ភ្នំពេញៈ ទីលានទុកដាក់សំរាមតម្លៃជាង ៤ លានដុល្លារ ក្នុងខេត្តកំពង់ធំ នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី ២ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់សេវាថែរក្សាអនាម័យ និងការគ្រប់គ្រងបរិស្ថានតំបន់ជុំវិញបឹងទន្លេសាប។
ការប្រកាសសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទីលានទុកដាក់សំរាម ខេត្តកំពង់ធំ ដល់រដ្ឋបាលខេត្តគ្រប់គ្រង និងប្រតិបត្តិការបន្ត បានធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងធនាគារអភិវឌ្ឍន៍អាស៊ី មន្ត្រីបច្ចេកទេសពាក់ព័ន្ធ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ នាថ្ងៃទី ២៦ ខែមិថុនា។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ទីលានទុកដាក់សំរាមនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលគម្រោងនេះជាគម្រោងមួយ នៅក្នុងគម្រោង កែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ជំហានទី ២ ដោយប្រើប្រាស់ឥណទានពីធនាគារ ADB ក្នុងការស្ថាបនា ជាមួយទំហំទឹកប្រាក់ ៤ ៦២៩ ៣៩៩ ដុល្លារអាមេរិក។
ប្រភពដដែលបានបន្តថា ទីលាននេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីខែកក្កដា ឆ្នាំ ២០២១ និងបានបញ្ចប់ការសាងសង់នៅចុងខែវិច្ឆិកា ឆ្នាំ ២០២២។ សាងសង់លើផ្ទៃដីទំហំ ១៤,៧៣ ហិកតា នៃផ្ទៃដីសរុប ១៩,៧៦ ហិកតា។ រណ្តៅទុកដាក់សំរាមមានទទឹង ៨០ ម៉ែត្រ បណ្តោយ ១៧០ ម៉ែត្រ ជម្រៅ ២ ម៉ែត្រ ដែលត្រូវជា ១,៣៦ ហិកតា។
ក្រសួងបានបញ្ជាក់ថា តាមផែនការ រណ្តៅនេះនឹងត្រូវបំពេញសំរាមរហូតដល់កម្ពស់ ១០ ម៉ែត្រ គិតពីមាត់រណ្តៅ ដែលអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧ ៨៨៦ ម៉ែត្រគុប ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់រយៈពេល ២០ ឆ្នាំ សម្រាប់ប្រជាជន ប្រមាណជា ៣៦ ៤៧៨ នាក់ នៅក្នុងជុំវិញទីរួមខេត្តកំពង់ធំ។
លោក ស៊ុន ចាន់ថុល ថ្លែងថា ទីលានទុកដាក់សំរាម និងកាកសំណល់នានា ធ្វើឡើងស្របតាមបទដ្ឋានបច្ចេកទេស ខ្នាតស្តង់ដាត្រឹមត្រូវនេះ ខណៈទីលាននេះក៏ជាសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ធំ។ ទីលានទុកដាក់សំរាមបែបនេះត្រូវបានសាងសង់បានចំនួន ៧ កន្លែង មកហើយ ដែលមាននៅក្នុងខេត្តព្រះសីហនុ បាត់ដំបង កំពត កែប កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
លោក ស៊ុន ចាន់ថុល ថ្លែង ថា៖ «ការដែលមានទីលានទុកដាក់សំរាមត្រឹមត្រូវ ស្របតាមបទដ្ឋានបច្ចេកទេសបែបនេះ គឺពិតជាបានចូលរួមចំណែក ក្នុងការលើកកម្ពស់គុណភាព សុខុមាលភាពការរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាតំបន់ជុំវិញ»។
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ថ្លែងថា ទីលានទុកដាក់សំរាម ដែលបានបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់នាពេលនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពការរស់នៅប្រជាពលរដ្ឋនៅក្នុងតំបន់ និងតំបន់ជុំវិញ ជាពិសេសគឺការកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុលបំផ្លាញបរិស្ថានផងដែរ។
លោក ស៊ុន ចាន់ថុល បានថ្លែងថា សមិទ្ធផលធំៗនានានឹងមាននាពេលខាងមុខ មាន គម្រោងផ្លូវជាតិលេខ ៥០ សេ តភ្ជាប់ពីខេត្តកំពង់ធំទៅកំពង់លែងខេត្តកំពង់ឆ្នាំង គម្រោងសិក្សាផ្លូវតភ្ជាប់ពីក្រចេះ មកកាន់កំពង់ធំ, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ឆ្លងកាត់កំពង់ធំ ដែលបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួចរាល់ និងគម្រោងសិក្សាផ្លូវដែកពី ប៉ោយប៉ែត-សៀមរាប-កំពង់ធំ-កំពង់ឆ្នាំង មកកាន់រាជធានីភ្នំពេញជាដើម៕