ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ ជាពិសេសអង្គភាពប្រឆាំងភេរវកម្ម ត្រៀមខ្លួន និងអាវុធសម្រាប់បាញ់ទម្លាក់ ដ្រូន ឬយន្តហោះគ្មានមនុស្សបើក ដែលហោះចូលទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែនវៀតណាម។
ការបញ្ជានេះ ដោយលោកសន្មតថា អាចជ្រាដូនរបស់ក្រុមឧទ្ទាមនៅវៀតណាម ខណៈរដ្ឋាភិបាលវៀតណាមបញ្ជាក់ប្រាប់កម្ពុជាថាដ្រូន ទាំងនោះមិនមែនជារបស់រដ្ឋអំណាចខ្លួនទេ។
លោក ហ៊ុន សែន បានដាក់ចេញបទបញ្ជាដូចនេះនៅថ្ងៃទី ២៧ ខែមិថុនា តាមរយៈសារសំឡេងបន្ទាន់ដែលលោកបានផ្ញើចំពោះរដ្ឋមន្ត្រីក្រសួង ការពារជាតិលោក ទៀ បាញ់, អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន, មេបញ្ជាការកងអង្គរក្ស លោក ហ៊ីង ប៊ុនហៀង និងពិសេសបណ្តាកងកម្លាំងដែលនៅឈរជើងក្នុងខេត្តមណ្ឌលគិរី រតនគិរី និងក្រចេះ ព្រមទាំងអាជ្ញាធរដែនដីផងដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «មាន្រដូនជាច្រើនគ្រឿង បានហោះចូលទឹកដីកម្ពុជាយើងជាបន្តបន្ទាប់នៅក្នុងតំបន់នៃខេត្តរតនគិរី។ យើងបានសួរបញ្ជាក់ទៅកាន់ភាគីវៀតណាមហើយភាគីវៀតណាមបានបដិសេធថា មិនមែនជាដ្រូន របស់ខ្លួនទេ»។
លោកបានបន្តថា ៖ «ដូច្នេះ ការវាយតម្លៃជាបន្តបន្ទាប់រហូតមកថ្ងៃនេះ ខ្ញុំប៉ាន់ស្មានថាដ្រូន មានចំនួនដ៏ច្រើននេះជារបស់ពួកបច្ចាមិត្ត ដែលបានធ្វើសកម្មភាពវាយប្រហារក្នុងទឹកដីវៀតណាម ហើយឥឡូវមានសញ្ញាថា មួយចំនួនកំពុងបាក់ទ័ពចូលទឹកដីកម្ពុជា»។
ក្នុងការឆ្លើយតបនឹងសភាពការណ៍នេះលោក ហ៊ុន សែន បានដាក់ចេញបទបញ្ជាដល់បណ្តាមេដឹកនាំយោធាឱ្យត្រៀមខ្លួន និងបញ្ចេញអាវុធយុទ្ធភណ្ឌទំនើបទៅពង្រាយនៅតាមតំបន់ដែលមានដ្រូន ពីក្រៅ ហោះចូលទឹកដីកម្ពុជា ដើម្បីបាញ់ទម្លាក់ដ្រូន ដែលគ្មានប្រភពទាំងនោះ ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងការស៊ើបការណ៍សម្ងាត់ពីក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលវៀតណាម។
លោកក៏បានស្នើឱ្យអង្គភាពយោធា បញ្ចេញកងកម្លាំង និងអាវុធទំនើបរបស់កម្ពុជាជាបន្ទាន់ ដែលមានសមត្ថភាពវាយប្រហារយន្តហោះ ដើម្បីទប់ទល់នឹងអំពើឈ្លានពាន និងប្រឆាំងការស៊ើបការណ៍សម្ងាត់។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា លោកបានបញ្ជាឱ្យអង្គភាពរបស់លោក ហ៊ីង ប៊ុនហៀង បញ្ចេញកងកម្លាំងចំនួន ៥០០ នាក់ និងចំនួនអាវុធ ៥០០ ដើម សម្រាប់ប្រតិបត្តិការបាញ់ទម្លាក់ដ្រូន ដែលពង្រាយនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។
