ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បានប្រកាស​ឱ្យ​កងទ័ព​របស់​កម្ពុជា ប្រើ​យុទ្ធសាស្ត្រ​ដាក់​សំណាញ់​មេឃ​ក្នុងការ​បាញ់​កម្ទេចដ្រូន (​យន្តហោះ​គ្មាន​មនុស្ស​បើក​) ពី​ខាងក្រោម ដោយ​ចំណាយ​ ១ ​ឬ​ ២​ លាន​គ្រាប់ ដើម្បី​បាញ់ដ្រូន​ទាំងនោះ ដែល​នៅតែ​ព្រហើន​ហោះចូល​ក្នុង​ទឹកដី​កម្ពុជា​។​


​លោក​បានលើកឡើង​ដូចនេះ នា​ព្រឹក​ថ្ងៃទី ​២៨ ​មិថុនា ​ក្នុងអំឡុង​ជួប​សំណេះ​សំ​ណា​ល​ជាមួយ​កម្មករ កម្មការិនី​ជិត​ ២​ ម៉ឺន​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​ ១៧ ដែល​កំពុងដំណើរការ​អាជីវ​កម្ម​ក្នុង​រាជធានី​ភ្នំពេញ​។

​លោក​បាន​លើកឡើងថា​៖ «​វា​ហោះ​ចូលមក​យប់មិញ​ ៥​ គ្រឿង​ទៀត តែ​អត់​មាន​អ្នកបាញ់ ដោយសារតែ​អត់​បាញ់​ហ្នឹងហើយ បាន​វា​នៅតែ​ព្រហើន​ហ៊ាន​ចូល អ៊ីចឹង​ត្រូវដាក់​សំណាញ់​មេឃ ធ្វើតាម​ក្បួន​របស់ខ្ញុំ​ដាក់ បាញ់​ពី​ខាងក្រោម ដោយ​ចំណាយ​ ១​ លាន ២​ លាន​គ្រាប់​ចោល​ទៅ គង់​អី​ដែល​វា​មិនត្រូវ​»​។​


​លោក​ ហ៊ុន សែន​ បន្តថា​៖ «​ខ្ញុំ​សុំ​ព្រមាន​ប្រទេស​ណាក៏ដោយ​ដែល​ឱ្យ​យន្តហោះ​គ្មាន​មនុស្ស​បើក​មក​ធ្វើ​សកម្មភាព​ឈ្លា​ន​ពាន​កម្ពុជា និង​ធ្វើ​ភេរវកម្ម​មកលើ​ទឹកដី​កម្ពុជា គឺ​បើ​យើង​ស៊ើបអង្កេត​បាន យើង​នឹង​ប្តឹងទៅ​អង្គការសហប្រជាជាតិ​»​។​

​នាឱកាស​នោះដែរ លោកនាយក​រដ្ឋ​មន្ត្រី ក៏បាន​ប្រកាស​ក្នុងការ​ផ្តល់​ថវិកា​ចំនួន ២០ ​ម៉ឺន​ដុល្លារ​អាមេរិក ទៅដល់​កម្លាំង​អង្គភាព​ណា ដែល​បាញ់​ធ្លាក់ ដ្រូន​ ១​ គ្រឿង​ផងដែរ​ ដើម្បី​លោក​ចង់ដឹងថាដ្រូននេះ​ចេញ​មកពី​ប្រភព​ណា​ពិតប្រាកដ ដែលដ្រូន​នេះ បាន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ជិត​មួយ​សប្តាហ៍​មកហើយ​ដែរ​។​


​ខណៈនោះ​ដែរ លោក​ក៏បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា សូមកុំ​បារម្ភ​ពី​ការកើតឡើង​នូវ​ការផ្ទុះ​សង្គ្រាម​ឡើយ ដោយ​លោក​ជឿជាក់ថា កម្លាំង​បាក់ទ័ព​ដែល​មកពី​ប្រទេស​វៀត​ណា​ម កំពុងស្ថិត​ក្នុង​ទឹកដី​ខ្មែរ ដែលដ្រូននេះ​មក​ចូល​ទឹកដី​ខ្មែរ​ដើម្បី​ធ្វើ​ទំនាក់ទំនង​ជាមួយនឹង​ពួក​បាក់ទ័ព​ទាំងនេះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​វា​គ្មាន​ហេតុផល​ណាមួយ​ដែល​ត្រូវបញ្ជូនដ្រូន​មក​ទេ តែ​ពួកនេះ​វា​ឱ្យ​សញ្ញា​។ ប៉ុន្មាន​ថ្ងៃមុន យើង​ឃើញ​មនុស្ស​ ២​ នាក់ យើង​ដេញតាម ហើយ​ម្នាក់​ជ្រុះ​ទូរស័ព្ទ​យើង​ឃើញ​មានការ​ទូរស័ព្ទ​ចូលក្នុង​ទូរស័ព្ទ​ដែល​ជ្រុះ​នោះ យើង​លើក​ស្តាប់​ក៏​ឮ​សំឡេង​ជនជាតិភាគតិច​និយាយ​ចេញពី​ប្រទេស​វៀតណាម​»​។

