ភ្នំពេញ ៈ ប្រតិភូ​កាយរឹទ្ធិ​ជាតិ​កម្ពុជា​ចំនួន ​៤៧​ នាក់ នឹង​ត្រៀម​ចូលរួម​កម្មវិធី​បោះជំរំ​កាយ​រឹ​ទិ្ធ​ពិភពលោក​លើក​ទី​២៥ (25th World Scout Jamboree) ​នៅ​សាធារណរដ្ឋ​កូរ៉េ នា​ដើមខែ​សីហា ឆ្នាំ ​២០២៣ ខាងមុខ ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង និង​សិក្សា​រៀនសូត្រ​ជំនាញ​ថ្មីៗ​ពី​កាយរឹទ្ធិ​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​ពិភព​លោក​។​


​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹង​នៅ​ថ្ងៃទី​ ២០ ខែមិថុនា ថា ប្រតិភូ​កាយ​រឹ​ទិ្ធ​ជាតិ​កម្ពុជា​ទាំង​ ៤៧​ នាក់​នេះ នៅ​រាជធានី​ភ្នំពេញ​ចំនួន ១៩ ​នាក់ ខេត្តកំពង់ចាម​ ១៨ ​នាក់ ខេត្តកណ្តាល ៨​ នាក់ ខេត្តកំពង់ធំ ១​ នាក់ និង​ខេត្តព្រៃវែង ចំនួន ​១​ នាក់ ដែល​ពួកគេ​នឹងត្រូវ​ចូលរួម​កម្មវិធី​បោះជំរំ​កាយរឹទ្ធិ​ពិភព​លោក​លើក​ទី ២៥ ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី ​១២ ខែសីហា ឆ្នាំ​ ២០២៣ នៅ​សាធារណរដ្ឋ​កូរ៉េ​។​

​តាមរយៈ​ក្រសួង​អប់រំ លោកស្រី ពេ​ជ ចន្ទ​មុន្នី អគ្គស្នងការ​នៃ​សមាគម​កាយរឹទ្ធិ​នារី​កម្ពុជា បាន​ថ្លែងថា ការ​បោះជំរំ​ពិភពលោក​នេះ ហៅថា ការ​បោះជំរំ ជែ​ម​ប៊ូ​រី ដែល​ការ​បោះជំរំ​នេះ ធ្វើឡើង​សម្រាប់​ក្មេង​ជំទង់ អាយុ​ពី​ ១៤ ទៅ ១៧ ​ឆ្នាំ​។


​លោកស្រី​ក៏បានផ្តល់​ចំណេះដឹង​បន្ថែម​លើ​ចលនា​កាយ​រឹ​ទិ្ធ​ពិភពលោក និង​ចែករំលែក​នូវ​អនុសាសន៍​ល្អៗ​ដល់​យុវជន​កាយ​រឹ​ទិ្ធ​ទាំងអស់​ផងដែរ ដោយ​ត្រូវ​ចេះ​មាន​សាមគ្គីភាព ការ​នាំយក​វប្បធម៌​កម្ពុជា ប្រាប់​ដល់​មិត្ត​ភ​កិ្ត​បរទេស ចាំ​ស្តាប់បង្គាប់​គ្រូដឹកនាំ បង្កើត​បណ្តាញ​ទំនាក់ទំនង និង​សិក្សា​ជំនាញ​ថ្មីៗ ពី​ការរៀបចំ​ជំរំ និង​បំ​ណិ​ន​កាយ​​រឹ​ទិ្ធ​កម្ម​ផ្សេងៗ​។

​លោកស្រី ពេ​ជ ចន្ទ​មុន្នី បញ្ជាក់ថា​៖ «​ការបោះ​ជំរំ​នេះ​ពិតជា​មាន​សារៈ​​សំខាន់​ណាស់​សម្រាប់​ក្មួយៗ ជាពិសេស​បាន​ផ្លាស់ប្តូរ​បទពិសោធន៍​ឱ្យ​គ្នា​ទៅវិញទៅមក ដោយ​បេសកកម្ម​នេះ គឺមាន​គោលបំណង អភិវឌ្ឍ និង​ផ្តល់​ថាមពល​ដល់​យុវជន​ទាំងអស់ ដើម្បី​ក្លាយជា​សសរទ្រូង សម្រាប់​ប្រទេសជាតិ​នៅ​ថ្ងៃក្រោយ​»​។​


​ជុំវិញ​រឿងនេះ លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​បាន​ថ្លែងថា វា​ជា​រឿង​មួយ​ដ៏​ល្អ​ដែល​ក្រុម​កាយ​រឹ​ទិ្ធ​ជាតិ​កម្ពុជា បាន​ទៅ​ចូលរួម​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ ដែល​កម្មវិធី​នេះ​ជាការ​ចែករំលែក​បទពិសោធ​ន៍​គ្នា​ទៅវិញទៅមក និង​ជាការ​មាន​ទំនាក់ទំនង​ជាមួយគ្នា​កាន់​តែ​ស្អិតរ​មួ​ត​ក្នុងការ​ចែករំលែក​ចំណេះដឹង​ក៏ដូចជា​ការរៀន​សូត្រ​ពីគ្នា​ទៅវិញទៅមក​។

​លោក យង់ គិ​ម​អេង​ និយាយថា​៖ «​កម្មវិធី​បោះជំរំ​កាយរឹទ្ធិ​ពិភពលោក​នេះ នឹងធ្វើ​ឱ្យ​កាយ​​រឹទ្ធិ​កម្ពុជា បាន​ជួប​ជាមួយ​កាយ​រឹទ្ធិ​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក ដែលជា​ឱកាស​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការរៀន​សូត្រ​ពី​គេ ដើម្បីឱ្យ​ក្លាយជា​កាយរឹទ្ធិ​អាចជួយ​មនុស្ស​គ្រប់គ្នា និង​អាច​ចៀសវាង​បាន​ពី​ឥទ្ធិពល​នយោបាយ​នានា​ដែល​ធ្វើឱ្យ​ប្រឡូកប្រឡាក់​ទៅដល់​គោលការណ៍​របស់​កាយរឹទ្ធិ​»​។​

​លោក​បន្ថែមថា ទាំងអស់នេះ​ជាគោលការណ៍​សំខាន់​ដែល​កាយរឹទ្ធិ​កម្ពុជា ត្រូវតែ​រៀន​សូត្រ ជាពិសេស​លោក​ក៏​សង្ឃឹមថា កាយរឹទ្ធិ​កម្ពុជា នឹង​បាន​ផ្លាស់​ប្ដូរ​ចំណេះដឹង​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ នៅក្នុង​ពិភព​លោក​កាន់តែ​ទូលំទូលាយ​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​ ២០១៩ ​កន្លងទៅ គណៈប្រតិភូ​កាយ​រឹ​ទិ្ធ​ជាតិ​កម្ពុជា ក៏បាន​ចូលរួម​ការបោះ​ជំរំ​កាយ​រឹ​ទិ្ធ​ពិភពលោក​លើក​ទី​២៤ (24th World Scouts Jamboree)​ ផងដែរ​នៅ​រដ្ឋ​វើ​ជី​នៀ​ខាងលិច​សហរដ្ឋ​​អាមេរិក​៕