ព្រះសីហនុៈ លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ ថ្លែងថា អ្នកសារព័ត៌មាន​ជា​តួអង្គ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន ដើម្បី​ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​បន្ត​មានកេរ្តិ៍ឈ្មោះ​និង​ទាក់ទាញ តាមរយៈ​ការ​បន្សាប​ព័ត៌មាន​មិន​ពិត ខណៈដែល​កាល​ពេលកន្លងទៅ ខេត្ត​ព្រះសីហនុបាន​រង​នូវ​ភាពអយុត្តិធម៌​ដោយសារ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​រូបភាព​ផ្សេងៗ​ជាច្រើន​។


​លោក​បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​បើក​សិក្ខាសាលា ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត​របស់​អ្នកសារព័ត៌មាន​ដំណាក់កាល​ទី​២ ក្រោម​វត្តមាន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​សណ្ឋាគារ​ឆ្នេរ​សុខា នា​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២៣​។

​រដ្ឋបាលខេត្ត​ព្រះសីហនុ​បានឱ្យដឹង​នៅ​ថ្ងៃទី ២៣ ខែមិថុនា​ថា សិក្ខាសាលា​នេះ​បានរៀបចំ​ក្នុង​គោលបំណង ពង្រឹងគុណភាព តម្លាភាព និង សុក្រឹតភាព​សមត្ថភាព​ក្នុងការ​រាយការណ៍​អំពី​បញ្ហា​និង​ព្រឹត្តិការណ៍​នានា លើកទឹកចិត្ត​ឱ្យ​អ្នកសារព័ត៌មាន​ស្វែងយល់​និង​ផ្សព្វផ្សាយ​អំពី​វឌ្ឍនភាព​ការងារ និង​សមិទ្ធផល​នានា​ដែល​ខេត្ត​សម្រេចបាន​ក្នុងពេល​កន្លងមក​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​អ្នកសារព័ត៌មាន​និង​ថ្នាក់ដឹកនាំ​ខេត្ត ជាពិសេស​ធ្វើការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។​


​លោក លោក ឡុង ឌី​ម៉​ង់ បាន​សំណូមពរ​យ៉ាងទទូច​ដ​ល់​អ្នកសារព័ត៌មាន មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​បន្ត​ខិតខំ​សហការ​បន្ថែមទៀត ដើម្បី​រួមចំណែក​ដល់​ការផ្សព្វផ្សាយ​ពី​ភាព​ទាក់ទាញ ភាព​ប្រកួតប្រជែង និង​ពាំ​នាំនូវ​ចក្ខុវិស័យ សក្ដានុពល វឌ្ឍនភាព ប្រសើរ​ថ្លៃថ្លា សមិទ្ធផល​ជា​ផ្លែផ្កា នៃ​សន្តិភាព និង​ការអភិវឌ្ឍ​របស់​ខេត្ត ជូនទៅ​កាន់​ពិភពលោក​ឱ្យ​កាន់តែ​ជ្រួតជ្រាប​កាន់តែច្បាស់ ជាពិសេស​ចូលរួម​ឆ្លើយតប​និង​ទប់ស្កាត់​ព័ត៌មាន​មិន​ពិតជា​អវិជ្ជមាន​នានា ដែលនាំឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​របស់​ខេត្ត​ព្រះសីហនុ និង​ប្រទេស​កម្ពុជា​និយាយ​ជារួម​៕