​ក្នុង​ពិធី​នោះដែរ លោក​ ហ៊ុន សែន ក៏បាន​ព្រលយ​ឱ្យដឹង​ផងដែរ​ថា ការហ្វឹកហាត់​កងទ័ព​នេះ​ធ្វើឡើង​ក្នុង​ប្រទេសមួយ​ក្នុង​តំបន់ ហើយ​លោក​ក៏មាន​ការសង្ស័យ​លើ​ ២ ​ចំណុច​ផងដែរ​ទី១ ចេញពី​ប្រទេសមួយ​ដែល​លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​ទី​២ ​អាច​នឹង​ចេញពី​នាវា​។​

​កាលពី​ល្ងាច​ថ្ងៃទី​ ២៧ ខែមិថុនា លោកនាយក​រដ្ឋមន្ត្រី ក៏បាន​បញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​សហការគ្នា​រុករក​អ្នក​លាក់ខ្លួន​លើទឹក​ដី​កម្ពុជា​ដែល​រត់​ចេញពី​ទឹកដី​វៀតណាម​ដោយ​លោក​ចាត់ទុកថា ជា​ក្រុម​ប៉ុនប៉ង ធ្វើ​ភេរវកម្ម ហើយ​លោក​បាន​អំពាវនាវ​ឱ្យ​ប្រទេស​នានា បញ្ឈប់​ការអនុញ្ញាត​លើ​ការផ្តល់​ទីតាំង​បង្ហោះដ្រូន​ចូល​ដែន​អធិបតេយ្យ​​ភាព​កម្ពុជា​។

​លោក​ថ្លែង​តាមរយៈ​សារ​សំឡេង​ថា​៖ «​ខ្ញុំ​សូម​ដាក់ចេញ​បទបញ្ជា​បន្ថែម​ឱ្យ​កងកម្លាំង​នៅ​យុទ្ធភូមិ​ភាគ​ទី​១ សហការ​ជាមួយ​កងកម្លាំង​ទាំងអស់ ដើម្បី​រុករក​អ្នក​ដែល​មក​លាក់ខ្លួន​នៅលើ​ទឹកដី​កម្ពុជា​។ ការធ្វើដំណើរ​ទៅនេះ មិនមែន​គ្រាន់តែ​ដើម្បី​ពួន​​ស្ទាក់​កម្ទេច​យន្តហោះ​គ្មាន​មនុស្ស​បើក​នោះទេ ក៏ប៉ុន្តែ​យើង​ក៏ត្រូវ​រុករក​កម្លាំង ដែល​លាក់​ពួន រត់​ឆ្លងកាត់​ពី​ប្រទេស​វៀតណាម​ឆ្លង​មក​លាក់ខ្លួន​ក្នុង​ទឹកដី​កម្ពុជា​»​។​

​លោក ហ៊ុន សែន សន្មត​ថាដ្រូនទាំងនេះ​ទំនងជា​សម្ភារ​ស៊ើប​​ការណ៍ ស្វែងរក​ទំនាក់ទំនង​ជន​ដែល​រត់​ពី​វៀតណាម មក​លាក់ខ្លួន​នៅ​ទឹកដី​កម្ពុជា​។​

​ទន្ទឹមនឹង​នេះដែរ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​​ព្រឹទ្ធសភា​និង​អធិការ​កិច្ច កាលពី​ថ្ងៃទី​ ២៧ ខែមិថុនា ក៏បាន​ជំរុញ​បន្ថែម​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម តាម​ការណែនាំ របស់លោក ហ៊ុន​សែន​។ លោកស្រី​បានលើកឡើង​ដូចនេះ ក្នុង​ពិធី​សម្ពោធ​ដាក់​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន​៥​ក្នុង​ខេត្ត​ស្វាយ​រៀង ដែលជា​ខេត្ត​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​។​

​លោក​ យង់ ពៅ អគ្គលេខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា កម្ពុ​ជាមាន​សិទ្ធិ​ការពារ​ដែន​អធិបតេយ្យភាព ឯករាជភាព បូរណភាព​ទឹកដី​របស់ខ្លួន​ដោយ​ស្របច្បាប់ ហើយ​ការបញ្ជូន​កងកម្លាំង​ទៅ​ពង្រាយ​បាញ់​ទម្លាក់ដ្រូនគ្មាន​អត្តសញ្ញាណ​នោះ​ជា​រឿង​ចាំបាច់​បំផុត​ក្នុងការ​ការពារ​អធិបតេយ្យភាព​របស់ខ្លួន​។​

