ភ្នំពេញៈ ​របាយការណ៍​ស្ដីពី​ស្ថានភាព​សត្វ​ស្លាប​សំខាន់ៗ​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​នៃ​ខេត្តតាកែវ​បានបង្ហាញ​ថា ស​ត្វ​ស្លាប​កម្រ​ចំនួន​ ១៤​ ប្រភេទ ​ក្នុងចំណោម ​១៣២ ​ប្រភេទ​ មាន​វត្ត​មាននៅ​តំបន់​នេះ​ ខណៈ​ប្រភេទ​សត្វ​ស្លាប​ទាំងនោះ​កំពុង​ទទួល​ការគំរាមកំហែង​ជាស​កល​។​


​យោងតាម​របាយការណ៍​របស់​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៩ ខែមិថុនា​នេះ​ថា ឆ្នាំ ចាប់តាំងពី​ ២០០៣ ដល់​ឆ្នាំ​ ២០២១ ​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ត្រូវបាន​កត់ត្រា​ថា​មាន​សត្វ​ស្លាប​ចំនួន​ ១៣២​ ប្រភេទ​ នៅក្នុង​តំបន់​ការពារ​នេះ ក្នុងនោះ​រួមមាន សត្វ​ស្លាប​កម្រ​ចំនួន ២ ​ប្រភេទ ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ ២ ​ប្រភេទ​រងគ្រោះថ្នាក់ ២ ​ប្រភេទ ជា​សត្វ​ស្លាប​ងាយ​រងគ្រោះ និង​៧​ប្រភេទ ជា​សត្វ​ស្លា​បរង​ការគំរាមកំហែង ហើយ​និង ១១៩ ​ប្រភេទ​ទៀត ជា​ប្រភេទ​សត្វ​ដែល​រង​ការ​គំរាម​កំហែង​តិចតួច​។​

​របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា ក្នុងចំណោម​ប្រភេទ​សត្វ​ស្លាប​កម្រ​ទាំង​ ១៤​ ប្រភេទ មាន​សត្វ​ស្លាប​សំខាន់ៗ​ចំនួន​ ៣ ​ប្រភេទ​ ដែល​បាន​កត់ត្រា​ក្នុង​របាយការណ៍​នេះ ក្នុងនោះ​មាន សត្វ​ចាប​ព្រៃវែង សត្វ​ក្រៀល និង​សត្វ​ត្រដក់​ធំ សុទ្ធតែ​សត្វ​ស្លាប​ដែល​កំពុង​ទទួលរង​ការ​គំរាមកំហែងជាស​កល​។ សត្វ​ចាប​ព្រៃវែង គឺជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​លើ​លោក ដែល​កំណត់​ក្នុង​បញ្ជី​ក្រហម​ក្នុង​ឆ្នាំ​ ២០១៧​។ បក្សី​ប្រភេទ​នេះ​បង្ក​កំណើត​នៅ​អឺរ៉ុប និង​ទ្វីបអាស៊ី​ខាងជើង ហើយ​ពួកវា​តែងតែ​បំផ្លាស់​ទី​មកកាន់​តំបន់​អាស៊ី ប្រទេស​ឥណ្ឌា និង​ប្រទេស​ចិន​ភាគខាងត្បូង​នៅ​រដូវ​ត្រជាក់ និង​ហោះហើរ​ត្រ​ទ្ប​ប់​ទៅ​ប៉ែក​អឺរ៉ុប​វិញ​។


​នៅ​កម្ពុជា​សត្វ​ចាបព្រៃ​វែង ត្រូវបាន​ប្រទេះ​ឃើញ​ជា​ក្រុម​ក្នុង​រដូវវស្សា​នៅតាម​ទីជម្រក​ដែលជា ដី ចម្ការ វាលស្រែ និង​វាលស្មៅ ហើយ​តាម​របាយការ​ណ៍ ពួកវា​មានការ​ថយចុះ យ៉ាងគំហុក​ដោយសារតែ​ការដាក់​អន្ទាក់ មង សារធាតុពុល និង​មធ្យោបាយ​ផ្សេងទៀត​សម្រាប់​ធ្វើជា​អាហារ និង​លក់​នៅលើ​ទីផ្សារ​ជាដើម​។​

