មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​បើក​កិច្ចប្រជុំ ជាមួយ​ភាគី​ពាក់ព័ន្ធ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ចលនា​កៀរគរ​ការបរិច្ចាគ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា តាមរយៈ​យន្តការ​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ប្រចាំ​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​រាជធានី​-​ខេត្ត​នីមួយៗ​។​


​លោក ច​ន ណា​រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​លើកឡើងថា តាមរយៈ​យន្តការ​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​ចូលរួម​រក្សា​និរន្តរភាព​នៃ​កិច្ចដំណើរការ​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា អនុលោម​តាម​ការតាំង​ចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុងការ​រក្សា​និរន្តរភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បាន​នឹង​កំពុង​សង្គ្រោះ​ជីវិត​ទារក និង​កុមារ​នៅ​កម្ពុជា ប្រកបដោយ​គុណភាព មិន​គិតថ្លៃ និង​មិនមាន​ការរើសអើង ដោយបាន​ចំណាយ​អស់​ប្រមាណ ៤០​លាន​ដុល្លារ ក្នុង​១​ឆ្នាំៗ​។ លោក​ថ្លែង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​ពិ​ក្សា​ការងារ​ជាមួយ​តំណាង​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​រាជធានី​-​ខេត្ត​នីមួយៗ ដែល​បាន​ធ្វើឡើង​នា​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២៣​។​

​លោក​បាន​បន្តថា​៖«​មូលនិធិ​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​កៀរគរ​អំណោយ ឧបត្ថម្ភ​ធន និង​វិភាគទាន​ពី​គ្រប់​ប្រភព​ស្របច្បាប់​នានា ធានា​ចីរភាព​នៃ​ប្រភព​ចំណូល​សម្រាប់​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​ចំពោះ​មន្ទីរពេទ្យ​គន្ធបុប្ផា ឱ្យ​អាច​ដំណើរការ​ជា​ប្រក្រតី​ប្រកបដោយ​និរន្តរភាព បម្រើ​ដល់​គោលនយោបាយ​លើកកម្ពស់​សុខុមាលភាព​សង្គម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​។


​លោក ច​ន ណា​រិ​ទ្ធ បាន​បន្ថែមថា កិច្ចប្រជុំ​នេះ ក៏​ជា​វេទិកា​មួយ​ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​ភាគី​ពាក់ព័ន្ធ​បាន​ពិភាក្សា ផ្ដល់​ធាតុ​ចូល ដើម្បីឱ្យ​យន្តការ​គណៈកម្មការ​ទ្រទ្រង់​នេះ កាន់តែ​ទទួលបាន​ភាពរលូន និង​ជោគជ័យ ក៏ដូចជា​ការរួម​គ្នា​ឱ្យបាន​កាន់តែ​ផុសផុល​ថែមទៀត ក្នុង​ស្មារតី “​ខ្មែរ​ជួយ​ខ្មែរ​” ដើម្បី​ជួយសង្គ្រោះ​កុមារ​នៅ​កម្ពុជា​។​

​លោក លឹម សុជាតិ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នោះ មានប្រសាសន៍ថា ជំនួប​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ការពង្រីក​ការផ្សព្វផ្សាយ​អំពី​មូលនិធិ​គន្ធ​បុ​ប្ជា​កម្ពុជា​ជូន​ដល់​សាធារណជន ជាពិសេស​ដល់​សមាជិក​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធ​បុ​ប្ជា​កម្ពុជា ប្រចាំ​ក្រសួង​-​ស្ថាប័ន និង​ក្រុមហ៊ុន​សំខាន់ៗ ដើម្បីឱ្យ​មានការ​ចូលរួម​បរិច្ចាគ​សប្បុរសធម៌​យ៉ាង​ផុសផុល​នៅតាម​មូលដ្ឋាន​នីមួយៗ​។​


​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ជា​មូលនិធិ​ជាតិ​មួយ​ដែល​ត្រូវបាន​បង្កើត និង​ដាក់​សម្ពោធ​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១១ ខែមេសា​ឆ្នាំ​២០១៨ ក្រោម​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី ប៊ុន រ៉ានី ជា​ស្ថាបនិក និង​ជា​ប្រធានកិត្តិយស​។​

​សូមបញ្ជាក់ថា គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ប្រចាំ​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជា​ទម្រង់​នៃ​ក្រុមការងារ​មួយ​មាន​តួនាទី​ផ្សព្វផ្សាយ និង​កៀរគរ​ថវិកា​បរិច្ចាគ​ពី​សប្បុរសជន​នានា ជាពិសេស​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​-​ស្ថាប័ន និង​រដ្ឋបាល​រាជធានី​-​ខេត្ត​នីមួយៗ ដើម្បី​យក​ថវិកា​ទាំងនោះ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ត្រូវការ​ថវិកា​ក្នុងការ​ជូ​យ​សង្គ្រោះ​កុមារ​កម្ពុជា​រាប់ម៉ឺន​នាក់​ជា​រៀងរាល់ថ្ងៃ​៕