ទេសរដ្ឋមន្ត្រី អនុ​ប្រធាន និង​ជាអគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា លោក គន់ គីម បានជំរុញ ដល់​ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន ជាពិសេស​នៅតាម​បណ្តា​រាជធានី-ខេត្ត ឱ្យ​បង្កើន​ការយកចិត្ត​ទុកដាក់​ចំពោះ​អតីតយុទ្ធជន ដែលបាន​លះបង់​គ្រប់បែប​យ៉ាងក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ។


លោកបាន​ជំរុញ​បែបនេះ នៅក្នុង​ពិធី​សំណេះសំណាល និងបំពាក់​មេដាយ​ការពារជាតិ ជូន​ដល់បងប្អូន​អតីតយុទ្ធជន​កម្ពុជា ចំនួន ៧៩៧ នាក់ មកពី​ស្រុក​ក្រូចឆ្មា ស្រុក​មេមត់ និងក្រុង​ត្បូងឃ្មុំ នៅស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ នៅថ្ងៃទី ២៣ខែមិថុនា ឆ្នាំ ២០២៣។ នេះបើតាម​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ។

បន្ទាប់ពីបាន​ស្តាប់នូវ​របាយការណ៍​របស់​សមាគម​អតីតយុទ្ធជន​ខេត្តរួចមក លោក គន់ គីម បានកោត​សរសើរ និងវាយតម្លៃ​ខ្ពស់ ថ្នាក់ដឹកនាំ​សមាគម​ខេត្ត​ត្បូងឃ្មុំ ដែលបាន​យកចិត្ត​ទុកដាក់​ដល់​អតីតយុទ្ធជន​យើង។


លោកបានថ្លែង​យ៉ាងដូច្នេះ​ថា៖«អតីត​យុទ្ធជន​កម្ពុជា សុទ្ធតែជា​អ្នកដែល​បានធ្វើ​ពលីកម្ម​ដ៏ធំធេង​សម្រាប់​ជាតិ មាតុភូមិ​កម្ពុជា ក្នុងការវាយ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ពិសេស​ទប់ស្កាត់​មិនឱ្យ​របប​នេះ​វិលមក​គ្របដណ្តប់​លើ​មាតុភូមិ​កម្ពុជា​ជាថ្មី​ទៀត ទាំងនេះ​ហើយ​ទើបនាំ​មកនូវ​សុខសន្តិភាព​មកដល់​សព្វថ្ងៃ​នេះ»។

ក្នុងឱកាស​នោះដែរ លោកក៏បាន​អំពាវនាវ​ឱ្យ​បងប្អូន​អតីតយុទ្ធជន​ទាំងអស់ ត្រូវចេះ​រួបរួម​សាមគ្គីគ្នា ចេះគោរព​ស្រឡាញ់ ជួយគ្នា​ទៅវិញ​ទៅមក ដូច​បងប្អូន​ក្នុង​មហាគ្រួសារ​តែមួយ និង​សូមទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗគ្នា។ ទន្ទឹមនោះ ​ត្រូវជឿជាក់ និងគាំទ្រ​លើការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​ត្រូវការពារ​ឱ្យ​បាន​គង់វង្ស​នូវ​សន្តិភាព ដែលបាន​មកពី​ការលះបង់​ដ៏ធំធេង​របស់​បងប្អូន ក្រោម​នយោបាយ​ឈ្នះឈ្នះ។


បន្ថែមពី​នេះ លោក​ទេសរដ្ឋមន្រ្តី បានណែនាំ​ឱ្យ​ចងក្រង​ជាបណ្តាញ ដើម្បី​ស្វែងរក​អតីតយុទ្ធជន​ដែល​ខ្វះខាត យុទ្ធជន​ជួប​ការលំបាក ឬបញ្ហា​នានា ហើយត្រូវ​ឆ្លើយតប ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា​ជូន​ពួកគាត់។

សូមជម្រាប​ថា ក្នុងកម្ម​វិធី​នោះ ក្រៅពី​បំពាក់​នូវ​មេដាយ​ការពារ​ជាតិ​ជូន​អតីត​យុទ្ធជនកម្ពុជា ក៏បាន​ឧបត្ថម្ភ​ថវិកា​ជូនដល់​អតីតយុទ្ធជន​ចំនួន ៧៩៧ នាក់ ក្នុងម្នាក់ៗ​ទទួលបាន​ថវិកា ៥ ម៉ឺនរៀល​ផងដែរ៕