​លោក យង់ ពៅ បាន​ប្រាប់ថា​៖ «​យើង​ត្រូវតែ​បាញ់​ទម្លាក់ដ្រូនទាំងនោះ ដើម្បី​យកមក​សិក្សា​ស្រាវជ្រាវ​ថាដ្រូននោះ​ជា​របស់​អ្នកណា មាន​ប្រភពពី​ណា ដើម្បី​មក​រៀបចំ​ប្រព័ន្ធ​ការពារ​សន្តិសុខ​របស់​កម្ពុជា​វិញ​»​។

​លោក​បន្ថែមថា ក្នុង​កិច្ចសហប្រតិបត្តិការ​លើក​នេះ ភាគី​វៀតណាម ត្រូវ​ចូលរួម​សហការ​ឱ្យបាន​ពេញ​លេញជា​មួយ​កម្ពុជា​ក្នុងនាម​ជា​ដៃគូ​សហ​ប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​នឹង​គ្នា ពិសេស​ករណី​ក្រុមប្រឆាំង​ដែល​បាន​រត់​ភៀសខ្លួន​ពី​ទឹកដី​វៀត​ណា​ម​មក​ជ្រកកោន​នៅ​កម្ពុជា ដែល​ពាក់ព័ន្ធ​អធិបតេយ្យភាព​ជាតិ​និង​សន្តិសុខ​របស់​កម្ពុជា​។​

​លោក​ ហ៊ីង ប៊ុន​ហៀ​ង ​មេ​បញ្ជា​ការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស ​(BHQ) បាន​ប្រាប់​កាលពី​ថ្ងៃទី​ ២៧ ខែមិថុនា​ថា កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​បានចេញ​ដំណើរ​ទៅកាន់​គោលដៅ​ហើយ ដោយ​ត្រៀម​ជាមួយ​អាវុធ​ពិសេស​សម្រាប់​ប្រឆាំងដ្រូន ឬ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​តែម្តង​។​

​លោក​ថ្លែងថា៖ «​ឱ្យតែ​ហោះចូល​ដែន​អធិបតេយ្យ​កម្ពុជា ដឹង​តែ​បាញ់​ទម្លាក់​ហើយ ព្រោះ​មាន​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ហើយ​យើង​មិន​ខ្លាច​ក្នុង​ការបាញ់​នោះទេ​។ បញ្ហា​អធិបតេយ្យភាព​របស់​ជាតិ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ដែល​ត្រូវតែ​ការពារ​ឱ្យខាងតែបាន​ពិសេស​បង្ការ​ការ​ស៊ើបការណ៍​សម្ងាត់​នានា​ដែល​អាច​កើតឡើង​ជាយថាហេតុ​បាន ព្រោះដ្រូនមាន​បច្ចេកវិទ្យា​ដើម្បី​ឈ្លបយកការណ៍​»​។​

​សូម​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី​ ១១ ខែមិថុនា កន្លងទៅ ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម បាន​ឃុំខ្លួន​មនុស្ស ៦ នាក់ និង​តាម​ចាប់ខ្លួន​អ្នកផ្សេងៗ​ទៀត ពាក់ព័ន្ធ​ការវាយប្រហារ​ទី​ស្នាក់​​ការ​ប៉ូលិស​ ២ កន្លែង​នៅក្នុង​ខេត្ត DakLak តំបន់ភ្នំ​ភាគ​កណ្តាល ដោយបាន​បណ្តាលឱ្យ​មន្ត្រី និង​ជន​ស៊ីវិល​ជាច្រើន​នាក់​ស្លាប់​។​

​តំបន់​ខ្ពង់រាប​កណ្តាល​វៀត​ណា​ម ជាទី​តាំងរបស់​ក្រុម​ជន​ជាតិ​ភាគតិច​មួយចំនួន​រស់​នៅ ដែល​គេ​ចាត់ទុកជា​តំបន់​រសើប​មួយ​ចំពោះ​អាជ្ញាធរ​វៀតណាម ដោយ​កន្លងមក ប្រជាជន​មូល​​ដ្ឋា​ន មិន​សប្បាយ​ចិត្តនឹងរ​ដ្ឋា​ភិ​បាល​កណ្តាល​វៀតណាម ជា​ពិសេស​បញ្ហា​សិទ្ធិ​ដីធ្លី​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ២៧ ខែមិថុនា កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ពី​បញ្ជាការដ្ឋាន​កង​អង្គរក្ស​ចំនួន​ ៥០០​ នាក់ ជាមួយ​អាវុធ​ទំនើប​ប្រឆាំងដ្រូនចំនួន ២០០​ ដើម ទៅ​ពង្រាយ​នៅ​តំបន់​ជាប់​ព្រំដែន​វៀតណាម​ដើម្បី​ត្រៀម​បាញ់​កម្ទេចដ្រូន​ដែល​ហោះចូល​អធិបតេយ្យភាព​ក​ម្ពុ​ជា​៕