ភ្នំពេញៈ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​អង្គការ​ជនពិការ​កម្ពុជា បាន​ជួបពិភាក្សា គ្នា​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ពា​ក់​ព័ន្ធ​សិទ្ធិ​ជន​មាន​ពិការ​ភាព និង​ការអនុវត្ត​គម្រោង​របស់​អង្គការ​ស្ដីពី​ការផ្សព្វផ្សាយ​និង​បញ្ជ្រាប​ពី​សេវា​សុខភាព​ដល់​ជន​មាន​ពិការភាព​ទូទាំង​​ប្រទេស​។​


​លោកស្រី អ៊ុច និពន្ធ សមា​​ជិ​កា និង​ជា​អគ្គនាយិកា​រដ្ឋបាល និង​បណ្តឹង​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​លោក​ស្រី ម៉ាក់ ម៉ូ​នី​កា នាយិកា​ប្រតិ​ប​ត្តិ​អង្គការ​ជនពិការ​កម្ពុជា បាន​ជួបគ្នា​កាលពី​ថ្ងៃទី​ ២៦ ខែមិថុនា​។​

​ក្នុងជំនួប​នោះ​លោកស្រី ម៉ាក់ ម៉ូ​នី​កា បាន​លើកឡើងថា គោលបំណង​សំខាន់​ដែល​អង្គការ​លោកស្រី ព្រមទាំង​សហការី សុំ​ជួប​គណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា គឺ​ដោយសារតែ​លោកស្រី​ចង់​ចែករំលែក និង​ផ្សព្វផ្សាយ​ពី​ផែនការមេ​អាស៊ាន​ ២០២៥ ស្តីពី​ការបញ្ជ្រាប​សិទ្ធិ​ជន​មាន​ពិការភាព និង​ផ្សព្វផ្សាយ​ការ​យល់ដឹង​សិទ្ធិ​ជន​មាន​ពិការ​​ភាព និង​សេវា​សុខភាព​ឥតគិតថ្លៃ​សម្រាប់​ជន​ងាយ​រងគ្រោះ និង​ជន​មាន​ពិការភាព​។


​លោកស្រី ម៉ាក់ ម៉ូ​នី​កា បាន​ថ្លែងថា អង្គការ​ជនពិការ​កម្ពុជា​មានបំណង​ស្វែងរក​កិច្ច​សហ​ការ​ការងារ​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​អាយ​ឆា​កម្ពុជា ក្នុងការ​អនុវត្ត​គម្រោង​របស់​អង្គការ ជាពិសេស​ពាក់ព័ន្ធ​នឹង​គម្រោង​ផ្សព្វផ្សាយ​និង​បញ្ជ្រាប​ពី​សេវា​សុខភាព​ដល់​ជន​មាន​ពិការភាព​ទូទាំងប្រទេស​។​

​លោកស្រី អ៊ុច និពន្ធ ក៏បាន​ថ្លែង​ដែរ​ថា សិទ្ធិមនុស្ស គឺមាន​ជាប់​ពាក់ព័ន្ធ​ជា​អន្តរ​វិស័យ ហើយ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែលជា​សេនា​ធិ​ការ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ការពារ និង​លើកកម្ពស់​សិទ្ធិ​មនុស្ស តែងតែ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អង្គទូត និង​អង្គការ​សង្គម​​ស៊ីវិល​នានា​។ រាជរដ្ឋាភិបាល​កម្ពុជា មានការ​យកចិត្ត​ទុក​​ដាក់​ក្នុងការ​លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព​ដោយបាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ជន​មាន​ពិការភាព និង​ផែនការ​សកម្មភាព​ផ្សេងៗ​ទៀតផង​។​


​លោកស្រី អ៊ុច និពន្ធ បាន​បញ្ជាក់ថា​៖ «​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា រីករាយ​ទទួល​ស្វាគមន៍​ចំពោះ​កិច្ច​សហប្រតិបត្តិ​ពី​អង្គការ​សង្គម​ស៊ីវិល​នានា ក៏ដូចជា​អង្គការ​ជនពិការ​កម្ពុជា ដើម្បី​ជំរុញ​ឱ្យ​ការលើកកម្ពស់​សិទ្ធិមនុស្ស ក៏ដូចជា​សិទ្ធិ​ជន​មាន​ពិការភាព​នៅ​កម្ពុជា​បាន​កាន់តែ​ប្រសើរ​»​។​

​នាពេល​ថ្មី​នេះៗ​ដែរ ក្រសួង​រួមទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ក៏បាន​ពិភាក្សា និង​ពិគ្រោះ​យោបល់​គ្នា​ពី​ការកសាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ២០២៤-២០២៨ ដើម្បី​ប្រមូល​ធាតុ​ចូល​៕