ខេត្ត​ព្រះសីហនុ អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បានផ្តល់​គំនិត​ផ្ដួចផ្ដើម​រៀបចំ​ចងក្រងសមាគម​តំណាង​ក្រុមហ៊ុន​ដឹកជញ្ជូន និងជើងសា​គយ ដែលជា​ក្រុម​បម្រើការងារ​ក្រៅប្រព័ន្ធ ដើម្បី​មាន​សិទ្ធិ​ស្នើ​សុំ​បណ្ណរបប​សន្ដិសុខ​សង្គម (បសស) សម្រាប់​ទទួលបាន​អត្ថ​ប្រយោជន៍សង្គម​ពីរាជ​រដ្ឋាភិបាល​កម្ពុជា។


លោក គួច ចំរើន បង្ហាញគំនិត​ផ្តួចផ្តើម​នេះ ក្នុងពេល​ចុះ​សំណេះសំណាល និងពិសាអាហារ​សាមគ្គី​ជាមួយ​តំណាង​ក្រុមហ៊ុន​ដឹកជញ្ជូន និងជើងសា​គយ នៃសាខា​គយ និងរដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ នៅរសៀល​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៣។

លោកបាន​ស្នើ​ឱ្យ​លោក នង សុខុម ប្រធាន​សាខាគយ និងរដ្ឋាករ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ ជួយ​សម្របសម្រួល​លើ​កិច្ចការងារ​នេះ។ ទន្ទឹមនឹង​នោះ លោក ក៏បាន​ស្នើ​សុំ​ឱ្យបងប្អូន (តំណាង​ក្រុមហ៊ុន​ដឹកជញ្ជូន និងជើងសា​គយ) ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ថែរក្សា​សុខសន្ដិភាព សម្រាប់​ការអភិវឌ្ឍ​សង្គមជាតិ និងរក្សា​បាននូវ​សុខសន្តិភាព ស្ថិរភាពប្រកប​ដោយ​និរន្ដរភាព​ការងារ ដែលជា​ឆ្នាំងបាយ​របស់​បងប្អូន។


លោក នង សុខុម ប្រធាន​សាខាគយ និងរដ្ឋាករកំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ ថ្លែង​ក្នុងពិធី​នោះថា ការជួបជុំ​គ្នានេះ ធ្វើ​ឡើង ក្នុងគោលបំណង ដើម្បី​ពង្រឹង រឹតចំណង​ទំនាក់ទំនង​ការងារ និងស្វែងយល់​គ្នា រវាង​មន្ត្រីគយ និងរដ្ឋាករ ជាមួយ​វិស័យ​ឯកជន ពិសេស​បងប្អូនដែលកំពុង​បំពេញ​ការងារ​នៅ​សាខាគយ និងរដ្ឋករ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ឱ្យកាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

លោកថ្លែង​ថា៖«បងប្អូន​ទទួល​សិទ្ធិ​ពី​អ្នកនាំចេញ-នាំចូល គឺជាអន្តរការី​មួយ​ដ៏សំខាន់​ក្នុងការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ និងបង់ពន្ធ ព្រមទាំង​អាករ​ផ្សេងៗ ជូន​រដ្ឋបាល​គយ​ឱ្យ​បានគ្រប់ និងលើស​ផែនការ​ដែលបាន​កំណត់។ ការផ្តល់​សេវាកម្ម​ដ៏ល្អ​របស់​បងប្អូន​ជាកត្តា​មួយដ៏សំខាន់​ផងដែរ​ក្នុងការ​អូសទាញ និងបង្កើន​នូវ​កំណើន​ទំនិញ​នាំចេញ-ចូលតាម​មាត់​ច្រកកំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ»៕