ភ្នំពេញៈ​ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ​ដល់​ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ ដែល​កំពុង​គ្រោង​ពង្រីក​សមត្ថភាព​កែច្នៃ​គ្រាប់ស្វាយចន្ទី​ដល់ ​៥​ ពាន់​តោន​នៅ​ឆ្នាំក្រោយ ឱ្យ​រិះរក​មធ្យោបាយ​បង្កើន​តម្លៃ​ទីផ្សារ​គ្រាប់ស្វាយចន្ទី​ដែល​ខូចខាត​ទ្រង់ទ្រាយ បន្ទាប់ពី​ឆ្លងកាត់​ម៉ាស៊ីន​បក​។​ លោកថ្លែងក្នុងអំឡុងពេល​លោក និង​មន្ត្រី​ពាក់ព័ន្ធ ចុះ​ពិនិត្យ​សក្តានុពល​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​នៅ​ខេត្តកំពង់ធំ កាល​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣​។​


​លោក​ថ្លែងថា៖ «​ត្រូវ​រិះរក​មធ្យោបាយ​បង្កើន​តម្លៃ​ទីផ្សារ​គ្រាប់ស្វាយចន្ទី​ដែល​ខូចខាត​ទ្រង់ទ្រាយ បន្ទាប់ពី​ឆ្លងកាត់​ម៉ាស៊ីន​បក ដែលមាន​ប្រមាណ​២០​ភាគរយ និង​កែខៃ​ម៉ាស៊ីន ឬ​សាកល្បង​ប្រើប្រាស់​ឧបករណ៍​បក​ណា​ដែល​អាច​កាត់បន្ថយ​អត្រា​ខូច​នេះ ឱ្យមាន​កម្រិត​មួយ​ទាប ដើម្បី​បង្កើន​ប្រាក់ចំណេញ​បន្ថែមទៀត​»​។​

​លោក ឌិ​ត ទីណា ក៏បានថ្លែង​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​សិក្សា​ពី​ការ​លទ្ធភាព​បង្កើត​សហគមន៍​កសិកម្ម​ដំណាំ​ស្វាយចន្ទី ដោយ​ការ​កៀរគរ​ទុនវិនិយោគ ការ​ចងក្រង​សហគមន៍​ផលិត និង​ស្វែងរក​ទីផ្សារ​លក់​ផលិតផល​ដំណាំ​សក្តានុពល​របស់​ប្រទេស​កម្ពុជា។​


​​លោក​បាន​បញ្ជាក់ថា​៖«​ម្ចាស់​សិប្បកម្ម បានទទួល​ផលចំណេញ​មួយផ្នែក​ពី​គោលនយោបាយ​បញ្ចុះ​ថ្លៃ​អគ្គិសនី​សម្រាប់​របរ​កសិកម្ម​ពី ៧៥០​រៀល ក្នុង​១​គីឡូវ៉ាត់ មក​នៅត្រឹម​តម្លៃ ៤៨០​រៀល​ក្នុង​១​គីឡូវ៉ាត់ សម្រាប់​ការប្រើប្រាស់​ពេលយប់​ ដែល​នេះ​ជា​គោលនយោបាយ​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​គិតគូរ​ដល់​វិស័យ​កសិកម្ម ជាពិសេស​ដាំ​ណាំ​ស្វាយចន្ទី​»​។​

​លោក​រដ្ឋមន្ត្រី​បាន​រំឭក​ផងដែរ​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ជំរុញ​ការកែច្នៃ​គ្រាប់ស្វាយចន្ទី​នៅក្នុង​ស្រុក​ដើម្បី​បម្រើ​ដល់​ការនាំ​ចេញទៅ​ក្រៅប្រទេស ដោយ​កម្ពុជា​ផលិត​បាន​គ្រាប់ស្វាយចន្ទី​ច្រើនជាងគេ​បំផុត​ក្នុង​ពិភពលោក ចំនួន១ ១៨០ ០០០តោនក្នុង​ឆ្នាំ​២០២១ ដោយ​នាំមុខ​ប្រទេស​កូត​ឌឺ​វ័រ ដែល​ផលិត​បាន​១ ១០០ ០០០តោន និង​ប្រទេស​ឥណ្ឌា​ផលិត​បានន​៨​០ ០០០​តោន​។​


​លោកស្រី អុិន ឡៃ​ហួត ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ ខេត្តកំពង់ធំ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៨ ខែមិថុនា​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នាពេលនេះ បានផ្តល់​ការណែនាំ​ល្អជា​ច្រើន​ដល់​សិប្បកម្ម​លោកស្រី ដោយបាន​ជំរុញ​ទឹកចិត្ត​ដល់​សិប្បកម្ម ឱ្យខិត​ខំប្រឹងប្រែង​កែច្នៃ​គ្រាប់ស្វាយចន្ទី​ដើម្បី​បង្កើន​ការនាំចេញ​បន្ថែមទៀត​។​

