ភ្នំពេញៈ ​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា មាន​វប្បធម៌​ប្រពៃណី​និង​ទម្លាប់​នៃ​ការរស់នៅ​ហូបចុក​ខុសគ្នា ពី​ពលរដ្ឋ​ខ្មែរ​ដែល​កាល​ពីមុនៗ​មក​ហាក់​ចែកដាច់​ពីគ្នា​ទៀតផង ប៉ុន្តែ​មាន​ស្ត្រី​ជនជាតិ​​ដើម​ភាគតិច​គ្រឹ​ង​ ១ ​រូប បាន​នាំ​យក​ទំនៀមទម្លាប់​អាហារ​ប្រពៃ​​ណី​របស់​ជនជាតិ​ខ្លួន មក​បើកហាង​លក់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​បម្រើ​ដល់​អតិថិជន​។

​មាន​រាង​ក្រឡូម​ពណ៌​ខ្មៅ​ធំ​ជាង​ចាន​សម្ល​ជាមួយនឹង​ដុំ​សាច់គោ​ចំណិត ស្បែក​គោ ដុំ​មី និង​បន្លែ​ជាមួយនឹង​ម្ទេស​ពណ៌​ក្រហមឆ្អិន ដែល​នោះ​ហៅថា ​[​ចា​ណា​ង​សាច់​គោ​]​ ជា​ម្ហូប​ម្យ៉ាង​របស់​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង​ដែល​អ្នកស្រី ឡា​ត់ សុខ​ឯម ជា​ជនជាតិដើម​​ភាគតិច​គ្រឹ​ង មកពី​ខេត្តរតនគិរី បានធ្វើ​ជាស​ម្ល​សម្រាប់​លក់​នៅក្នុង​ហាង​របស់គាត់​។ អ្នកស្រី សុខ​ឯម បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា មុនដំបូង​គឺ​នៅក្នុង​ចុងឆ្នាំ ​២០១៩ អ្នកស្រី​បាន​លក់​ម្ហូបអាហារ​តាម​អន​ឡាញ​ឈ្មោះថា ​[​កា​ណា​ង​ជនជាតិដើម​អន​ឡាញ​] ជាល​ក្ខ​ណៈ​អាជីវកម្ម​គ្រួសារ​តូច​មួយ​តែ​​ប៉ុណ្ណោះ​។

​បន្ទាប់មក​អ្នកស្រី​បង្កើតបានជា​ហាង​លក់​ម្ហូបអាហារ​សមរម្យ​មួយ​ដែល​កំពុង​ដំណើរ​ការ​សព្វថ្ងៃនេះ​មាន​ទីតាំង​ស្ថិតនៅ​ជិត​ផ្សារ​ទំនប់​នៅ​ម្តុំ​កាំ​កូ​ស៊ី​ធី រាជធានី​ភ្នំពេញ​។ ការបង្កើត​ហាង​​អាហារ​មួយ​នេះ​ឡើង​គឺ​កើតចេញពី​ការឈឺចាប់​នៃ​ការរើសអើង ពី​អ្នកដទៃ​មកលើ​អ្នកស្រី ជាពិសេស​លើ​បងប្អូន​ជា​ជនជាតិភាគតិច​ដូច​អ្នកស្រី​ដែរ​។ អ្នកស្រី​បាន​បន្តថា ម្យ៉ាងទៀត​ការបង្កើត​ហាង​អាហារ​នេះ​គឺ​អ្នកស្រី​ក៏មាន​បំណង​អភិរក្ស​ម្ហូបម្ហា​ប្រពៃណី​របស់​ជន​ជាតិ​ដើម​គ្រឹ​ង​ផងដែរ ហើយ​ «​ចា​ណា​ង​»​ គឺជា​ឈ្មោះ​សម្ល​ប្រពៃណី​របស់​ដូនតា​ជនជាតិដើម ១​ មុខ​ក្នុងចំណោម​មុខម្ហូប​ផ្សេងៗ​ទៀត​។ លើសពីនេះ​ទៀត​អ្នកស្រី​ចង់បង្ហាញ​និង​លើកស្ទួយ​មុខម្ហូប​ជនជាតិ​ដើម​ភាគតិច​ឱ្យ​ប្រជាជន​ខ្មែរ​បាន​ស្គាល់​ទូលំទូលាយ និង​បង្កើត​រសជាតិ​អាហារ​ថ្មី​ដោយសារ​ស្នាដៃ​ជនជាតិដើម​ភាគតិច​។​


