ភ្នំពេញៈ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ​ឱ្យមាន​ការស្រាវជ្រាវ​បន្ថែម​ឱ្យបាន​ច្បាស់លាស់ លើការ​កែច្នៃ​ប្រហុក សម្រាប់ការ​ប្រកួត​ប្រជែង​នាពេល​ខាងមុខ ដោយ​ផ្តោត​ទៅលើ​ទាំង​បច្ចេកទេស​នៃការ​កែច្នៃ ក្លិន រសជាតិ និង​ខ្សែ​ច្រវាក់​តម្លៃ​តាំងពី​អ្នកនេសាទ​រហូត​កែច្នៃ ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព និង​និរន្តរភាព​សេដ្ឋកិច្ច​ពិតប្រាកដ​សម្រាប់​ការនាំចេញ។


លើសពីនេះ​ទៀត ត្រូវ​យកចិត្តទុកដាក់​លើ​ការចុះបញ្ជី​កម្មសិទ្ធិបញ្ញា និង​ឱ្យមាន​ការទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ។

បើ​យោងតាម​ក្រសួងកសិកម្ម លោក​ឌិ​ត ទីណា បានធ្វើ​ការណែនាំ​បែបនេះ នៅ​ក្នុង​ប្រជុំពិភាក្សា​ការងារ ស្តីពី​ការជំរុញ​ការកែច្នៃ​ប្រហុក សម្រាប់​ការនាំចេញ និង​គម្រោង​អភិរក្ស និង​អភិវឌ្ឍ​ព្រៃកោងកាង ស្ថិតនៅ​ភូមិកែប សង្កាត់​កែប ខេត្តកែប ជាមួយ​មូលនិធិ​គីណាល់ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម កាលពី​ថ្ងៃទី ២៩ មិថុនា។


បើតាម​លោក​រដ្ឋមន្ត្រី​កសិកម្ម ជា​គោលនយោបាយ ត្រូវបង្កើត​ឱ្យមាន​ទីផ្សា​រ​កែច្នៃ​ផលិតផល​បន្ថែម ទាំង​ធម្មជាតិ និង​វារីវប្បកម្ម។​

ដោយ​តម្រូវការ​ទីផ្សារ​មានការ​កើនឡើង​លឿន ដូច្នេះ​ត្រូវ​កំណត់​ប្រភេទ​ពូជត្រី​លូតលាស់​លឿន និង​អាច​កែច្នៃ​បាន​លឿន​ទៅតាម​តម្រូវការ​និង​ស្តង់ដា​ទីផ្សារ។


លោក​ឌិ​ត ទីណា ថ្លែងថា ដើម្បី​ជំរុញ​ការងារ​នេះ ក្រសួង​ជួយ​គាំទ្រ ទាំង​ផ្នែក​ចំណេះដឹង បច្ចេកទេស គោលនយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

បើតាម​ក្រសួងកសិកម្ម ប្រហុក​ត្រូវបាន​ចាត់ទុកជា​អាហារ​ប្រពៃណី​សម្រាប់​ប្រជាជន​កម្ពុជា ដែលជា​ផលិតផល​មួយ​ដ៏សំខាន់ ចូលរួម​ក្នុង​សន្តិសុខ​ស្បៀង និង​ផ្តល់​អាហារូបត្ថម្ភ ជាពិសេស​សម្រាប់​ប្រជាជន​នៅ​ទីជនបទ។

បើតាម​អង្គការ UNIDO បានឱ្យដឹងថា ប្រជាជន​កម្ពុជា​បរិភោគ​ប្រហុក​ជា​មធ្យម​ប្រមាណ​ចំនួន ១៨ ក្រាម ក្នុង​មនុស្ស​ម្នាក់ ក្នុង ១ ថ្ងៃ។

កម្ពុ​ជាមាន​សមត្ថភាព​ផ្គត់ផ្គង់​ប្រហុក​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ ២០២២ ចំនួន​ប្រមាណ ៨ ៩០០ តោន ដែល​ចូលរួម​ផលិត​ដោយ​ប្រតិបត្តិករ​សរុប​ចំនួន ១៨២ សហគ្រាស​កែច្នៃ នៅ​ទូទាំង​ប្រទេស សម្រាប់​ការផ្គត់ផ្គង់​ក្នុងស្រុក និង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មួយចំនួន​ដូចជា​ប្រទេស​បារាំង អាមេរិក កូរ៉េ ជាដើម៕