លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាស​ថា នៅក្នុង​ឆ្នាំ​នេះ រាជរដ្ឋាភិបាល​នឹងរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អក​អំបុក និងសំពះ​ព្រះខែ​ដ៏ធំ នៅរាជធានី​ភ្នំពេញ រួម​និងពិធីបុណ្យ​ឯករាជ្យ​ជាតិ​ផងដែរ ដើម្បី​អបអរខួប​លើក​ទី ៧០ ឆ្នាំ នៃបុណ្យ​ឯករាជ្យ​ជាតិ​នេះ។


ថ្លែងក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​នៅខេត្ត​ពោធិ៍សាត់ នៅថ្ងៃ​ទី៣០​ខែមិថុនា​ឆ្នាំ២០២៣ លោក ហ៊ុន សែន បានប្រកាស​ជាសធារណៈ​ថា នឹងរៀបចំ​កម្មវិធី​ធំៗ​ចំនួន ២ គឺបុណ្យ​អុំទូក និង​បុណ្យ​ឯករាជ្យ​ជាតិ។ លោកថ្លែង​យ៉ាងដូច្នេះ​ថា៖«ខ្ញុំ​សូម​បញ្ជាក់​ទុកជាមុន​ថា បុណ្យ​ធំៗ​នៅចុងឆ្នាំ​នេះ នឹង​មាន​ ២ ទី១ គឺបុណ្យ​ឯករាជ្យ​ជាតិ​ខួបលើក​ទី៧០ ឆ្នាំ​ត្រូវធ្វើ​ធំ ទី២ បុណ្យ​អុំទូក ត្រូវតែ​ធ្វើ​ធំ។

ព្រោះយើង​ខានធ្វើ​ឆ្នាំ​មុន ដោយសារ​ជាប់​ប្រជុំ​អាស៊ាន រហូត​ដល់​មនុស្ស​មួយចំនួន​គេ​ថា រដ្ឋាភិបាល​ខ្វះ​លុយ គឺអត់ទេ ព្រោះពេល​នោះ​ប្រជុំ​អាស៊ាន ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ច្រើន​ណាស់ មក​ចូលរួម​ប្រជុំ​យើងត្រូវតែ​ចូលរួម​ទទួល​បន្ទុក ខុសត្រូវ​គ្នា​ប៉ុន្មាន​ថ្ងៃ ដូច្នេះ​យើង​រែក​មិន​រួចទេ»។


ជាមួយគ្នា​នេះ លោកបានប្រាប់​ទៅ​អាជ្ញាធរ ក៏ដូចជា​ពលរដ្ឋ​ទូទាំង​ប្រទេស ត្រៀម​មកលេង​កម្សាន្ត​នៅរាជធានី​ភ្នំពេញ ដើម្បី​ការប្រណាំង​ទូក ការ​ប្រគំ​តន្រ្តី ក៏ដូចជា​ការតាំង​ពិព័រណ៍​នានា​ដែលតែងតែ​រៀបចំ​នៅពេល​មាន​ពិធីនេះ​ម្តងៗ។

លោក​ថា៖«អ៊ីចឹង! ឆ្នាំ​នេះ​ត្រៀម​ទៅ ប្រាប់​ទៅ​ទូទាំង​ប្រទេស​ឆ្នាំ​នេះ​ នឹងមាន​ពិធីបុណ្យ​អុំទូក​ធំនៅ​ទីក្រុង​ភ្នំពេញ បុណ្យ​ឯករាជ្យ​ជាតិ​ក៏ត្រូវ​ធ្វើ​ធំ​ព្រោះ​ជាខួប ៧០ ឆ្នាំ។ អ៊ីចឹង! ឆ្នាំ​នេះ​ស៊ីហ្គេម​ក៏ធំ ប៉ារ៉ាហ្គេម​ក៏ធំ អង្គរ​សង្ក្រាន្ត​ក៏ធំ»។


សូមជម្រាប​ថា ពិធីបុណ្យ​ឯករាជ្យ​ជាតិ គឺជាពិធី​បុណ្យ​ជាតិ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី៩ ខែវិច្ឆិកា ជារៀងរាល់​ឆ្នាំ​នៅប្រទេស​កម្ពុជា ដែល​ពិធីបុណ្យ​នេះ​ចាប់ផ្តើម​ប្រារព្ធ​ធ្វើឡើង​បន្ទាប់​ពីប្រទេស​កម្ពុជា​ បានទទួល​ឯករាជ្យ​ពេញលេញ​ចេញ​ពីអាណានិគម​បារាំង​នៅ​ថ្ងៃទី៩ ខែវិច្ឆិកា ១៩៥៣។

សម្រាប់​ទីតាំង​ប្រារព្ធ​អបអរសាទរ​គឺធ្វើ​ឡើង​នៅវិមាន​ឯករាជ្យ នៅរាជ​ធានីភ្នំពេញ​ជាមួយនឹង​កម្មវិធី​និង​ព្រឹត្តិការណ៍​សំខាន់ៗ​ផ្សេងៗទៀត។ ចំណែក​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និងសំពះ​ព្រះខែ អក​អំបុក នឹងរៀបចំ​នៅថ្ងៃ​ទី២៦ ដល់​ថ្ងៃ​ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។ នេះបើយោងតាម​ប្រតិទិន៕