សៀមរាបៈ កម្មវិធី​កម្ពុជា​-​ចិន «​រួមគ្នា​ថែរក្សា​បរិស្ថាន​អេកូ​ទេសចរណ៍​ក្នុងស្រុក​បន្ទាយស្រី​» ត្រូវបាន​រៀបចំឡើង​នា​ថ្ងៃទី​ ២៣ ខែមិថុនា​នេះ នៅ​សាលាស្រុក​បន្ទាយស្រី ដោយមាន​ការផ្តល់​ជា​ធុងសំរាម និង​សម្ភារ​បរិស្ថាន​ជាច្រើន​ពី​សង្គម​ស៊ីវិល​នានា​របស់​ខេត្ត​យូ​ណាន​។ នេះ​បើ​យោងតាម​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​។​


​លោកស្រី​យ៉ាង លី​ហ័​រ តំណាង​អង្គការ​អ៊ុន​ឌី​(YUNDI) បាន​មានប្រសាសន៍​ក្នុងឱកាស​នោះ​ថា ស្រុក​បន្ទាយស្រី គឺជា​គោលដៅ​ដ៏​សំខាន់​មួយ​របស់​បណ្តា​សង្គម​ស៊ីវិល​នានា​របស់​ខេត្ត​យូ​ណាន ប្រទេស​ចិន​ក្នុងការ​ចូលរួម​ក្នុង​ចរន្ត​អភិវឌ្ឍ​ជាមួយ​រដ្ឋបាល​ស្រុក​បន្ទាយស្រី​។ ការអនុវត្ត​គម្រោង​បង្កើន​សម្រស់​បរិស្ថាន​នៅក្នុង​ស្រុក​បន្ទាយស្រី​នាពេលនេះ គឺជា​កម្លាំង​សាមគ្គី​រួមគ្នា​រវាង​សមាគម​មិត្តភាព​ខេត្ត​យូ​ណាន ជាមួយ​បរទេស អង្គការ​YUNDI ក្រោម​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រដ្ឋបាល​ស្រុក​បន្ទាយស្រី និង​ស្ថាន​អគ្គ​កុងស៊ុល​ចិន​ប្រចាំ​ខេត្តសៀមរាប​។​

​ចាប់តាំងពី​ឆ្នាំ​២០១៩​មក សង្គម​ស៊ីវិល​ចិន​នានា បាន​ចូលរួម​អនុវត្ត​នូវ​គម្រោង​មួយចំនួន​ដូចជា គម្រោង​ពិនិត្យ​សុខភាព​កុមារ​ដែលមាន​ជំងឺ​បេះដូង​ចំហ គម្រោង​ជីក​ស្រះ​ទឹក គម្រោង​កែលម្អ​ជីវភាព​រស់នៅ គម្រោង​ប្រើប្រាស់​ចង្ក្រាន​សន្សំ​ថាមពល គម្រោង​ផ្ទះបាយ​របស់​សិស្ស​នៅ​សាលាបឋមសិក្សា គម្រោង​ចែក​កា​តាប​និង​សម្ភារ​សិក្សា និង​គម្រោង​អំពូល​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ជាដើម​។​


​លោក​លីវ ជឺ​ជា (Liu Zhijie) អគ្គ​កុងស៊ុល​ចិន​ប្រចាំខេត្ត​សៀមរាប​បាន​មានប្រសាសន៍ថា ប្រទេស​ចិន​និង​កម្ពុជា គឺជា​មិត្ត​ដែកថែប និង​រួមគ្នា​ក្នុង​កិច្ច​កសាង​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ ហើយ​ឆ្នាំនេះ គឺជា​ខួប​លើក​ទី​៦៥​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ និង​ជា​ឆ្នាំ​មិត្តភាព​ចិន​-​កម្ពុជា​។ ដូច្នេះ​ក្នុងឱកាស​ដ៏​ថ្លៃថ្លា​នេះ តាមរយៈ​ស្ថាន​អគ្គ​កុងស៊ុល​ចិន​ប្រចាំ​ខេត្តសៀមរាប សង្គម​ស៊ីវិល​នានា​របស់​ខេត្ត​យូ​ណាន បានផ្តល់​អំណោយ​ជា​ធុងសំរាម​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅតាម​រដ្ឋបាល​ឃុំ និង​ផ្ទះ​ប្រជាជន ព្រមទាំង​បាន​ផ្តល់នូវ​សម្លៀកបំពាក់ កាបូប​បរិស្ថាន កែវ​ទឹក អំពូល​លើ​តុ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ ជូន​ដល់​ក្រុមការងារ​យុវជន ដែលមាន​ភក្តីភាព​ក្នុងការ​ចូលរួម​លើកកម្ពស់​បរិស្ថាន​នៅក្នុង​ស្រុក​បន្ទាយស្រី​។

​លោក​បន្ថែមទៀតថា ស្ថាន​អគ្គ​កុងស៊ុល​ចិន​ប្រចាំខេត្ត​សៀមរាប នឹង​បន្ត​លើកទឹកចិត្ត​ដល់​សប្បុរសជន និង​សង្គម​ស៊ីវិល​នានា​របស់​ប្រទេស​ចិន ឱ្យ​ចូលរួម​គាំទ្រ​ដល់​កិច្ច​អភិវឌ្ឍ​ក្នុងស្រុក​បន្ទាយស្រី​បន្ថែមទៀត​។​


​លោ​ករិន ឡូត អភិបាលស្រុក​បន្ទាយស្រី​បាន​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​គាំទ្រ​របស់​ស្ថាន​អគ្គ​កុងស៊ុល​ចិន​ប្រចាំខេត្ត​សៀមរាប ដែលជា​និច្ចកាល​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការអភិវឌ្ឍ​នៅក្នុង​ស្រុក​បន្ទាយស្រី ដោយ​ផ្តោតជាសំខាន់​លើ​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន ការបង្កើន​សម្រស់​បរិ​ស្ថាន និង​ការចូលរួម​បំពេញបាន​តាម​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាជន​នៅក្នុង​ស្រុក​បន្ទាយស្រី​។

​លោក​បន្តថា កម្មវិធី​ថ្ងៃនេះ គឺជា​សក្ខីភាព​ថ្មី​បន្ថែមទៀត​ដល់​កិច្ចសហការ​រវាង​សង្គម​ស៊ីវិល​នៃ​ប្រទេស​យើង​ទាំងពីរ កម្ពុជា​-​ចិន ក្នុងការ​ចូលរួម​បង្កើន​កម្លាំង​ដល់​កិច្ច​អភិវឌ្ឍ​នៅក្នុង​ស្រុក​បន្ទាយស្រី​ដោយ​ផ្តោតលើ​ការងារ​បរិស្ថាន​អេកូ​ទេសចរណ៍​។ នេះ​បើ​យោងតាម​ប្រភព​ដដែល​នេះ​៕​