​លោកស្រី​បាន​បន្ថែមថា ខ្សែ​ចង្វាក់ផលិត​នេះ បាន​ផ្លាស់ប្តូរ​ពី​ឧបករណ៍​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ខ្នាតតូច ទៅជា​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ខ្នាត​ធំ ដែលមាន​សមត្ថភាព​កែច្នៃ​កាន់តែ​ធំ និង​ឆាប់រហ័ស​។​ទន្ទឹមនឹង​ការដាក់ចេញ​ផែនការ​បង្កើន​ការប្រមូលទិញ​គ្រាប់ស្វាយចន្ទី​ស្រស់​ពី​ប្រជា​សហគមន៍​ឱ្យបាន​ដល់ ៥ ០០០​តោន នៅ​ឆ្នាំ​២០២៤ ដើម្បី​កែច្នៃ និង​ចែកចាយ​លក់​លើ​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញទៅ​ក្រៅប្រទេស សិប្បកម្ម​លោកស្រី ក៏​កំពុង​ត្រៀម​រៀបចំ​ពង្រីក​រោង​សិប្បកម្ម​ដែលមាន​សមត្ថភាព​កែច្នៃ​កាន់តែ​ខ្ពស់​បន្ថែមទៀត នៅ​ឆ្នាំ​២០២៣​នេះ ដោយមាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​។​

លោកស្រី អុិន ឡៃ​ហួត បាន​បញ្ជាក់ថា៖ «​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ​យើង គ្រោង​ពង្រីក​សមត្ថភាព​កែច្នៃ​គ្រាប់ស្វាយចន្ទី​ដល់​៥​ពាន់​តោន​នៅ​ឆ្នាំក្រោយ​។ ដូចនេះ​យើង​បាន​ផ្លាស់ប្តូរ​ពី​ឧបករណ៍​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ខ្នាតតូច ទៅជា​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ខ្នាត​ធំ ខណៈដែល​យើង​ក៏​បាននិងកំពុង​សាងសង់​ទីតាំង​កែច្នៃ​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការនាំចេញ​របស់​យើង​ក្នុងឆ្នាំនេះ គ្រប់​ចំនួន​កំណត់​»​។​

​លោកស្រី បានឱ្យដឹង​ទៀតថា សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ ឆ្នាំនេះ​នឹងត្រូវ​នាំចេញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​ឱ្យបាន​២០០​តោន​ទៅកាន់​ប្រទេស​ជប៉ុន ខណៈដែល​គិត​ត្រឹម​ខែមិថុនា​នេះ សិប្បកម្ម​ទើបតែ​ចេញទៅ​ជប៉ុន​បាន​៧០​តោន​ប៉ុណ្ណោះ​។​

​​លោកស្រី អ៊ិន ឡៃ​ហួត ថ្លែងថា កន្លងទៅ​សិប្បកម្ម​របស់លោក​ស្រី ទិញ​គ្រាប់ស្វាយចន្ទី​ពី​សហគមន៍​កសិកម្ម​ចំនួន​៤ នៅក្នុង​ខេត្តកំពង់ធំ​ ​សហគមន៍​៤​ទៀត​នៅ​ខេត្តព្រះវិហារ​ និង​គ្រាប់ស្វាយចន្ទី​ស្តង់ដា គឺ​សិប្បកម្ម​ទិញ​ពី​បណ្តុំ​កសិករ ដែល​បាន​បង្កើត​ដោយ​សិប្បកម្ម​ផ្ទាល់ នៅ​ខេត្ត​កំពង់ធំ​នេះ​។​

​យោងតាម​សមាគម​ស្វាយចន្ទី​កម្ពុជា​(​ស​សក​)​បានឱ្យដឹងថា កម្ពុជា​ផលិត​គ្រាប់ស្វាយចន្ទី​ឆៅ បាន​ចំនួន ២៦​ម៉ឺន តោន ក្នុង​រយៈពេល​៣​ខែ គឺ​ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២៣​។​ក្នុងនោះ​ក៏បាន​នាំ​ចេញទៅ​វៀតណាម សរុប​ចំនួន ២៣​ម៉ឺន​តោន ស្មើ​ទឹកប្រាក់​៣២០​លាន​ដុល្លារ ដែល​ចំនួន​នេះ​ថយចុះ ១៣​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា ទៅនឹងឆ្នាំ​២០២២៕​