​ចំណែក​សត្វ​ត្រដក់​ធំ ក៏​ជា​ប្រភេទ​សត្វ​ស្លាប​ជិត​ផុត​ពូជ​លើ​ពិភពលោក ដែលមាន​នៅក្នុង​បញ្ជី​ក្រហម​របស់​IUCN ដែរ​ហើយ​ប្រភេទ​នេះ មាន​វត្ត​មាននៅ​ប្រទេស​បង់​ក្លា​ដែស នេ​ប៉ាល់ ភូមា ថៃ វៀតណាម និង​មាន​កន្លែង​បន្ត​ពូជ​តែ​នៅ​ប្រទេស​ឥណ្ឌា​និង​កម្ពុជា​ប៉ុណ្ណោះ​។ ខណៈដែល​ប្រភេទ​សត្វ​នេះបាន​កត់ត្រា​មាននៅ​ក្នុង​តំបន់​ព្រែក​ល្ពៅ​កាលពី​ឆ្នាំ​ ២០០៤ គឺ​សត្វ​ត្រដក់​មាន​ចំនួន ១៩​ក្បាល​បាន​ធ្លាក់​ចុះមក​ត្រឹម ១១​ក្បាល​នៅ​ឆ្នាំ​២០២១​។ ចំពោះ​សត្វ​ក្រៀល​វិញ ក៏​កត់ត្រា​ថា​នៅ​តំបន់​ព្រែក​ល្ពៅ​មាន​សត្វ​ក្រៀល​ចំនួន ៣០៤​ក្បាល ក្នុង​ឆ្នាំ​ ២០១១ ហើយ​បាន​ធ្លាក់​ចុះមក​សល់ ៥៦ ​ក្បាល ក្នុង​ឆ្នាំ​ ២០២១​។​


​ទាក់ទិន​រឿងនេះ លោក នេ​ត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានឱ្យដឹងថា ពាក់ព័ន្ធ​នឹង​ការអភិរក្ស​ជីវចម្រុះ ជាពិសេស​គឺ​អភិរក្ស​សត្វ​ស្លាប នៅក្នុង​ប្រទេស​កម្ពុជា គឺ​ក្រសួងបរិស្ថាន​មានការ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងនោះ​មានដូចជា តំបន់​ព្រែក​ទាល់ ជា​តំបន់​ដែលមាន​ប្រភេទ​សត្វ​ស្លាប​ដ៏​ធំ ពីព្រោះ​ទីតាំង​នោះ ជា​កន្លែង​សម្បូរ​ដោយ​ចំណី​។ ក្រសួង​ក៏បាន​ចាត់ទុក​ទីតាំង​នោះ​ថា ជា​តំបន់​ដែលមាន​ការពារ និង​អភិរក្ស​យ៉ាង​តឹងរុឹង ពីព្រោះ​ជា​តំបន់​ដែល​សត្វ​ស្លាប​ពង​កូន​។ ក្រៅពីនេះទៀត លោក​ថា តំបន់​ធម្មជាតិ​ទួល​ព័ន្ធ​តា​ឡី​-​បឹង​ស្នេហ៍​ស្ថិតក្នុង​ខេត្តព្រៃវែង​ក៏បាន​ក្លាយទៅជា​តំបន់ការពារទេសភាព និង​រួមមាន​តំបន់​បឹង​ព្រែក​ល្ពៅ​ក្នុង​តាកែវ តំបន់​អន្លង់​ព្រីង​ក្នុង​ខេត្តកំពត សុទ្ធតែជា​តំបន់​ដែលមាន​ប្រភេទ​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​កំពុង​រស់នៅ​ផងដែរ​។ ជាពិសេស​ប្រភេទ​សត្វ​ស្លាប​កម្រ​រួមមាន ចាបព្រៃ​វែង សត្វ​ក្រៀល និង​សត្វ​ត្រដក់ ដែល​កំពុង​ទទួលរង​ការ​គំរាមកំហែង។​

​លោក នេ​ត្រ ភក្ត្រា ថ្លែងថា​៖ «​អ៊ីចឹង​! ជាការ​ងារ​មួយ​ដែល​ក្រសួងបរិស្ថាន​បាន​យកចិត្តទុកដាក់​លើ​ការការពារ និង​អភិរក្ស​លើ​តំបន់​ទាំងអស់នោះ ដើម្បី​ផ្ដល់​ជម្រក​សុវត្ថិភាព​ដល់​សត្វ​ស្លាប ពីព្រោះ​កន្លែង​ទាំងអស់​ហ្នឹង វា​ជា​តំបន់​ដែល​សត្វ​ស្លាប​រកស៊ី​ផង​វា​ពង​កូន​ផង​។ ដូច្នេះ​ក្នុង​កិច្ច​ខំប្រឹងប្រែង​រួម គឺ​យើង​ការពារ​ដើម្បី​ប្រភេទ​សត្វ​កម្រ​ទាំងអស់នេះ ឱ្យមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ជា​បន្តទៅទៀត​»​។​

​ពាក់ព័ន្ធ​ការអភិរក្ស​នេះដែរ​លោក នេ​ត្រ ភក្ត្រា គូសបញ្ជាក់ថា ក្រសួង​ក៏​នឹង​ខិតខំ​ប្រឹងប្រែង ដើម្បី​អប់រំ ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​តំបន់​សត្វ​ស្លាប​កម្រ​ទាំងនោះ កុំឱ្យ​មានការ​បរបាញ់ និង​ការចាប់ ឫ​ដាក់​អន្ទាក់​ផងដែរ​៕