​អ្នកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​សម្រេច​ចិត្ត​បង្កើតឡើង​គឺ​កើតចេញពី​ការ​ឈឺចាប់​ចំពោះ​ការរើសអើង និង​មិនទាន់​ឃើញ​ជនជាតិដើម​ភាគ​តិច​ផ្ទា​ល់លក់​ម្ហូប​នេះ​ឱ្យមាន​ការទទួលស្គាល់ និង​ក្រោកឈរ​ប្រកួតប្រជែង​ជាមួយ​ម្ហូប​បរទេស​នាំចូល ព្រមទាំង​មើលឃើញ​ពី​សក្តានុពល​យ៉ាង​ធំធេង ពី​ម្ហូប​អាហារ​ប្រពៃណី​»​។

​អ្នកស្រី​បាន​បន្ថែមថា នៅក្នុង​ហាង​របស់​អ្នក​ស្រី​មាន​បុគ្គលិក​ជា​ជនជាតិដើម​ភាគតិច​ចំនួន​ ៣​ នាក់ ហើយ​ម្ហូប​​អាហារ​ដែល​អ្នកស្រី​លក់​សព្វថ្ងៃ រួមមាន សម្ល ចា​ណា​ង​សាច់គោ ចា​ណា​ង​សាច់ជ្រូក ចា​ណា​ង​​ស្បែក​គោ ចា​ណា​ង​បន្លែ ប្រហុក​បុក ម្ទេស​បុក និង​អាហារ​មួយចំនួនទៀត ដែលមាន​តម្លៃ​ពី ​១ ម៉ឺន​ទៅ ១២ ០០០ ​រៀល​ក្នុង​ ១​ ចាន​។


​អាហារ​ទាំងនេះ​ភាគច្រើន មាន​ជនជាតិខ្មែរ​គាំទ្រ​ខ្លាំង​ជាង​ជនជាតិភាគតិច ខណៈ​ជនជាតិ​​ភាគតិច​ក៏​មិនសូវ​មាននៅ​រាជ​ធានី​ភ្នំពេញ ដោយ​ក្នុង​ ១ ​ខែ​មាន​និស្សិត​ជា​ជន​ជាដើម​ភាគតិច​មក​ហូប​ត្រឹមតែ​ពី​ ១០ ​ទៅ​ ១៥​ នាក់​ប៉ុណ្ណោះ​។ បើតាម​អ្នកស្រី សុខ​ឯម សម្ល​ចា​ណា​ង​គេ​យក​ស្លឹក​សណ្តែកខ្មោច ​(​ជា​ភាសា​ជនជាតិដើម​ភាគតិច​គ្រឹ​ង​ហៅ​ដើម​ស៊ុ​ង​រៀង​)​ ភាសា​អង់គ្លេស ​(Senna occidentalis)​ មក​ស្ងោរ​យក​ទឹក​របស់​វា​មក​ធ្វើជា​ទឹកស​ម្ល និង​មាន​បន្លែ​ទំពាំង ត្រប់ និង​ស្នៀតពោត​ខ្ចី ឬ​អាចមាន​បន្លែ​ផ្សេងទៀត​ទៅតាម​ការច្នៃ​រប​ស់​អ្នក​ចម្អិន​អាហារ​។​

​ពាក់ព័ន្ធ​នឹង​ម្ហូប​របស់​ជនជាតិ​​ដើម​ភាគតិច​នេះដែរ លោកស្រី ជឿន ស្រីមុំ ប្រធាន​សមាគម​ស្រី្ត​ជនជាតិដើម​ភាគតិច​កម្ពុជា​ដែលមាន​ទីតាំងនៅ​សង្កាត់​ទួល​ទំពូង​ទី​ ២ ខណ្ឌចំការមន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​ថា ការបើក​ជា​មុខរបរ​សម្រាប់​ជនជាតិដើម​ភាគតិច​នេះ​បើតាម​អ្នកស្រី​សង្កេតឃើញថា នៅមានកម្រិត​នៅឡើយ បើ​ប្រៀបធៀប​ជាមួយ​បងប្អូន​ជនជាតិខ្មែរ​ទូទៅ ព្រោះថា ពេល​ចាប់​ផ្តើមធ្វើ​អា​ជី​​វ​កម្ម​មួយ​មានន័យថា គាត់​ចាប់ផ្តើម​ពី​ជំនាញ​ក៏ដូចជា​និស្ស័យ​ [​ដុង​] ដែល​គាត់​មាននៅ​ក្នុង​ខ្លួន ហើយ​គាត់​មាន​ទីតាំង​មួយ​ដែលជា​កម្មសិទ្ធិ​របស់ខ្លួន​ឯង ព្រមទាំង​ត្រូវមាន​ចិ​ត្ដ​គំនិត ពាក់ព័ន្ធ​អត្ត​សញ្ញាណ​របស​ជនជាតិ​ដើម​ភាគតិច​។

