សៀមរាបៈ តាមរយៈកិច្ចប្រជុំសម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់ប្រចាំត្រីមាសទី២ ឆ្នាំ ២០២៣ នាខេត្តសៀមរាប កាលពីថ្ងៃទី ២៧ ខែមិថុនា ស្ថាប័នពាក់ព័ន្ធនៅខេត្តសៀមរាបបានបង្ហាញការប្តេជ្ញាថា នឹងខិតខំរកយុទ្ឋសាស្ត្រថ្មី និងរួមគ្នាដោះស្រាយ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជាតាមផែនការដែលបានកំណត់។
លោក ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានឱ្យដឹងថា កិច្ចប្រជុំប្រចាំត្រីមាសទី២ ឆ្នាំ ២០២៣ នៃក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ គឺមានការចូលរួមពីតំណាងមន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ឋ អាជ្ញាធរក្រុងស្រុកនិងមន្ត្រីសុខាភិបាលមួយចំនួនទៀត។ កិច្ចប្រជុំនេះគឺដើម្បីធ្វើការពង្រឹងនូវតួនាទីបន្ថែមដល់ក្រុមការងារនិងពិនិត្យពិភាក្សាទៅលើស្ថានភាពជំងឺគ្រុនចាញ់ក្នុងខេត្ត សំដៅឈានទៅធ្វើការលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងឆ្នាំ ២០២៥។
ជាមួយគ្នានេះ លោក ក្រុស សារ៉ាត់ បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានដាក់គោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទ ហ្វាស៊ីប៉ារ៉ូមឱ្យអស់នៅកម្ពុជានិងលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទវីវ៉ាក់នៅឆ្នាំ ២០២៥។
លោកថា៖ «ដូចនេះយើងត្រូវពិនិត្យនិងតាមដានជាប្រចាំពិនិត្យនូវនិន្នាការនៃជំងឺបើឃើញមានអត្រាកើនឡើងយើងត្រូវរិះរកយុទ្ធសាស្ត្រថ្មីនិងរួមគ្នាដោះស្រាយដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់តាមការកំណត់ប្រកបដោយប្រសិទ្ធភាពនិងទទួលបានលទ្ធផលគាប់ប្រសើរ»។
តាមរយៈកិច្ចប្រជុំនោះ ភាគីពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប បានបញ្ជាក់ថាបច្ចុប្បន្នករណីជំងឺគ្រុនចាញ់មានការថយចុះគួរឱ្យកត់សម្គាល់។ជាក់ស្ដែងសម្រាប់ត្រីមាសទី១ និងទី២ ឆ្នាំ ២០២៣ នេះ គិតចាប់ពីខែមករាដល់ខែឧសភា ខេត្តសៀមរាប មានករណីគ្រុនចាញ់តែ ១២ ករណីប៉ុណ្ណោះ ហើយក្នុងនោះគឺបានជាសះស្បើយទាំងអស់ផងដែរ។
នៅក្នុងកិច្ចប្រជុំដដែលនេះដែរ មន្ទីរសុខាភិបាលខេត្តសៀមរាបក៏បានជំរុញដល់ក្រុមការងារពិសេសថ្នាក់ខេត្ត បន្តការអប់រំពីវិធានការបង្ការជំងឺគ្រុនចាញ់ និងបំផុសលើកទឹកចិត្តចលនាចូលរួមរបស់ប្រជាជនក្នុងការអនុវត្តសកម្មភាពលុបបំបាត់ប្រភពកកើតសត្វមូសដង្កូវទឹកអនាម័យបរិស្ថាននិងត្រូវស្វែងរកសេវាពិនិត្យពិគ្រោះនិងព្យាបាលជំងឺឱ្យបានត្រឹមត្រូវ ទាន់ពេលវេលានៅមូលដ្ឋានសុខាភិបាលសាធារណៈ ដែលនៅជិតលំនៅឋានបំផុតដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនចាញ់។
សូមរំឭកដែរថាក្នុងសារលិខិតសម្រាប់ទិវាជាតិប្រយុទ្ធជំងឺគ្រុនចាញ់ដែលផ្សាយកាលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានដាក់ចេញនូវយុទ្ធសាស្ត្រដោយប្តេជ្ញានឹងកម្ចាត់ជំងឺគ្រុនចាញ់ឱ្យដល់កម្រិតសូន្យចាប់ពេលនេះតទៅ។
លោកក៏បានអះអាងថា ផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជាកំពុងទទួលបានជោគជ័យព្រោះបើគិតចាប់តាំងពីឆ្នាំ២០១៦មក ត្រូវបានបញ្ឈប់លែងឱ្យមានភាពស៊ាំនឹងថ្នាំសម្លាប់មេរោគគ្រុនចាញ់ បន្ទាប់មកនៅចាប់ពីឆ្នាំ២០១៨មកទល់បច្ចុប្បន្នគ្មានមនុស្សស្លាប់ដោយសារជំងឺគ្រុនចាញ់ទៀតទេ។
រីឯករណីឈឺ ដោយជំងឺគ្រុនចាញ់ត្រូវបានកាត់បន្ថយជាលំដាប់ពីជាង១១ម៉ឺនករណីឈឺនិងស្លាប់ជាង៥០០នាក់ នៅឆ្នាំ២០១១ មកនៅសល់៤០៤១ករណីឈឺនៅឆ្នាំ២០២២។ ចំនួននេះមានការថយចុះចំនួន ៦ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលមានករណីគ្រុនចាញ់ ចំនួន ៤ ៣១៨ ករណី។ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីនៅតែអំពាវនាវឱ្យភាគីពាក់ព័ន្ធចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ ទៅតាមផែនការឱ្យដល់កម្រិតសូន្យចាប់ពេលនេះតទៅ។
បន្ថែមពីនេះដែរ ថ្លែងក្នុងពិធីប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នាខេត្តស្ទឹងត្រែង កាលថ្ងៃទី២៥ខែមេសាឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកម៉ម ប៊ុនហេង បានលើកឡើងដែរថាជំងឺគ្រុនចាញ់ ជាប្រភេទជំងឺដែលបង្កឡើងដោយមូសដែកគោលចម្លងមេរោគទៅមនុស្សបណ្តាលទៅជាបញ្ហាព្រួយបារម្ភចំបងដល់សុខភាពសាធារណៈ និងប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម។
ហេតុនេះ លោករដ្ឋមន្រ្តី បានជំរុញស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តផែនការយុទ្ធសាស្រ្តជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ឱ្យដល់កម្រិតសូន្យចាប់ពេលនេះតទៅ ខណៈដែលផែនការលុបបំបាត់ជំងឺគ្រុនចាញ់នឹងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ៕