ភ្នំពេញៈ កម្ពុជា​លើកឡើងថា កិច្ចពិភាក្សា​ក្រៅផ្លូវការ ស្តីពី​បញ្ហា​មី​យ៉ាន់​ម៉ា នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី ​១៩ ខែមិថុនា បង្កើតជា​លម្ហ​ការទូត​ដល់​ភាគី​ពាក់ព័ន្ធ ដើម្បី​ចាប់ផ្តើម​កិច្ចសន្ទនា សំដៅ​ឆ្ពោះទៅរក​ដំណោះស្រាយ​បញ្ហានយោបាយ​ដែលជា​កម្មសិទ្ធិ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​។​


​កិច្ចពិភាក្សា​ក្រៅផ្លូវការ​នេះ​មិន​ស្ថិតក្នុង​ក្របខ័ណ្ឌ​អាស៊ាន​នោះទេ ប៉ុន្តែ​មាន​គោលបំណង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹង​​ប្រែង​របស់​អាស៊ាន ក្នុងការ​ដោះស្រាយ​ស្ថានការណ៍​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​ លោក គង់ ភោគ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ​បាន​ចូលរួម​ថ្លែង​បទ​អន្ត​រាគ​មន៍​ក្នុង​វេទិកា​នេះ​។​

​លោក អាន សុខ​ខឿន អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ប្រាប់​អ្នក​សារព័ត៌មាន​នា​ថ្ងៃទី ​២០ ខែមិថុនា ថា លោក​ គង់ ភោគ បាន​សង្កត់ធ្ងន់ថា ការ​ចូលរួម​របស់​ភាគី​ពាក់ព័ន្ធ រួមទាំង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ឬ​កុង​សង់​ស៊ី​ ៥​ ចំណុច របស់​ថ្នាក់ដឹកនាំ​អាស៊ាន ​(5PC)​ នៅក្នុង​កិច្ចពិភាក្សា​នេះ គឺជា​គន្លឹះ​នៃ​វិធាន​ការកសាង​ទំនុកចិត្ត​។​


​បើតាម​លោក អាន សុខ​ខឿន លោក គង់ ភោគ បាន​សង្កត់ធ្ងន់ថា​៖ «​ការផ្លាស់​​ប្តូរ​យោបល់​ក្នុង​វេទិកា​នេះ​រួមចំណែក​បង្កើតជា​លម្ហ​ការទូត​សម្រាប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ចាប់ផ្តើម​កិច្ចសន្ទនា សំដៅ​ឆ្ពោះទៅរក​ដំណោះស្រាយ​នយោបាយ ដែល​ត្រូវ​ដឹកនាំ​ដោយ​មី​យ៉ាន់​ម៉ា និង​ជា​កម្មសិទ្ធិ​របស់​មី​យ៉ាន់​ម៉ា​»​។

​លោក គង់ ភោគ ក៏បាន​លើកឡើងថា កិច្ចពិភាក្សា​ក្រៅផ្លូវការ​នេះ​ឆ្លុះបញ្ចាំង​អំពី​ការអនុវត្ត​នូវ​ការវាយតម្លៃ និង​សេចក្តីសម្រេចចិត្ត​ ១៥ ​ចំណុច​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​ស្តីពី ការអនុវត្ត​កុងសង់ស៊ីស​ ៥ ​ចំណុច ដែល​បានអនុម័ត​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ​៤០ និង ៤១ នៅ​ទីក្រុង ភ្នំពេញ កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២២ ដើម្បី​ជំរុញ​បន្ថែមទៀត​ក្នុងការ​អនុវត្តកុងសង់ស៊ីស ​៥ ​ចំណុច​។


​លោក គង់ ភោគ បាន​គូស​បញ្ជាក់ទៀតថា ចំណុច​ទី​១៤ នៃ​ការវាយតម្លៃ និងសេចក្តីសម្រេច​ចិត្ត​នេះ​បានចែង​ពី​ការស្វែងរក​វិធីសាស្ត្រ​ផ្សេងៗ សំដៅ​ចូលរួម​បំពេញបន្ថែម ឬ​ជំរុញឱ្យមាន​ការអនុវត្ត​ដោយ​ពេញលេញ មាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស​នូវ​កុង​សង់​​ស៊ី​ស​ ៥​ ចំណុច​នេះ​៕