លោកស្រី​បាន​បន្តថា ទាក់ទង​ជាមួយ​ម្ហូបអាហារ​របស់​ជនជាតិ​ដើម​ភាគតិច គឺ​វា​ជា​ផ្នែក​មួយ​នៃ​អត្ដ​សញ្ញាណ​របស់​ជន​ជាតិ​ដើម​ភាគតិច​ហើយ​ក្នុងចំណោម​ស្ត្រី​ជនជាតិដើម​ភាគតិច ដែល​ចាប់ផ្តើម​អាជីវកម្ម​ខ្នាតតូច ដោយ​ខ្លួនឯង​បែប​ហ្នឹង គឺ​ទើប​តែមាន​ ២​ ទៅ​ ៣ ​នាក់​ប៉ុណ្ណោះ​។​

​ចំពោះ​អ្នកស្រី​សុខ​ឯម គឺមាន​អ្នក​ស្គាល់​គាត់​ច្រើន ចាប់តាំងពី​មានការ​ចូលរួម​ប្រកួត​ម្ហូបអាហារ​ជាមួយនឹង​ស្ថាប័នរដ្ឋ និង​អង្គ​ការ​ដៃគូ​ផ្សេងៗ​ដែល​អាច​ថា មាន​អ្នក​ស្គាល់​គាត់​តាំងពី​ពេល​នោះមក​។ ម្ហូបអាហារ​ «​ចា​ណា​ង​»​ នេះ មានតែ​ជនជាតិ​គ្រឹ​ង​នៅក្នុង​ខេត្តរតនគិរី​ដែល​អាច​ថា ជា​ម្ហូប​​អាហារ​តំណ​ពី​ដូនតា​ផង​។​

​ពាក់ព័ន្ធ​នឹង​ការរើសអើង​លើ​ជនជាតិដើម​ភាគតិច​វិញ​លោក​​ស្រី ស្រីមុំ បាន​លើកឡើងថា ជាទូទៅ​នៅតែមាន​ដូចជា ពេល​ឈ្លោះប្រកែក​គ្នា គេ​តែងតែ​និយាយ​សំដៅលើ​ជនជាតិដើម​ភាគតិច​ណាមួយ ហើយ​ជន​​ជាតិ​ដើម​ភាគតិច​ព្នង ត្រូវបាន​គេ​ស្គាល់​ច្រើនជាងគេ​។ អ៊ីចឹង​ឱ្យតែ​កន្លែង​ណា​និយាយ​ពី​រឿង​អាក្រក់ គឺ​គេ​ចូលចិត្ត​លើកយក​ជនជាតិ​នេះ​ជនជាតិ​នោះមក​និយាយ​។ ចំពោះ​និស្សិត​ដែលជា​ជនជាតិដើម​ភាគតិច ក៏មាន​ការរើសអើង​ពី​មិត្តភក្តិ តែ​យ៉ាង​ណា​ពួកគាត់​នៅតែ​ព្យាយាម​សិក្សា​បានល្អ​។

​លោកស្រី​ថា​៖ «​បច្ចុប្បន្ន​យើង​មាន​ព័ត៌មាន​ច្រើន នៅក្នុង​ដៃ​មានការ​យល់ដឹង​ច្រើន តែ​បុគ្គល​មួយចំនួន ការយល់ដឹង​របស់គាត់​នៅមានកម្រិត ទាក់​ទង​នឹង​ជនជាតិដើម​ភាគតិច​។ ពិសេស​ការរស់នៅ​រប​ស់គា​ត់ ការប្រតិបត្តិ​វប្បធម៌​ប្រពៃណី​មួយចំនួន តែ​យ៉ាងហោចណាស់ ជន​ជាតិ​ដើម​ភាគតិច​ចាប់ផ្តើម​ហ៊ាន​ទទួលស្គាល់​ខ្លួនឯង​»៕