ភ្នំពេញ: លោក លឹម អា​ឡិន ជា​​អ្នក​មាន​ចិត្ត​ស្រឡាញ់ បានចាប់ផ្ដើម​បេសកកម្ម​ដ៏​មាន​មហិច្ឆតា ដើម្បី​អភិរក្ស និង​បង្ហាញ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​សម្រាប់​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ ដើម្បី​ស្វែង​រក​ព័ត៌មាន​ផ្សេងៗ​នៅកន្លែង​តែមួយ​​។​


​លោកបាន​បង្កើត «ប៊ីយ៉នអង្គរ» Beyond Angkor (www.beyondangkor.org) ​ជា​គេហទំព័រ​ដំបូងបង្អស់​ដែល​ចងក្រង​ឯកសារ និង​ផែនទី​នៃ​ទីតាំង​បុរាណឋាន​​ជាង ១៣ ០០០ នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​ដីគោក​។​

​លោក អាឡិន ដែល​ធ្វើការ​ជាទី​ប្រឹក្សា​ផ្នែក​ដំឡើង និង​បណ្តុះបណ្តាល​នៅ Genie solutions និង Software Support Technician បាន​និយាយថា៖«ខ្ញុំ​បាន​បើក​ដំណើរការ​គេហទំព័រ​នេះ​ ដោយសារតែ​បទពិសោធ​ន៍នៃ​បញ្ហា​ពិបាក​ស្វែង​រក​ប្រភព​ព័ត៌មានអំពីទីតាំង​ប្រាសាទ​នីមួយៗ​»​។​


​បើ​យោងតាម​គេហទំព័រប៊ីយ៉នអង្គរបាន​បង្ហាញ​ថា នៅក្នុង​ប្រទេស​កម្ពុជា ​តែមួយបញ្ជី​ដ៏​ទូលំទូលាយ​រួមមាន​ប្រាសាទ​ចំនួន ១១ ៥៩១​ ជា​សក្ខីភាព​នៃ​ភាព​អស្ចារ្យ និង​​អរិយធម៌​​ខ្មែរដ៏​រុងរឿង។ ​

Beyond Angkor បាន​កត់ត្រា​វត្តមាន​ប្រាសាទ និង​បុរាណឋាន​ខ្មែរ​ នៅ​ប្រទេសជិតខាងដោយ​ប្រទេស​ឡាវ​មាន​ប្រាសាទ​ចំនួន​ ២៣៦ ប្រទេស​ថៃ​ មានបុរាណឋាន​​ចំនួន ១ ១៥៤ និង​វៀតណាម​មាន​​ចំនួន ៣៧ ដែលនាំឱ្យ​ចំនួន​សរុប​ដែល​បាន​កត់ត្រា​ដោយប៊ីយ៉នអង្គរ ដល់​ទៅ ១៣ ០១៨ ​​ប្រាសាទ​។​


​លោក អាឡិន​ បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ថា៖ ​«​មាន​សៀវភៅ​ អត្ថបទ ផែនទី​ បុគ្គល ផែនទី Google គេហទំព័រជា​ច្រើន​ដែល​ចង​ក្រង​ពី​ប្រាសាទ​។​ ប៉ុន្តែ​ព័ត៌មាន​ទាំង​នោះ​មិន​នៅ​ផ្ដុំ​មួយ​ឯកសារ​ឡើយ​។ ​​ប៊ីយ៉នអង្គរ​មាន​គោលបំណង​បង្ហាញ​ពី​វិសាលភាព នៃ​​បុរាណឋាន​​ខ្មែរ​ ទៅកាន់​​​ពិភពលោក​នូវ​​ទីតាំង​ប្រវត្តិសាស្ត្រ​ទាំងអស់​ នៅក្នុង​អាស៊ីអាគ្នេយ៍​ដីគោក»​។​

​ការលើកទឹកចិត្ត​រប​ស់លោក អាឡិន ​ក្នុង​​ការបង្កើត​គេហទំព័រ​ប៊ីយ៉នអង្គរកើតចេញពី​ការខ្វះខាត​ព័ត៌មាន​ដែល​​ពិបាក​ស្វែង​រក​ និង​ផ្ដល់​នូវ​ព័ត៌មាន​ផ្ដុំ​​អំពី​​បុរាណ​ឋាន​ទាំង​អស់​​​។​

​លោកនិយាយថា គួរតែ​មាន​ការ​​ចងក្រង​ឯកសារ និង​ធ្វើ​កាតាឡុក ពី​ទីតាំង​ប្រវត្តិសាស្ត្រ​នានា​ដែល​ប្រាសាទ​​ភាគ​ច្រើន​នៅ​មិនទាន់មានចង​ក្រង​ និង​មាន​ហានិភ័យ​នៃ​ការបាត់​ខ្លួន​ដោយសារ​ការទន្ទ្រាន​យក​ដីស្រែ​ចម្ការ និង​គម្រោង​អភិវឌ្ឍន៍​។​

