​ភ្នំពេញៈ លោកនាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន បាន​លើកឡើងថា អ្នក​ជាប់ពន្ធនាគា​រណា​ក៏ដោយ​ដែលមាន​អន្តរាគមន៍​ពី​បរទេស ត្រូវ​ជាប់ពន្ធនាគារ​ឱ្យ​គ្រប់​ថ្ងៃ ដោយ​មិន​មានការ​បន្ធូរ​​បន្ថយទោស​ទេ ដើម្បី​ទប់ស្កាត់​ការជ្រៀតជ្រែក​ពី​បរទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។​


​លោក​ ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​មូល​ហេតុដែល​មនុស្ស​ហ្នឹង​ជាប់គុក​ដោយសារ​អ្នក​ទាំងឡាយ​ស្រឡាញ់​អ្នក​ពិរុទ្ធជន​ពេក​។ គេ​កំពុង​ស្រាវជ្រាវ​មនុស្ស​ហ្នឹង​ឃុបឃិត​ជាមួយ​បរទេស បរទេស​នាំគ្នា​ទៅសួរសុខទុក្ខ​។ ហ្អា​! សួរ​ទៅ​!​រួចហើយ​នាំ​មនុស្ស​ហ្នឹង​ចូល​ទៅតាម​ស្ថានទូត​។ លោក​ឯង​ចាប់ដៃ​ជាន់​ជើង​ខ្ញុំ​។ រឿង​អី​ខ្ញុំ​ទៅ​ទុកចិត្ត​លោក​ឯង​។ ខ្ញុំ​មិន​លើកលែងទោស​ឱ្យ​មនុស្ស​ហ្នឹង​ដោយសារ​ខ្ញុំ​អត់​ទុកចិត្ត​បរទេស​ដែល​មានបំណង​បំផ្លាញ​ខ្ញុំ​។ ម៉ោង​នេះ​ធ្វើ​អី​ខ្ញុំ​! ខ្ញុំ​មិន​និយាយ​ឌឺ​ឱ្យ​អ្នកឯង​ទេ​»​។​

​លោក​បាន​បន្តថា​៖ «​ក៏ប៉ុន្ដែ​ចាប់ពី​ម៉ោង​នេះ​ទៅ ឱ្យ​សារ​ទៅ​អ្នកឯង អ្នកណា​ក៏ដោយ​ដែលមាន​អន្តរាគមន៍​របស់​បរ​ទេស​ជាប់គុក​ឱ្យ​គ្រប់​ថ្ងៃ អត់​មានការ​បន្ធូរបន្ថយ ហើយ​កុំ​ដាក់ចូល​ទៅក្នុង​បញ្ជី​ការបន្ធូរបន្ថយ និង​លើក​លែង​ទោស​ឱ្យសោះ ឱ្យ​តែមាន​បរទេស​លូកដៃ​ដើម្បី​យើង​ទប់ស្កាត់​អាការ​ជ្រៀតជ្រែក​ពី​បរទេស​ចូល​ស្រុក​ខ្មែរ​»​។​


​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​តំបន់​ព្រៃ​ស្ពឺ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៨ ខែមិថុនា លោក​ ហ៊ុន សែន លើកឡើងថា បើ​អ្នកមាន​សញ្ជាតិ ​២ ហើយ​នៅពេល​មក​កម្ពុជា​ត្រូវអនុវត្ត​តាមច្បាប់​កម្ពុ​ជា មិនមែន​តាមច្បាប់​បរ​ទេស​ទេ ហើយ​ថា​ «​ខ្ញុំ​គិតថា មិត្ត​បរទេស​ទាំងឡាយ​ដក​ពិសោធ​បាន​ហើយ​។ ថ្ងៃ​ក្រោយ​រាងចាល​»​។​

​កញ្ញា សេង ធា​រី អតីត​អ្នក​ច្បាប់ និង​ជា​អ្នកធ្វើការ​ខាង​ការពារ​សិទ្ធិមនុស្ស​ដែលមាន​សញ្ជាតិ​​ខ្មែរ​-​អាមេរិកាំង​ត្រូវបាន​សមត្ថ​កិច្ច​ចាប់ខ្លួន​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បាន​យកទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ភ្លាមៗ​ កាលពី​ថ្ងៃទី​ ១៤ ខែមិថុនា ឆ្នាំ​ ២០២២ បន្ទាប់ពី​តុលាការ​ចេញ​សាលក្រម​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ ៦ ​ឆ្នាំ ក្នុង​សំណុំរឿង​រួមគំនិត​ក្បត់​ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក​ សម រង្ស៊ី នា​ថ្ងៃទី​ ៩ វិច្ឆិកា ឆ្នាំ ​២០១៩​។