លោកបញ្ជាក់ថា៖ «សូមចាត់ចែងជាបន្ទាន់ បញ្ចេញកម្លាំងឱ្យបានឆាប់ ទាំងកម្លាំង និងអាវុធដែលនៅបញ្ជាការដ្ឋានអង្គរក្ស និងអាវុធដែលនៅអង្គភាពប្រឆាំងនឹងភេរវកម្ម ដែលអាវុធនោះជាប្រភេទអាវុធទំនើបរបស់យើង ដែលមានសមត្ថភាពបាញ់ទម្លាក់យន្តហោះ ហើយក៏មានសមត្ថភាពដើម្បីបាញ់ ដ្រូន ផងដែរ»។ លោក ហ៊ុន សែន បានប្រកាសមិនលើកលែង ឬអត់ឱនឱ្យអ្នកណាក៏ដោយ ដែលមកបំពានអធិបតេយ្យរបស់កម្ពុជា។
បន្ថែមពីនេះ តាមរយៈសារជាសំឡេងបង្ហោះតាមប្រព័ន្ធតេឡេក្រាម (Telgram) នៅរសៀលថ្ងៃទី ២៧ មិថុនាលោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំសូមអំពាវនាវបងប្អូននៅខេត្តក្រចេះ រតនគិរី មណ្ឌលគិរីនិងទីកន្លែងដែលកម្លាំងកងទ័ពរបស់យើងបានឆ្លងកាត់កុំមានការភ័យព្រួយអំពីសង្គ្រាមផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា។ ការធ្វើដំណើរនៃកម្លាំងប្រដាប់អាវុធដែលចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តរតនគិរី ឬមណ្ឌលគិរី និងទៅតាមខេត្តក្រចេះ ត្បូងឃ្មុំ គឺជាកម្លាំងអន្តរាគមន៍ដើម្បីជួយទៅដល់យោធភូមិភាគទី ១ ដោយសារតែការបំពានជាបន្តបន្ទាប់ពីសំណាក់យន្តហោះគ្មានមនុស្សបើកដែលយើងមិនដឹងប្រភពថា ចេញពីទីកន្លែងណា»។
គួរបញ្ជាក់ថា ការឆ្លើយតបរបស់លោកនាយករដ្ឋមន្ត្រី នៅក្នុងពេលនេះ បន្ទាប់ពីកម្ពុជា និងវៀតណាមបានសហការគ្នាទប់ស្កាត់ បង្ការកុំឱ្យក្រុមបាក់ទ័ពរបស់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលវៀតណាម រត់មកជ្រកកោននៅទឹកដីកម្ពុជា។
សូមរំឭកដែរថា កាលពីថ្ងៃទី ១១ ខែមិថុនា កន្លងទៅ ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឃុំខ្លួនមនុស្ស ៦ នាក់ និងតាមចាប់ខ្លួនអ្នកផ្សេងៗទៀត ពាក់ព័ន្ធការវាយប្រហារទីស្នាក់ការប៉ូលិស ២ កន្លែង នៅក្នុងខេត្ត DakLak តំបន់ភ្នំភាគកណ្តាល ដោយបានបណ្តាលឱ្យមន្ត្រី និងជនស៊ីវិលជាច្រើននាក់ស្លាប់។
តំបន់ខ្ពង់រាបកណ្តាលវៀតណាម ជាទីតាំងរបស់ក្រុមជនជាតិភាគតិចមួយចំនួនរស់នៅ ដែលគេចាត់ទុកជាតំបន់រសើបមួយចំពោះអាជ្ញាធរវៀតណាម ដោយកន្លងមក ប្រជាជនមូលដ្ឋាន មិនសប្បាយចិត្តនឹងរដ្ឋាភិបាលកណ្តាលវៀតណាម ជាពិសេសបញ្ហាសិទ្ធិដីធ្លី។
ជុំវិញបញ្ហានេះលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៧ មិថុនាថា ក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គភាពជំនាញ បានចាត់ចែងរៀបចំភ្លាមៗ បន្ទាប់ពីទទួលបានបទបញ្ជារបស់លោក ហ៊ុន សែន។ លោក ទៀ បាញ់ ថ្លែងបញ្ជាក់ថា៖ «ខាងកងទ័ពយើងគឺលឿនណាស់ បន្ទាប់ពីទទួលបទបញ្ជាពីសម្តេចតេជោមកទល់ពេលនេះ យើងបានរៀបចំរួចរាល់អស់ហើយ»។
លោករដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្ថែមទៀតថា ផ្នែកជំនាញបានរៀបចំអាវុធ និងកងកម្លាំងដោយផ្តោតសំខាន់លើប្រសិទ្ធភាពក្នុងប្រតិបត្តិការលើកនេះ ជាពិសេសសម្រាប់គោលដៅប្រឆាំងដ្រូន ដោយលោកមិនអាចបង្ហើបតាមរយៈប្រព័ន្ធផ្សព្វផ្សាយពីចំនួនកងកម្លាំងជាក់លាក់ និងប្រភេទអាវុធដែលប្រើប្រាស់លើកនេះបាននៅឡើយទេ។
ជាមួយគ្នានេះ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស (BHQ) បានបញ្ជាក់ឱ្យដឹងដែរថា កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្សបានចេញដំណើរទៅកាន់គោលដៅហើយ ដោយត្រៀមជាមួយអាវុធពិសេសសម្រាប់ប្រឆាំងដ្រូន ឬយន្តហោះគ្មានមនុស្សបើកតែម្តង។
លោកប្រាប់ឱ្យដឹងនៅថ្ងៃទី ២៧ ខែមិថុនា ថា៖ «ដ្រូនមានច្រើនយ៉ាងណាស់ ហើយវាហោះចូលដែនអធិបតេយ្យភាពកម្ពុជា មិនដឹងថា មានបំណងស្អី។ ឱ្យតែហោះចូលដែនអធិបតេយ្យកម្ពុជា ដឹងតែបាញ់ទម្លាក់ហើយ ព្រោះមានបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលហើយ យើងមិនខ្លាចក្នុងការបាញ់នោះទេ»។
លោកបានសង្កត់ធ្ងន់ថា៖ «បញ្ហាអធិបតេយ្យភាពរបស់ជាតិ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលត្រូវតែការពារឱ្យខាងតែបាន ជាពិសេសបង្ការការស៊ើបការណ៍សម្ងាត់នានា ដែលអាចកើតឡើងជាយថាហេតុ ព្រោះដ្រូន មានបច្ចេកវិទ្យាដើម្បីឈ្លបយកការណ៍»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ប្រតិបត្តិការនៃបទបញ្ជាប្រមុខរដ្ឋាភិបាលលើកនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយសារបញ្ហាសន្តិសុខជាតិគឺជារឿងសំខាន់ ខណៈការរំលោភលើដែនអធិបតេយ្យភាពទាំងក្របខ័ណ្ឌដែនអាកាស ដែនទឹក ព្រំដែនគោកក្តី កម្ពុជាមានភាពចាំបាច់ក្នុងការការពារ។
លោក គិន ភា ថ្លែងថា៖ «ដូចសម្តេចតេជោបញ្ជាក់ហើយថា រដ្ឋាភិបាលវៀតណាមថាដ្រូន ទាំងនេះមិនមែនជារបស់ខ្លួនឡើយ។ ដូច្នេះ មិនថាដ្រូន នោះ ជារបស់រដ្ឋាភិបាលវៀតណាម ឬមិនមែនក្ដី តែកម្ពុជាមានសិទ្ធិស្របច្បាប់ក្នុងការប្រឆាំងលើការរំលោភដែនដីកម្ពុជា ទោះក្នុងរូបភាពណាក៏ដោយ»។
លោកយល់ថា ការបាញ់ទម្លាក្រ់ដូនទាំងនោះគឺជាការចាំបាច់ព្រោះវាបានហោះចូលមកក្នុងទឹកដីកម្ពុជាហើយនៅក្បែរនឹងតំបន់កំពុងចលាចលរវាងក្រុមឧទ្ទាមវៀតណាម និងរដ្ឋាភិបាលវៀតណាមផងដែរ៕