ថ្វដ្បិតតែ​ជាវេប​សាយ​ទើប​បង្កើត​​ថ្មី​ក៏ដោយ ប៊ីយ៉នអង្គរបានបង្ហាញ​គោលដៅ និង​រូបភាព​ទីតាំង​​ប្រាសាទ និង​បុរាណឋាន​​ជាច្រើន ​​​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់លោកអាឡិន និងម៉ាក​។​

លោក អាឡិន និយាយថា​៖ «​​គេហទំព័រ​នេះ ​ពិតជា​ថ្មី​ណាស់ ទើបតែ​មាន​អាយុ​ ២ ឆ្នាំ​កន្លះ​​ប៉ុណ្ណោះ ហើយ​មាតិកា​ភាគច្រើន​ត្រូវបាន​ផ្ទុក​ដោយ​ខ្លួន​ខ្ញុំ និង​ម៉ាក​។ ទោះជា​យ៉ាងណាក៏ដោយវេទិកា​នេះ​លើកទឹកចិត្ត​យ៉ាងសកម្ម​នូវ​ការ​ចូល​រួម​របស់​សហ​គម​ន៍ ដោយ​អញ្ជើញ​អ្នកប្រើប្រាស់​ឱ្យចូល​រួម​ចែករំលែក​ចំណេះដឹង និង​របកគំហើញ​រប​ស់​ពួកគេដើម្បី​បង្កើន​មូលដ្ឋាន​ទិន្នន័យ»​។​

​ការរួមចំណែកចែក​រំលែក​ព័ត៌មាន​​ទាំងអស់​ត្រូវបាន​ពិនិត្យ​ដើម្បី​រក្សា​ភាពត្រឹមត្រូវ និង​ធ្វើតាម​គំរូ​សហការ​ស្រដៀង​គ្នា​ទៅនឹង​វិ​គី​ភី​ឌា​ដ៏​ល្បីល្បាញ​។​

​លោក អាឡិន ​បាន​ទទួលស្គាល់ថា ប្រវត្តិសាស្ត្រ​ជាទូទៅគឺ​មិន​ដែលមាន​ភាពត្រឹមត្រូវ ១០០​ ភាគរយ​នោះទេព្រោះ​វា​មាន​ការ​ប៉ាន់ស្មានខ្លះៗ ​​ហើយ​ប្រវត្តិសាស្ត្រ​អាច​នឹង​ផ្លាស់ប្តូរ​ទៅ​តាម​​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​ថ្មីៗ​នៅក្នុង​បច្ចេកវិទ្យា​។​

​លោក​និយាយថា ទីតាំង​ភាគច្រើន​ដែល​ត្រូវបាន​ស្រាវជ្រាវ និង​ស្គាល់​យ៉ាង​ទូលំទូលាយគឺជា​ទីតាំង​បុរាណ​ឋាន​​សំខាន់ៗ និង​ទីក្រុង​បុរាណ​​។​

លោក​បាន​ឱ្យ​ដឹង​ថា​៖ «​យើង​ព្យាយាម​ផ្តល់ព័ត៌មាន​លម្អិត​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន អំពី​អ្វីដែល​អាច​រកឃើញ​នៅ​​​ប្រាសាទ​ដាច់ស្រយាលហើយ​ផ្អែកលើ​ចម្លាក់ ឬ​ថ្ម​ដែលមាន​ពីមុនមក​ដែល​អាចមាន​វត្តមាន​។ យើង​នឹង​ប្រៀបធៀប​ទៅនឹង​គេហ​ទំព័រ​ដែល​គេ​ស្គាល់​ផ្សេងទៀតហើយ​ព្យាយាម​កំណត់​រចនាប័ទ្ម​សិល្បៈ​និង​សតវត្សរ៍​ដែល​វា​ត្រូវបាន​សាងសង់ឡើង​ក្នុងនោះ​»​។​

ដោយ​សំដៅលើ​ប្រាសាទភ្នំដីនៅសល់​តែ​តួ​ប្រាសាទ​តូច​សង់​ពី​ឥដ្ឋដែលមាន​ទីតាំងនៅ​ស្រុក​អង្គរ​ធំខេត្ដ​សៀមរាប​ ត្រូវបាន​បង្ហោះ​ដោយ​ ប៊ីយ៉នអង្គរលោកសិទ្ធ​ សន បាន​ឱ្យ​ដឹង​ថា ប្រាសាទ​នេះ​ពិត​ជា​គួរ​ឱ្យ​អាណិតដែល​មិន​មាន​មនុស្ស​មក​ឆ្កា​រព្រៃ​​ សម្អាត​ និង​កប់​ដី​លិច​ដល់​ខ្លោង​ទ្វារ​។