​កញ្ញា សេង ធា​រី ត្រូវបាន​បញ្ជូន​ពី​ភ្នំពេញ​ទៅ​ឃុំខ្លួន​នៅ​ពន្ធ​នា​គារ​ខេត្តព្រះវិហារ​ពីថ្ងៃ​ទី​ ១៥ ខែមិថុនា ឆ្នាំមុន ក្រោម​ហេតុ​​ផល​បារម្ភ​ពី​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​។​

​លោក ​ហ៊ុន សែន បន្ថែមថា​៖ «​ឥឡូវ​ការជាក់ស្តែង អប្សរា​ក្បាល​​ត្រងោល​យកទៅដាក់​គុក​នៅ​ព្រះវិហារ ហើយ​ថ្ងៃមុន​នោះគេ​ទៅសួរសុខទុក្ខ គេ​បញ្ជូន​សារ​ចេញមក​ចង់​ធ្វើ​កូដកម្ម​ទៀត​។ នាង​​ឯង​ធ្វើ​កូដកម្ម​អត់​អាហារ​ចង់​ងាប់​ចង់​ស្អី​ក៏​ទៅតាម​ចិត្ត​ខ្លួនឯង​ទៅ​!​បញ្ជូន​សារ​ចេញមក យើង​យកបាន​សារ​ហ្នឹង​តើ​!​ខ្ញុំ​បាន​មើល​សារ​ហ្នឹង​ដែរ​តើ​!»​។​

​លោក​ថ្លែងថា​៖ «​គេ​ចង់​ធ្វើ​កូដកម្ម​ទៀត​។ អើ​!​បើ​វា​ចង់​អត់បាយ​ឱ្យ​វា​អត់​ទៅ​! វា​មិនមែន​ពោះ​របស់​យើង​ឯណា​!​មុន​នោះ​ម៉ែ​ហ្អើ​យ​! វា​មិនដែល​ម៉ែ​អាណា​កោរ​ត្រងោល​ហើយ លេង​ពាក់​អប្សរា​ដើរ​តាមផ្លូវ​!​អាហ្នឹង​បាន​ខ្ញុំ​ហៅ​អប្សរា​ក្បាល​ត្រងោល​។ មិនទាន់​ដល់​ម៉ោង​ទេ​នាង​!​ដល់​ម៉ោង វ៉ៃខ្នោះ​គ្រឹប​! គ្មាន​បរទេស​ណា​មកជួយ​នាង​ឯង​កើត​ទេ​។ កុំ​ចាត់ទុកថា អី​សំណុំរឿង​រសើប វា​ប៉ះពាល់​ជា​​មួយ​ប្រទេស​នេះ ប្រទេស​នោះ​។ អត់​ទេ​! ជនជាតិខ្មែរ​តើ​! ទោះបី​បរទេស​មក​ធ្វើ​កំហុស​នៅ​ស្រុក​ខ្មែរ​ក៏​ខ្មែរ​មាន​សិទ្ធិ​កាត់ទោស​ដាក់គុក​នៅ​ស្រុក​ខ្មែរ​ដែរ​!​និយាយ​គ្នា​ឱ្យ​ច្បាស់​»​។​

​លោក យង់ ពៅ អគ្គលេខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ ខែមិថុនា​ថា កម្ពុ​ជាមាន​អធិបតេយ្យ​របស់ខ្លួន និង​មានអំណាច​ ៣​ ដាច់ដោយឡែក​គ្នា គឺ​អំណាចនីតិប្រតិបត្តិ នីតិ​ប្បញ្ញត្តិ និង​តុលាការ​។ ប្រសិន​​បើ​ជន​ណាមួយ​មានទោស​ទណ្ឌ​នៅ​កម្ពុជា កម្ពុជា​មានលទ្ធភាព និង​អធិបតេយ្យ​ក្នុងការ​កំណត់​ទោស និង​អនុវត្ត​ច្បាប់​របស់ខ្លួន​។​

​លោក​ថ្លែងថា​៖ «​អ៊ីចឹង​ប្រសិនបើ​មាន​ប្រទេស​ណាមួយ​មក​លូកលាន់​ទៅលើ​ការអនុវត្ត​ច្បាប់​នេះ​មានន័យថា កកូរកកាយ​ផ្ទៃក្នុង​របស់​កម្ពុជា​ហើយ ដូច​ករណី​ដែល​សម្ដេចនាយក​រដ្ឋ​មន្ត្រី​បាន​លើក​ទៅលើ​អ្នកទោស​មួយចំនួន​នោះ​។ អ៊ីចឹង​នេះ​ជា​រឿង​ត្រឹមត្រូវ​នៅក្នុង​ការការពារ​អធិបតេយ្យ​របស់ខ្លួន​»៕