ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​អ្នកមានចិត្ត​សប្បុរស​ចូលរួម​បរិច្ចាគ​ឈាម ដើម្បី​ជួយសង្គ្រោះ​ជីវិត ខណៈ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​អះអាងថា ការបរិច្ចាគ​ឈាម​នាពេល​បច្ចុប្បន្ននេះ​នៅមានកម្រិត​នៅឡើយ ពោលគឺ​បានត្រឹមតែ ៦០ ​ភាគរយ នៃ​តម្រូវការ​ឈាម​សរុប ១៧​ ម៉ឺន​ប្លោក​ប៉ុណ្ណោះ ក្នុង​ ១ ​ឆ្នាំៗ​។​


​លោកស្រី ខ្លូត ធីតា អតីត​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នាឱកាស​ទិវា​អន្តរជាតិ​នៃ​អ្នកបរិច្ចាគឈាម ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ភាសា​ជប៉ុន RSJC ​ថ្ងៃទី ​២៨ ខែមិថុនា បាន​ថ្លែងថា ជា​រៀង​រាល់ថ្ងៃ​មាន​ប្រជាពលរដ្ឋ​ខ្លះ បាន​ទៅ​ផ្តល់​ឈាម​នៅ​ម​ជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម យ៉ាង​ទៀងទាត់ ដោយមាន​អ្នកខ្លះ​បានផ្តល់​ឈាម​រហូតដល់​ទៅ​ ៧០ ​ដង​ឯណោះ​។ ប៉ុន្តែ​នៅតាម​មន្ទីរពេទ្យ​នានា នៅតែមាន​ការខ្វះខាត​ឈាម ដោយ​សារ​តែ​កំណើន​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម ខណៈ​អ្នក​ដែល​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​នៅតែមាន​កម្រិត​នៅឡើយ​។​

​លោកស្រី​ថ្លែងថា​៖ «​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន នៅ​មិនទាន់បាន​យល់​ពីសារ​ប្រយោជន៍​នៃ​ការបរិច្ចាគ​ឈាម​នៅឡើយ​ទេ​។ ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ស្ម័គ្រចិត្ត​ផ្តល់​ឈាម​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ឱ្យបាន​គ្រប់​តាម​តម្រូវការ​ជាក់ស្តែង​»​។​


​ជាមួយគ្នា​នោះ លោកស្រី ក៏បាន​ថ្លែង​ដោយ​ផ្តល់​តម្លៃ​ដល់​អ្នកបរិច្ចាគឈាម និង​បានផ្តល់​ការលើកសរសើរ​ដល់​អ្ន​ក​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​ថា ជា​វីរ​​បុរស ដែល​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ថែមទៀត​ផង​។​

​នាឱកាស​នោះដែរ​លោកស្រី មើ​ក សា​មាន អនុប្រធាន​ម​ជ្ឈ​​មណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​ថ្លែង​ដែរ​ថា នៅក្នុង​១​ឆ្នាំៗ ប្រទេស​កម្ពុជា មាន​តម្រូវការ​ឈាម​ប្រមាណ​ ១៧ ​ម៉ឺន​ប្លោក ដើម្បី​បំពេញ​សេចក្តីត្រូវការ​នៅតាម​មន្ទីរពេទ្យ​នានា​នៅ​ទូទាំងប្រទេស​។ ប៉ុន្តែ​បច្ចុប្បន្ននេះ ទាំង​អ្នកស្ម័គ្រចិត្ត​ផ្តល់​ឈាម​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម និង​អ្នក​បរិច្ចាគ​នៅតាម​មន្ទីរពេទ្យ​នានា មាន​ប្រមាណ​តែ ​៦០ ​ភាគរយ​ប៉ុណ្ណោះ នៃ​តម្រូវ​ការសរុប​។​


