មណ្ឌលគិរីៈ អង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia សហការជាមួយ USAID MorodokBaitang-មរតកបៃតងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងរដ្ឋបាលស្រុកកែវសីមា បានដាំកូនឈើ ៣ ពាន់ដើម ដើម្បីស្តារព្រៃឈើឡើងវិញនៅតំបន់ដីព្រៃអារក្ស (ភ្នំមេង៉ាវ) ក្នុងដែនជម្រកសត្វព្រៃកែវសីមាក្នុងភូមិអូររណាឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ១៩ ខែមិថុនា។


លោកសានគឹមអ៊ាបអភិបាលស្រុកកែវសីមា បានឱ្យដឹងនៅថ្ងៃទី២០ ខែមិថុនាថា តាមរយៈការឧបត្ថម្ភថវិកាពីUSAIDមរតកបៃតងនិងគម្រោងរេដបូកកែវសីមាដំណើរការដាំស្តារដីព្រៃឡើងវិញនៅក្នុងភូមិអូរណាប្រមាណ៣០០០ដើមនេះ ធ្វើនៅលើដីចំនួនជាង៤ហិកតាជាមួយកូនឈើប្រណីតមានដូចជា ដើមបេង គគីរ ឈើទាលជាដើម ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមាអាជ្ញារឃុំភូមិ សហគមន៍លោកគ្រូ-អ្នកគ្រូនិងសិស្សានុសិស្សក្រោមកិច្ចសម្របសម្រួលពីអង្គការWCSនិងUSAIDមរតកបៃតង។

លោកថ្លែងថា៖«កន្លែងហ្នឹងមានការកាប់បំផ្លាញ ហើយវារេចរឹល អ៊ីចឹងយើងដាំដើម្បីបំពេញអ្វីដែលវារេចរឹលហើយឡើងវិញ ហើយការដាំនេះយើងមិនមែនដាំតែ១កន្លែងទេ យើងមានផែនការដាំច្រើនទៀតនារដូវវស្សានេះសម្រាប់តំបន់មួយចំនួន ដែលប្រជាជនចូលកាប់រានទន្ទ្រានក្នុងដែនជម្រក ហើយវាអស់ព្រៃឈើ យើងនឹងដាំស្តារឡើងវិញទាំងអស់នៅថ្ងៃមុខនេះយើងនឹងដាំ ៥ពាន់ដើមទៀត»។


លោកអភិបាលស្រុកកែវសីមា បានឱ្យដឹងថា ក្នុងពេលចូលរួមកម្មវិធីដាំកូនឈើនោះលោកបានផ្តាំផ្ញើដល់ប្រជាជនទាំងអស់ដែលចូលរួម ជាពិសេសសិស្សានុសិស្ស ចូលរួមថែរក្សាកូនឈើដែលបានដាំនោះទាំងអស់គ្នា ព្រោះពួកគេអាចនៅមានពេលវេលាច្រើនក្នុងការបន្តវេនថែរក្សាដើមឈើទាំងនោះ។

លោកថ្លែងថា៖«ដែលសំខាន់នោះគឺខ្ញុំបានផ្តល់នូវ៣ចំណុចជូនគាត់ទាំងអស់គ្នាពិចារណាថា ក្នុង១ជីវិតមនុស្ស ទី១ ត្រូវដាំកូនឈើឱ្យបាន១ដើម ទី២ត្រូវបង្កើតកូនឱ្យបាន ១នាក់ ទី៣ ត្រូវនិពន្ធសៀវភៅឱ្យបាន១ក្បាល ដើម្បីទុកជាកេរមរតក មុននឹងយើងបាត់បង់ជីវិតទៅ»។


អ្នកស្រី ខន ផល្លា អ្នកអនុវត្តន៍គម្រោងរ៉េដបូកកែវសីមា ខេត្តមណ្ឌលគិរី បានថ្លែងថា ការដាំស្តារកូនឈើឡើងវិញនេះជារឿងសំខាន់ មិនតែប៉ុណ្នោះត្រូវតែចូលរួមទាំងអស់គ្នាដើម្បីរក្សាព្រៃឈើឱ្យនៅបានគង់វង្សយូរអង្វែង ប្រយោជន៍សម្រាប់ការរស់នៅ ការទទួលផលពីព្រៃឈើ និងឱ្យអ្នកជំនាន់ក្រោយបានដឹងបានស្គាល់ប្រភេទពូជឈើប្រណីតៗ ដែលកម្ពុជាមាន។

តាមគេហទំព័រហ្វេសប៊ុក គម្រោងរ៉េដបូកកែវសីមា បង្ហោះនៅយប់ថ្ងៃទី ១៩ ខែមិថុនា បានឱ្យដឹងថា ដែនជម្រកសត្វព្រៃកែវសីមាសម្បូរទៅដោយធនធានធម្មជាតិដ៏ល្អប្រពៃមានព្រៃឈើសត្វព្រៃនិងតំបន់ទេសចរណ៍ជាច្រើនកន្លែងដែលបានជួយសម្រួលដល់ការរស់នៅនិងលើកកម្ពស់សុខុមាលភាពរបស់ប្រជាសហគមន៍ក្នុងតំបន់ជាពិសេសជនជាតិដើមភាគតិចព្នងដែលរស់នៅពឹងអាស្រ័យលើធនធានធម្មជាតិដូចជាមច្ឆជាតិផលនិងអនុផលព្រៃឈើអស់រយៈពេលជាច្រើនជំនាន់មកហើយសម្រាប់ជាអាហារជម្រកនិងជំនឿសាសនា។

ប៉ុន្តែដោយកំណើនប្រជាជននិងតម្រូវការដីក្នុងការធ្វើកសិកម្មមានការកើនឡើងគួរឱ្យកត់សម្គាល់ដីព្រៃមួយចំនួនត្រូវបានកាប់រានដើម្បីយកដីធ្វើកសិកម្មដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់គម្របព្រៃឈើនឹងជីវចម្រុះនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។

ហ្វេសប៊ុកនោះសរសេរថា៖«គម្រោងរ៉េដបូកកែវសីមាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លីនេះហើយបានដកហូតដីនេះមកជាដីព្រៃអារក្សសម្រាប់សហគមន៍ជនជាតិដើមភាគតិចក្នុងការគោរពបូជានឹងថែរក្សាតាមទំនៀមទម្លាប់ប្រពៃណីវិញ»៕