​ទិន្នន័យ​របស់ ប៊ីយ៉នអង្គរក៏​យោងទៅតាម​​កំណត់ត្រា​ឯកសារ​បារាំង​ចាស់​ពី​សំណាក់​ក្រុម​អ្នករុករក​នៅ​ដើម​សតវត្សរ៍​ទី ២០​ក៏ដូចជា​ការ​បន្ថែម​ព័ត៌មាន​ពី​​គេហទំព័រ​មួយចំនួន​ផង​ដែរ​​។​

​ខណៈពេលដែលមាន​ទីតាំង​បុរាណ​ឋាន​​​ជាច្រើន​ក្នុង​​ទិន្នន័យប៊ីយ៉នអង្គរនៅតែ​គ្មាន​ឈ្មោះនិង​មិនមាន​ឯកសារការ​ពិពណ៌នា​​លម្អិត​​រួមទាំង​កូអរដោនេ និង​ផែនទី​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ស្វែងយល់ និងដឹង​ពី​​តម្លៃ​ប្រវត្តិសាស្ត្រ​នៃ​ទីតាំង​ដែល​មិនសូវ​រុករក​ទាំងនេះ​។​

លោក អាឡិន ​និង ម៉ាក ​ចងក្រង​ឯកសារ និង​គូស​វាសផែនទី​ទីតាំង​ទាំង​នោះព្រមទាំង​​​ផ្តល់ព័ត៌មាន​លម្អិត​​ពាក់ព័ន្ធ​ប្រាង្គ​ប្រាសាទ​​ខ្មែរក៏ដូចជា​បុរាណឋាន​ទាំង​​នៅក្នុង​ប្រទេស និង​ប្រទេស​ជិតខាង​។​

ស្ថាបនិក​ ប៊ីយ៉នអង្គរបាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍​ ទៀត​ថា​៖ «​​វា​នឹង​មិនមាន​បញ្ហា​​អំពី​ការ​បង្ហាញ​គោល​ដៅ​ប្រាសាទ​ខ្មែរ​ក្នុង​ទឹកដី​ប្រទេស​ជិត​ខាង​នោះទេដោយសារ​​​គេហទំព័រ​​​ឯកសារ​ស្រាវជ្រាវ​​ និង​​សៀវភៅ​កត់ត្រា​ដទៃ​ក៏​បាន​បង្ហាញ​ពី​ទីតាំង​បុរាណ​ខ្មែរ​ក្នុងប្រទេស​ទាំងនេះផង​ដែរ​​»​។​

​អ្វីដែល​ប៊ីយ៉នអង្គរកំពុង​ធ្វើ​ គឺ​ការ​​បង្ហាញ​វា​នៅលើផ្លេតហ្វម Wiki Media និង​គូស​ផែនទី​ទីតាំង​ទាំងនេះដើម្បី​​បង្កើន​​វិសាលភាព​ក្នុង​ការងាយ​ស្រួល​ស្វែង​រក​ប្រាសាទ​​និង​បុរាណឋាន​ខ្មែរទាំង​នោះ​​។​

លោក​ អាឡិន​ បាន​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​នៃ​ការ​មាន​ការងារ​ដ៏​ច្រើន​លើសលប់​សម្រាប់​គេហទំព័រ និង​គំនិត​ជាច្រើន​ដើម្បី​អនុវត្តខណៈពេលដែល​គាត់​ជា​អ្នកដោះស្រាយ​វា​ទាំងអស់​។​

​នៅពេលដែលប៊ីយ៉នអង្គរត្រូវបាន​បង្កើត​ឡើងជា​លើកដំបូង​នៅលើផ្លេតហ្វម Wiki Media នុង​ឆ្នាំ​ដំបូង​មានការ​ផ្លាស់ប្តូរ​ជាច្រើន​បានកើត​ឡើង​ចំពោះ​មូលដ្ឋាន​ទិន្នន័យដែល​​ធានាថា​វា​អាច​បង្ហាញនិង​ផ្ដល់​​ព័ត៌មានអំពី​ទីតាំង​​ រួមទាំង​រូបភាព​ និង​ផែនទី​​។​

​លោក អាឡិន បាន​និយាយថា៖​«​ចំណុច​សំខាន់​នៃប៊ីយ៉នអង្គរគឺ​ផែនទី​​​ក្រាហ្វិកដ៏​វិសេស​​ដែល​បង្ហាញ​ពី​ទីតាំង​នៃ​រមណីយ​ដ្ឋាន​​ប្រវត្តិសាស្ត្រ​ប្រភេទ​ប្រាសាទ​ និង​តាម​រចនាប័ទ្ម​សិល្បៈ»។​

​សរុបមកគេហទំព័រ​នេះ​ គឺជា​ការងារ​ដែល​កំពុង​ដំណើរការ ហើយ​ប្រហែលជា​មិនអាច​ឈានដល់​ស្ថានភាព​ច្បាស់លាស់ទាំង​ស្រុង​​នោះ​ទេ ដោយសារនៅ​មាន​​ការរកឃើញ​ជា​បន្តបន្ទាប់ និង​ការផ្ទៀងផ្ទាត់​ទីតាំង​បុរាណ​ថ្មី​ៗ៕