ភ្នំពេញៈ រដ្ឋមន្ត្រី និងមន្ត្រីជំនាញក្រសួងកសិកម្ម បានដាក់វិធានការម៉ឺងម៉ាត់ ឱ្យមន្ត្រីជំនាញជលផល និងអាជ្ញាធរ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាស្រាវជ្រាវ និងបង្ក្រាបបទល្មើស ហើយឃាត់ខ្លួនជនសង្ស័យណាបង្កវិនាសកម្មបំផ្លាញធនធានមច្ឆជាតិ ដោយប្រើឧបករណ៍ខុសច្បាប់ ត្រូវតែនាំខ្លួនមកអនុវត្តច្បាប់។
ការដាក់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងពេលនេះធ្វើឡើងក្នុងពេល លោកបានចុះពិនិត្យស្ថានភាពលើផ្ទៃបឹងទន្លេសាបក្នុងខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ បាត់ដំបង និងខេត្តសៀមរាប តាមឧទ្ធម្ភាគចក្រ នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា កន្លងទៅនេះ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប រួមជាមួយនឹងថ្នាក់ដឹកនាំខេត្តជាប់បឹងទន្លេសាប បានធ្វើទស្សនកិច្ចស្វែងយល់ពីស្ថានភាពបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តចំនួន ៥ នេះ ដោយមានការចូលរួមពីអាជ្ញាធរខេត្តទាំង ៥ ព្រមទាំងតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់។ នេះបើយោងតាមហ្វេសប៊ុកក្រសួងកសិកម្ម ចេញផ្សាយនៅថ្ងៃទី ២៥ ខែមិថុនា។
ការចុះពិនិត្យស្ថានភាពលើផ្ទៃបឹងទន្លេសាបក្នុងខេត្តចំនួន ៥ ដើម្បីពិនិត្យមើលស្ថានភាពតំបន់ឡូត៍ ឬជម្រកត្រីសំខាន់ៗនៅតាមបណ្តាខេត្តទាំងនោះ ដូចជា តំបន់ឆ្នុកទ្រូ ជ្រោយស្តី កំពង់ប្រាក់ បឹងទន្លេឆ្មារ កំពង់ភ្លុក និងព្រែកទាល់ជាដើម។
ប្រភពដដែលបញ្ជាក់ថា ការចុះពិនិត្យស្ថានភាពលើផ្ទៃបឹងទន្លេសាបបានធ្វើឡើងក្នុងអំឡុងរដូវបិទនេសាទ ចាប់ពីខែមិថុនា រហូតដល់ខែតុលា។ អំឡុងពេលនេះ គឺជាពេលវេលាដ៏សំខាន់ សម្រាប់ប្រភេទត្រីធ្វើចរាចរណ៍ផ្លាស់ទី ជាច្រើនប្រភេទ បន្តពូជរកចំណី និងលូតលាស់ធំធាត់ ដូចជា ត្រីរៀលតុប និងរៀលអង្កាម ដែលតំណាងឱ្យផលចាប់ត្រីទឹកសាបភាគច្រើននៅក្នុងប្រទេសកម្ពុជា។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅថ្ងៃទី ២៦ ខែមិថុនាថា ក្នុងរដូវបិទនេសាទនេះក្នុងនាមគណៈបញ្ជាការឯកភាពខេត្តដែលមានជំនាញរដ្ឋបាលជលផលជាសេនាធិការបានចុះផ្សព្វផ្សាយ ដល់ប្រជានេសាទ ឱ្យបានដឹងពីពេលវេលានៃរដូវបិទ និងបើកនេសាទ ព្រមទាំងឧបករណ៍ដែលត្រូវប្រើប្រាស់ក្នុងរដូវបិទនេសាទផងដែរ។
លោកបន្តថា ការផ្សព្វផ្សាយនេះទៀតសោត ក៏បានធ្វើឡើងតាមរយៈគណៈបញ្ជាការឯកភាពស្រុកនីមួយៗ ដែលមានជំនាញទាំងអស់ រួមមានកម្លាំងប្រដាប់អាវុធ សហគមន៍ និងជំនាញជលផល ចុះទៅដល់មូលដ្ឋានធ្វើការអប់រំ ណែនាំ និងបង្ក្រាបករណីចាំបាច់ប្រសិនបើមានករណីធ្វើខុសពីច្បាប់ដែលមានជាធរមាន។ យ៉ាងណាក្តី នៅតែមានអ្នកនេសាទមួយចំនួនបន្តប្រើប្រាស់ ឧបករណ៍នេសាទវែង ឬខុសខ្នាត ដែលច្បាប់កំណត់ ដែលជាចំណុចមន្ត្រីជំនាញបានអប់រំបន្តបន្ទាប់។
លោកថ្លែងថា៖ «បទល្មើសនេសាទសម្រាប់អ្នកនេសាទការប្រើប្រាស់ឧបករណ៍នេសាទសម្រាប់ចិញ្ចឹមជីវិត ចៀសមិនរួចទេ [ករណីល្មើស] គាត់មិនអាចថា ឱ្យច្បាស់ ១០០ ភាគរយទេ នៅតែមានខុសអ៊ីចឹងឯង ប៉ុន្តែទោះបីតូចក្តីក៏យើងនៅតែអប់រំណែនាំ ហើយបើនៅតែមិនរាងចាលយើងត្រូវអនុវត្តនីតិវិធីច្បាប់»។
លោកថ្លែងថា ចំពោះការអនុវត្តច្បាប់គឺមន្ត្រីជំនាញត្រូវពិនិត្យមើលកម្រិតទោសទណ្ឌហើយធ្វើទៅតាមច្បាប់ជលផល។ លោកបញ្ជាក់ថា ចាប់ពីថ្ងៃចូលរដូវបិទនេសាទរហូតមកដល់ថ្ងៃទី ២៦ ខែមិថុនានេះ មានបទល្មើសដែលត្រូវបញ្ជូនទៅតុលាការចំនួន ៣ ករណី ក្នុងនោះរួមមានករណីឈូសឆាយព្រៃពង្រីកដី ករណីប្រើគ្រឿងចក្រកាយដីធ្វើប្រឡាយទឹកដោយគ្មានការអនុញ្ញាត និងករណីលួចឆក់ ១ ករណី។
លោកថ្លែងថា៖ «យើងធ្វើទៅតាមច្បាប់ដែលគេចែង កម្រិតណា មាត្រាប៉ុន្មាន ដែលត្រូវពិន័យបញ្ជូនទៅរដ្ឋបាលជលផល កម្រិតណាដែលត្រូវទោសទណ្ឌកម្រិតលេខប៉ុន្មានដែលត្រូវបញ្ជូនទៅតុលាការ អានេះយើងមាន ជាក់ស្តែងដូចជា បទល្មើសឆក់ ឬស្បៃមុងអីអាហ្នឹងដាច់ខាតយើងត្រូវបញ្ជូនទៅតុលាការ»។
នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប។ គណៈកម្មការអន្ដរក្រសួងនេះ មានសិទ្ធិប្រើប្រាស់ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាស នៃកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញ បេសកកម្មការងាររបស់ខ្លួនតាមការចាំបាច់៕