសេសការទទួលបានព័ត៌មានតែពីគណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយការសន្និដ្ឋានទៀតសោតតាមរយៈរូបភាពខាងក្រៅ ដោយមិនបានពិនិត្យអង្គហេតុ និងអង្គច្បាប់ដែលមានជាធរមាននៅកម្ពុជា។
លោកបានថ្លែងថា៖ «ការសន្និដ្ឋានរបស់គាត់ គឺមិនត្រឹមត្រូវទេក្នុងរូបភាពសិទ្ធិមនុស្ស គាត់គួរតែមើលថា ហេតុផលអ្វីដែលនាំឱ្យមានវិធានការច្បាប់ ការអនុវត្តច្បាប់ចំពោះសកម្មជន និងគណបក្សនយោបាយទាំងនោះ ដែលសកម្មជន និងគណបក្សនយោបាយទាំងនោះបានប្រព្រឹត្តអ្វីខ្លះ ដែលច្បាប់បានបញ្ញត្តថា ជាបទល្មើស»។
លោក ជិន ម៉ាលីន ថ្លែងថា ការអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺមិនបានរួមតូចដូចការចោទប្រកាន់ឡើយជាទូទៅ ប៉ុន្តែវាអាចរួមតូចសម្រាប់ជនណាដែលប្រព្រឹត្តបទល្មើស៕