ព្រះសីហនុៈ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រៀបបានជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិ និងជាសសរកន្លោង ដើរតួនាទីសំខាន់ក្នុងការរុញច្រានការអភិវឌ្ឍប្រទេសកម្ពុជា ព្រោះជាច្រកពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា តាមរយៈការនាំចេញនាំចូល។
ការលើកឡើងរបស់លោករដ្ឋមន្ត្រីបរិស្ថានបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃចុងសប្តាហ៍។ នេះបើយោងតាមគេហទំព័រ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ។ ប្រភពដដែលបានលើកឡើងថា លោកសាយ សំអាល់ ក៏បានឆ្លៀតកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលសម្រេចបានលទ្ធផលដ៏ប្រសើរ សម្រាប់រុញច្រានសេដ្ឋកិច្ចកម្ពុជា ដែលលោកថា ជាការជួយរក្សាលំនឹង និងខឿនសេដ្ឋកិច្ចជាតិឱ្យរីកលូតលាស់ទៅមុខ។
លោកសង្កត់ធ្ងន់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាអង្គភាពមួយ ដែលបាននិងកំពុងប្រែក្លាយខ្លួន ទៅជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំមួយនៃកម្ពុជា ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាមរតកប្រវត្តិសាស្ត្រ និងជាកេរដំណែលបន្សល់ទុក សម្រាប់កូនចៅជំនាន់ក្រោយ បន្ទាប់ពីប្រទេសជាតិមានសុខសន្ដិភាព និងស្ថិរភាពនយោបាយពេញលេញ។
លោក សាយ សំអាល់ បន្ថែមថា៖ «ក្រោមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកដឹកនាំរដ្ឋាភិបាលក៏បាននាំមកនូវការរីកចម្រើនមកដល់ខេត្តព្រះសីហនុផងដែរក្នុងនោះមានដូចជា បណ្តាញផ្លូវគមនាគមន៍ ព្រលានយន្តហោះ តំបន់ទេសចរណ៍ និងសន្តិសុខសណ្តាប់ធ្នាប់ជាដើមពិសេសនិងបានប្រែក្លាយខេត្តនេះជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងផងដែរ»។
លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានថ្លែងនៅថ្ងៃទី ១៩ ខែមិថុនាថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ពិតជាច្រកនាំចេញនាំចូលសំខាន់ពាក់ព័ន្ធមុខទំនិញនានារបស់កម្ពុជា ពិសេសលើការនាំចេញ ដោយសារនៅកម្ពុជាមានកំពង់ផែទឹកជ្រៅនេះតែ ១ គត់ ហើយកម្ពុជាប្រើប្រាស់ច្រករបស់ប្រទេសវៀតណាមមួយទៀតសម្រាប់ការនាំចេញ។
លោកនិយាយថា៖ «ច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះសំខាន់ណាស់ ព្រោះយើងគ្មានច្រកណាច្រើនទេ ដូច្នេះ រដ្ឋាភិបាលកំពុងសិក្សាលើគម្រោងជីកព្រែកទៅសមុទ្របន្ថែម។ បញ្ហាប្រឈមរបស់យើងកន្លងមកនោះគឺ តម្លៃលើការដឹកជញ្ជូនរបស់យើង បើធៀបជាមួយប្រទេសជិតខាង នៅមានតម្លៃថ្លៃនៅឡើយ ដែលបញ្ហានេះក៏ដោយសារកង្វះខាតបណ្តាញតភ្ជាប់នៅក្នុងស្រុក»។
ទោះយ៉ាងណា លោក ង៉ែត ជូ សង្ឃឹមថា រដ្ឋាភិបាលនឹងពង្រឹងបណ្តាញតភ្ជាប់ ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើដល់វិស័យដឹកជញ្ជូនបន្ថែមទៀត តួយ៉ាងផ្លូវដែកជាដើម បូកផ្សំនឹងគម្រោងជីកព្រែកហ្វូណនតេជោ ជាមួយទំនើបកម្មកំពង់ផែក្រុងសីហនុដែលនឹងជួយរុញច្រានលើកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀតពិសេសការនាំចេញនាំចូល។
សម្រាប់លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្ពុជា និងជាអ្នកជំនាញផ្នែកឡូជីស្ទិក ក៏បានឱ្យដឹងដែរថា នៅកម្ពុជាមានកំពង់ផែអន្តរជាតិធំ ២ មួយគឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកប្រៃ និងកំពង់ផែទឹកសាបនៅរាជធានីភ្នំពេញ បូករួមកំពង់ផែតូចៗផ្សេងទៀតបានបម្រើដល់វិស័យដឹកជញ្ជូនការនាំចេញនាំចូល។ លោកថា កំពង់ផែស្វយ័តក្រុងព្រះសីហនុបម្រើដល់ការនាំចេញនាំចូលប្រមាណ ៧០% របស់កម្ពុជា ដែលជាច្រកពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់។
លោកបានប្រាប់ថា៖ «រដ្ឋាភិបាលក៏ដូចជាអ្នកវិនិយោគកំពុងគិតគូរពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះទៅជាផែទឹកជ្រៅសម្រាប់កប៉ាល់ធំៗអាចចរាចរណ៍បាន ដោយសារបច្ចុប្បន្ន យើងនៅប្រើកប៉ាល់តូចៗនៅឡើយ ហើយបើយើងចង់នាំទំនិញទៅប្រទេសឆ្ងាយៗយើងត្រូវការកប៉ាល់នៅផែប្រទេសផ្សេងៗដូចនៅប្រទេសសិង្ហបុរី វៀតណាម ឬហុងកុងជាដើម»៕