​លោកស្រី​បាន​បញ្ជាក់ថា​៖ «​ការផ្តល់​ឈាម​ធ្វើឡើង​តាម​វិទ្យាសាស្ត្រ ដោយ​សុវត្ថិភាព ដោយ​ការបរិច្ចាគ​ឈាម​ម្តង​មាន​កម្រិត​ ៣៥០​ មិ​លី្ល​លីត្រ ដែល​ស្មើនឹង​ប្រមាណ​ ៧ ​ភាគ​រយ​តែប៉ុណ្ណោះ នៃ​ចំណុះ​ឈាម ដែលមាន​នៅក្នុង​ខ្លួន​មនុស្ស​។​ដូច្នេះ យើង​អាច​បរិច្ចាគ​ឈាម ជា​រៀងរាល់​ ៣​ ខែម្តង ចំពោះ​បុរស និង ​៤​ ខែម្តង ចំពោះ​ស្ត្រី​»​។​

​លោកស្រី​ថ្លែងថា​៖ «​សូម​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​បរិច្ចាគ​ឈាម​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​មន្ទីរពេទ្យ​របស់​យើង​ទាំងអស់​មាន​ឈាម​ប្រើប្រាស់​គ្រប់គ្រាន់​តាម​តម្រូវ​ការ ព្រោះ​យើង​នៅ​ខ្វះ​ច្រើន​ដែរ ដល់​ទៅជិត ​៤០ ​ភាគរយ​ទៀត​។ ហេតុនេះហើយ​មានតែ​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​របស់​បងប្អូន​ទេ ទើប​អាចបំពេញ​សេចក្តីត្រូវការ​នេះ​បាន​»​។​

​លោកស្រី រាជ សំណាង អគ្គ​​នាយិកា​នៃ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ភាសា​ជប៉ុន RSJC​ និង​ក្រុមហ៊ុន​អ៊ែ​ក​ស៊​ល អេ​ស៊ា យូ​មេ រី​សស​សន៍ ដែលជា​ក្រុមហ៊ុន​នាំ​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ជប៉ុន​ដោយ​ស្របច្បាប់ ដែល​បានរៀបចំ​កម្មវិធី​បរិ​ច្ចាគ​ឈាម ដោយ​ស្ម័គ្រចិត្ត​ពី​សំណាក់​បុគ្គលិក សិស្ស និង​សាធារណ​​ជន​នៅ​ព្រឹក​ថ្ងៃទី​ ២៨ ខែមិថុនា បានបង្ហាញ​នូវ​ក្តី​សង្ឃឹមថា សកម្មភាព​នៃ​ការបរិច្ចាគ​នេះ អាច​នឹង​ក្លាយជា​គំរូ​មួយ​សម្រាប់​វិស័យ​ឯកជន​ដទៃទៀត​ក្នុងការ​ចូលរួម​ជួយ​សង្គម តាមរយៈ​ការបរិច្ចាគ​ឈាម​នេះ​។​

​លោកស្រី​ថ្លែងថា​៖ «​ការ​ផ្តួច​​ផ្តើមគំនិត​ឱ្យ បុគ្គលិក និង​សិស្ស​ដែល​ត្រៀម​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ក៏ដូចជា​សាធារណជន​ទូទៅ​បាន​ចូលរួម​បរិច្ចាគ​ឈាម​នេះ ដោយ​​សារ​តែ​យើង​បាន​យល់​ពីសា​រៈ​​សំខាន់​នៃ​ឈាម ក្នុង​ការជួយ​ជីវិត​មនុស្ស​។

​យើង​សង្ឃឹមថា សកម្មភាព​របស់​ក្រុមហ៊ុន​យើង​នាពេលនេះ នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​ឯកជន​ដទៃ យល់ដឹង​ពី​សារប្រយោជន៍​នៃ​ការបរិច្ចាគ​ឈាម និង​ចូលរួម​បរិច្ចាគ​ឱ្យបាន​គ្រប់គ្នា​»​។

លោកស្រី មើ​ក សា​មាន ថ្លែងថា​ការបរិច្ចាគ​ឈាម​នាពេល​បច្ចុប្បន្ននេះ សរុប​មាន​ប្រមាណ ៦០​ ភាគរយ ទាំង​ស្ម័គ្រចិត្ត និង​ការ​​ផ្តល់​ឈាម​ជំនួស ខណៈដែល​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​មាន​ត្រឹម​ប្រមាណ​ ១៥​ ភាគរយ​ប៉ុណ្ណោះ នៃ​តម្រូវការ​ឈាម​សរុប ១៧​ ម៉ឺន​ប្លោក ក្នុង​ ១ ​ឆ្នាំៗ​៕