ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅក្រសួងយុត្តិធម៌ត្រូវក្តាប់នយោបាយព្រហ្មទណ្ឌឱ្យជាប់ ដោយមិនត្រូវមើលស្រាលឡើយ ដើម្បីធានាស្ថិរភាព និងសន្តិភាពរបស់ប្រទេស ដោយលោកបញ្ជាក់ថា កម្ពុជាពោរពេញទៅដោយ «អំពើជ្រុលនិយមហួសហេតុ»។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាយុត្ដិធម្មរបស់ក្រសួងយុត្តិធម៌នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី ២៦ ខែមិថុនា លោក ហ៊ុន សែនថ្លែងថា ក្រសួងយុត្តិធម៌ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាលនៅក្នុងឧត្ដមក្រុមប្រឹក្សានៃចៅក្រមចាំបាច់ត្រូវគ្រប់គ្រងនយោបាយព្រហ្មទណ្ឌឱ្យរឹងមាំជាពិសេសសម្រាប់ប្រទេសកម្ពុជា ដែលពោរពេញទៅដោយ «អំពើជ្រុលនិយមហួសហេតុ» ដែលបន្តវត្តមាននៅកម្ពុជា។
លោកថ្លែងថា៖ «ដូច្នេះ ទាមទារឱ្យរាជរដ្ឋាភិបាលតាមរយៈក្រសួងយុត្តិធម៌ត្រូវក្តាប់នយោបាយព្រហ្មទណ្ឌឱ្យជាប់ ហើយចំណុចនេះមិនត្រូវមើលស្រាលទេណា! ហេតុអីបានជានៅប្រទេសជិតខាងយើងសុខៗផ្ទុះអាវុធ? ហើយឥឡូវនេះ រត់ចូលមកក្នុងស្រុករបស់យើងមួយចំនួនហើយ។ មួយចំនួនកំពុងលាក់ខ្លួននៅក្នុងប្រទេសរបស់យើង។ ហេតុអីបានជារុស្ស៊ីបានចាប់ផ្ដើមមានកម្លាំងប្រដាប់អាវុធបះបោរ។ នេះជាបញ្ហាមួយដែលគួរស្វែងយល់អំពីស្ថានភាពនៅរុស្ស៊ីក្នុងប៉ុន្មានថ្ងៃនេះ។ ហេតុអីប្រទេសមហាអំណាចមួយទៅជាមានកងទ័ពស៊ីឈ្នួល? ឥឡូវកងទ័ពស៊ីឈ្នួលវាមិនមែនទៅវ៉ៃនៅអ៊ុយក្រែនឯណា! វាវ៉ៃបកចូល [ទីក្រុង] ម៉ូស្គូ (Moscow)។ អាហ្នឹងវាជារឿងមួយដែលត្រូវគិត»។
លោកនាយករដ្ឋមន្ត្រីថ្លែងថា នៅក្នុងកាលៈទេសៈដើម្បីធានាស្ថិរភាព សន្តិភាពរបស់ប្រទេសនិងស្ថិរភាពខាងនយោបាយ ការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌត្រូវតែជាកាតព្វកិច្ចចាំបាច់ ដែលរាជរដ្ឋាភិបាលត្រូវធ្វើ។
កាលពីថ្ងៃទី ១៦ មិថុនា លោកហ៊ុន សែនបានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ដោយចំហទៅកាន់កម្លាំងប្រដាប់អាវុធជាពិសេសនៅតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងទឹកដីខេត្តរតនគិរី និងមណ្ឌលគិរី ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ត្រៀមទប់ស្កាត់ក្រុមបះបោរជនជាតិភាគតិចនៃប្រទេសវៀតណាមដែលមានបំណងរត់ចូលក្នុងទឹកដីកម្ពុជា។
លោកយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ២៦ ខែមិថុនាថា ការណ៍នេះត្រូវបែងចែកឱ្យច្បាស់រវាងសេរីភាពក្នុងការបញ្ចេញមតិ និងបទញុះញង់ ដែលនាំឱ្យមានចលាចលដល់សង្គមដែលអាចដល់ទោសទណ្ឌព្រហ្មទណ្ឌជាដើម។ ប្រជាជនកម្ពុជាអាចងាយនឹងជឿទៅលើការឃោសនា និងការញុះញង់។
ប្រសិនបើមិនមានការគ្រប់គ្រងឱ្យបានច្បាស់លាស់លើបញ្ហានេះទេ វាអាចនឹងធ្លាក់ចូលទៅដល់វិបត្តិនេះ។ លោកថ្លែងថា៖ «វិបត្តិនេះ មិនត្រឹមតែអ្នកដែលធ្លាក់ចូលទៅក្នុងការញុះញង់ និងមានបញ្ហាទេសូម្បីតែសង្គមក៏មានបញ្ហាដែរ។ ដូច្នេះការដែលគ្រប់គ្រងទៅលើបញ្ហានេះឱ្យបានល្អនិងមានសណ្ដាប់ធ្នាប់គឺអាចរក្សាស្ថិរភាពសង្គមបានតទៅទៀត។ អ៊ីចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់ឡើងវិញថា ត្រូវបែងចែកឱ្យច្បាស់ ពីសេរីភាពក្នុងការបញ្ចេញមតិនិងភាពអនាធិបតេយ្យ នៃការបញ្ចេញមតិ ដែលនាំទៅដល់ចលាចលសង្គមហ្នឹង»៕