​ឧ​ត្ត​រ​មាន​ជ័​យៈ​​ព្រះ​សង្ឃ​ និង​ប្រជា​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័ន​បាន​សម្ដែង​ក្ដី​ព្រួយ​កង្វល់​ជា​ខ្លាំង បន្ទាប់​ពី​ប្រទះ​ឃើញ​មាន​ការ​លួច​ឆ្មក់​ចូល​នេសាទ​ត្រី​ខុស​ច្បាប់​នៅក្នុង​តំបន់​អន្លង់​អភិ​រក្ស​ត្រី​មេ​ពូជ នៃ​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​។


​ព្រះ​តេជ​ព្រះ​គុណ ​តន បូ​លីន អនុប្រ​ធាន​គណៈ​កម្មកា​រ​សហ​គមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័ន​ទទួល​បន្ទុកដឹក​នាំ​ការ​ចុះ​ល្បាត​ការពារ​ធន​ធាន​ធម្ម​ជាតិ មាន​ព្រះ​ថេរ​ដីកា​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ​ព្រះអង្គ​ និង​ក្រុម​ការងា​រ បាន​ប្រទះ​ឃើញ​មាន​ត្រី​ងាប់​ពេញ​តាម​ដង​អូរ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​សង្ឃ​រុក្ខ​វ័ន​។​

​ព្រះអង្គ​បាន​បញ្ជាក់​ថា​៖ «​ត្រី​ដែល​ងាប់​នោះ មិនមែ​នជា​ករណី​ងាប់​ដោយ​សារ​ការបំ​ពុល​ទឹក​ពី​ធម្មជាតិ [​ទឹក​ភ្លៀង​ហូរ​ច្រោះ​ចូលទៅ​ក្នុង​​នោះ​ទេ]​ ប៉ុន្តែ​វា​ជា​ករណី​បំពុល​បរិស្ថាន​ទឹក ​ដោយ​សកម្ម​ភាព​មនុស្ស​»​។​


​ព្រះអង្គ​បាន​បន្ត​ថា នៅ​ថ្ងៃទី​ ២៧​ ខែមិថុនា ឆ្នាំ​២០២៣ ​ព្រះអង្គ​និង​ក្រុម​ការងា​រ បាន​ប្រទះឃើ​ញ​មាន​ប្រជា​ពលរដ្ឋ​មួយ​ក្រុម​មក​ពី​សង្កាត់​-​ក្រុង​សំរោង ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ​ចូលទៅ​នេសាទ​ត្រី​នៅ​ក្នុង​តំបន់​នោះ ដោយ​ប្រើ​ប្រាស់​មង និង​សំណាញ់ ចុះ​បង់​និង​អូស​កៀរ​ចាប់​ត្រី​យ៉ាង​អនាធិប​តេយ្យ ​ដែល​សកម្ម​ភាព​នេះ បាន​បង្ក​ឱ្យ​មាន​ការ​បំពុល​ទឹក​ និងធ្វើឱ្យ​ត្រី​ងាប់​។​

​បើ​តាម​ព្រះ​តេ​ជព្រះគុណ បូ​លីន ​ត្រី​ដែល​ងាប់​នៅ​ក្នុង​តំបន់​អន្លង់​អភិ​រក្ស​ត្រី​ពូជ​​នោះ ភាគច្រើន​ជា​ប្រភេទ​ត្រី​ខ្មាន់​ ត្រី​ក្អែក ​ត្រី​គ្រំ ... និងត្រី​ឆ្កោក ​ដែល​ខ្លះ​មាន​ទម្ងន់​ដល់​ទៅ​៥​គីឡូ​ក្រាម​ក្នុង​១​ក្បាល​។


​សកម្ម​ជន​ការ​ពារ​បរិស្ថាន​ និង​ធន​ធាន​ធម្ម​ជាតិ​ លោក​ អឿន វណ្ណា មាន​លំនៅ​ក្នុង​ស្រុក​អន្លង់​វែង ក៏បាន​លើក​ឡើង​ពីទ​ឡ្ហីករ​ណ៍​ស្រដៀង​ទៅ​នឹងព្រះ​តេជ​ព្រះ​គុណ​ បូ​លីន ផង​ដែរ​ថា ជា​ទូទៅ​ត្រី​ដែល​រស់​នៅ​តាម​អន្លង់ និង​តាម​ដង​អូរ​ធម្មជាតិ​ក្នុងព្រៃ​​ជ្រៅ គឺ​មិន​ងាប់​ដោយ​សារ​ករណី​ទឹកភ្លៀ​ង​ហូរ​ច្រោះ​នោះទេ​​។

​លោក​បាន​ពន្យល់​ថា​៖ «​ប្រភេទ​ត្រីដែល​រស់​នៅ​តាម​អន្លង់​ទឹក​ជ្រៅ ​និងតាម​ដ​ងអូរ​ធំៗ​តាម​ដងព្រៃ​​ភ្នំ ពួកវា​មិន​ងាយ​ងាប់​ទេ ​បើ​គ្មាន​ការ​បំពុល​បរិស្ថាន​ទឹក ឬ​ប្រើប្រា​ស់​ឧបករណ៍​ឆក់ដើម្បី​ចាប់​វា​នោះ »​។​

​ជា​មួយ​គ្នានេះ​ លោក​បាន​អំពាវ​នាវ​ដល់​គ្រប់​ប្រជា​សហ​គមន៍​មូល​ដ្ឋាន ​និង​ផ្នែក​ពាក់​ព័ន្ធ​ទាំង​អស់​ ចូល​រួម​ប​ញ្ឃ​ប់​សកម្ម​ភាព​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ​ និង​កា​របំពុល​បរិស្ថាន​ទឹក​នៅ​ក្នុង​ធម្មជាតិ​ ជា​ពិសេស ត្រូវ​បញ្ឈប់​ការ​ចង់​មាន ​ចង់​បាន​ហួស​ប្រមាណ ​ដែល​នាំឱ្យ​ខ្លួន​ធ្លាក់​ចូល​ទៅ​ក្នុង​អន្លង់​នៃ​តណ្ហា​។​

​លោក​ថ្លែង​ថា​៖ «​ធ្វើជា​មនុស្ស​កុំ​ដោយ​សា​រតែ​ប្រយោ​ជន៍​ឬ​ភាព​ស្រេក​ឃ្លាន​របស់​ខ្លួន​មួយ​ពេល​ទៅ​បំផ្លាញ​អ្វីៗ​គ្រប់​យ៉ាងដែល​នាំ​ឱ្យ​ខាត​បង់​ដល់​ប្រយោជ​ន៍​រួម​របស់​មនុស្ស​ទូទៅ ​ទាំង​ថ្ងៃនេះ​និង​ថ្ងៃ​អនា​គត​»៕