ភ្នំពេញៈ ជនមាន​ពិការភាព​ភ្នែក​ទាំង​សងខាង លោក ចាប តូ ត្រូវបាន​ព្រះមហាក្សត្រ តែងតាំង​ជាអនុរដ្ឋ​លេខាធិការ​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា​ តាមរយៈ​ព្រះរាជ​ក្រឹត្យ​ចុះថ្ងៃ​ទី២៧​ខែមិថុនា ឆ្នាំ២០២៣ ដោយ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​បាន​អះអាង​ថា លោកជា​ជនមាន​ពិការភាព​ភ្នែកទាំង​សងខាង​ទី១​ហើយ ដែលកាន់​តំណែង​ធំ​នេះ។


ជនពិការភាព​ភ្នែក​ទាំងសង​លោក ចាប តូ ដែលត្រូវបាន​គេដឹង​ថា​​ជាប្រធាន​សមាគម​តន្ត្រី​សំនៀង​ជនពិការ​បានធ្វើ​សកម្មភាព​ច្រើន​ក្នុងការ​ចូលរួម​លើកស្ទួយ​ជីវភាព​រស់នៅ ក៏ដូចជា​សំឡេង​របស់​ជនពិការ​នៅ​កម្ពុជា។ លោក ចាប តូ ដែលបាន​កើតនៅ​ខែសីហា ឆ្នាំ១៩៩៣ ក្នុងខេត្ត​ស្វាយរៀង គឺជា​កូន​កសិករ ពិការភាព​ភ្នែក​ទាំង​សងខាង ហើយបាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ២០១៦។ ក្នុង​នាម ជាប្រធាន​សមាគម​តន្ត្រី​សំនៀង​ជនពិការ​ភ្នែក លោក​គ្រប់គ្រង​ដឹកនាំ​ជនមាន​ពិការភាព​ប្រមាណ ៧០០ នាក់​នៅក្នុង​សមាគម​របស់​លោក។ នេះបើយោង​តាម​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​នៅថ្ងៃ​ទី៣០ ខែមិថុនា​នេះ។

ក្រុមប្រឹក្សា​សម្មភាពជន​ពិការ​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោមការ​ដឹកនាំ​របស់ លោក​នាយករដ្ឋ​មន្រ្តីហ៊ុន សែន បានធ្វើ​ការយកចិត្ត​ទុកដាក់​ជាខ្លាំង​ទៅដល់​ជនមាន​ពិការភាព។ ច្បាប់​បទដ្ឋាន​គតិយុត្ត​ជាច្រើន​ត្រូវបាន​បង្កើត​ឡើង ដើម្បី​គាំពារ​ជនមាន​ពិការភាព​និងកំពុង​តែបង្កើន​បរិយាកាស​ងាយស្រួល​ទៅដល់​ជនមាន​ពិការភាព​នៅក្នុង​ការរស់នៅ​ផងដែរ។ លើស​ពី​នេះ​ទៀត​ជនមាន​ពិការភាព​កាន់តែ​ច្រើន​ត្រូវបាន​លើក​ទឹកចិត្ត​ទាំងនៅ​ក្នុងវិស័យ​ឯកជន​និងនៅក្នុង​ស្ថាប័ន​រដ្ឋ៕