បាត់ដំបងៈ​ រដ្ឋបាលខេត្ត​បាត់​ដំបង បាន​ច្រានចោល​ចំពោះ​ការ​ចោទប្រកាន់​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​មាតា​ធម្មជាតិ​កម្ពុជា​»​ ដែល​បាន​លើកឡើងថា ដី​មាត់​ស្ទឹង​សង្កែ​ដែលជា​ស្ទឹង​ប្រវត្តិ​​សាស្ត្រ​របស់​ប្រទេស​កម្ពុជា កំពុង​ត្រូវបាន​រំលោភបំពាន​ដោយ​អ្នក​មាន​លុយ មានអំណាច​ដោយបាន​ចាក់ដី​រំលោភ​ចូល​ស្ទឹង​ដោយ​ចាត់ទុកថា ជា​ព័ត៌មាន​បែប​ញុះញង់ និង​បំភ្លៃ​ការពិត​។​


​ការច្រានចោល​នេះ បន្ទាប់ពី​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​មាតា​ធម្មជាតិ​កម្ពុជា​ (Mother Nature Cambodia)» ​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃទី​ ១៩ ខែមិថុនាថា ស្ទឹង​សង្កែ​ដែលជា​ស្ទឹង​ប្រវត្តិ​សាស្ត្រ​មួយ​របស់​ប្រទេស​កម្ពុជា​កំពុង​ត្រូវបាន​រំលោភបំពាន​ដោយ​អ្នកមាន​លុយ មានអំណាច​ចាក់ដី​រំលោភ​ចូល​ស្ទឹង​សង្កែ និង​ការ​សាងសង់​សំណង់​រឹង​នៅលើ​ដី​នោះ ហើយ​មន្ត្រី​មូលដ្ឋាន ហាក់​មិន​អើពើ​នឹង​ការរំលោភបំពាន​ទាល់តែសោះ​។​

​ជុំវិញ​ការចោទប្រកាន់​នេះ រដ្ឋ​​បាល​ខេត្តបាត់ដំបង បានចេញ​សេចក្តីបំភ្លឺ​ព័ត៌មាន​ចុះ​ថ្ងៃទី​ ២០ ខែមិថុនា​ដោយ​បញ្ជាក់ថា ករណី​ចោទប្រកាន់​នេះ ជា​ព័ត៌មាន​បែប​ញុះញង់ បំភាន់ បំភ្លៃ​ការពិត​ ក្នុង​គោលបំណង​មាន​ចេតនា​ទុច្ចរិត​វាយប្រហារ​មកលើ​អាជ្ញា​​ធរ​ក្នុង​ផ្លូវ​នយោបាយ ខណៈ​កម្ពុជា​កាន់តែ​កៀក​ឈានទៅរក​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ​ខាងមុខ​។​


​រដ្ឋបាលខេត្ត​បាត់ដំបង​បំភ្លឺថា​៖ «​ក្រុមការងារ​រដ្ឋបាល​ខេត្ត​រដ្ឋបាល​ស្រុក​សង្កែ និង​មន្ទីរ​អង្គ​ភាព​ជំនាញ​បាន​ចុះទៅ​ត្រួតពិនិត្យ ដោយផ្ទាល់​ជាក់ស្ដែង​នៅ​នឹង​ទីតាំង​ការដ្ឋាន​ដោយ​ពិនិត្យឃើញថា ម្ចាស់​ដី​ឈ្មោះ​ចៅ​ម៉ា​ដូ​នេត្រ នៅ​ភូមិ​បោះ​ពោធិ៍​បាន​សាង​សង់​អគារ​នៅ​លើដី​របស់ខ្លួន​ស្របតាម​ប្លង់​កម្មសិទ្ធិ (​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​) មិន​ប៉ះពាល់​ដី​ចំណី​ស្ទឹង​សង្កែ​ទេ និង​បាន​ចាក់​បេតុង​សាងសង់​ច្រាំង​ស្ទឹង​ទៅតាម​លំនាំ​ច្រាំង​ចាស់ មិនមាន​ការរំលោភ​យ​ក​ស្ទឹង​ដូច​ការចោទប្រកាន់​នោះទេ​»៕