នាឱកាស អបអរសាទរ​ខួប​លើក​ទី២៤៧ នៃ​ទិវាបុណ្យ​ឯករាជ្យ​ជាតិ នៃ​សហរដ្ឋ​អាមេរិក លោក លី ធុជ ទេស​រដ្ឋមន្រ្តី អនុប្រធាន​ទី១ អាជ្ញាធរ​មីន បានវាយ​តម្លៃ​ខ្ពស់​ចំពោះការ​បង្កើត​នូវ​ទំនាក់ទំនង​ការទូត​ឡើងវិញ​នៅឆ្នាំ ១៩៩១ រវាង​កម្ពុជា និងសហរដ្ឋ​អាមេរិក ដែលបាន​នាំមក​នូវ​កិច្ចសហ​ប្រតិបត្តិការ​ល្អ​ក្នុងវិស័យ​ជាច្រើន​នៃ​ផល​ប្រយោជន៍​រួម។


លោក លី ធុជ ក្នុងនាម​រាជរដ្ឋាភិបាល បាន​អញ្ជើញ​ចូលរួម​ជាភ្ញៀវ​កិត្តិយស​ក្នុងការប្រារព្ធ​ខួប​លើក​ទី២៤៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នៃ​សហរដ្ឋ​អាមេរិក ជាមួយ​លោក W. Patrick Murphy ឯកអគ្គ​រដ្ឋ​ទូតសហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដែល​កម្មវិធី​នេះ​រៀបចំ​ឡើង​នៅរាជធានី​ភ្នំពេញ។

លោក លី ធុជ បានបង្ហោះ​នៅលើ​បណ្តាញ​សង្គមហ្វេសប៊ុក​របស់​លោក​នៅថ្ងៃទី ៣០​ខែមិថុនា​នេះថា​៖«ក្នុងនាម​រាជរដ្ឋាភិបាល ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការបង្កើត​នូវ​ទំនាក់ទំនង​ការទូត​ឡើងវិញ​នៅឆ្នាំ ១៩៩១ រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក ដែលជា​ទំនាក់ទំនង​យ៉ាង​ស្និទ្ធស្នាល និង​មានកិច្ច​សហប្រតិបត្តិការ​ល្អ​ក្នុងវិស័យ​ជាច្រើន​នៃផល​ប្រយោជន៍​រួម។ សហរដ្ឋ​អាមេរិក បាន​ដើរតួ​នាទី​យ៉ាងសំខាន់​ក្នុងការអភិវឌ្ឍ​សង្គម និងសេដ្ឋកិច្ច​កម្ពុជា»។


លោកបន្ត​ថា ក្នុងរយៈពេល​ ៣០ ឆ្នាំ​ចុងក្រោយ​នេះ សហរដ្ឋ​អាមេរិក​បានផ្តល់​ជំនួយ​ប្រមាណ​ជា ៣ ពាន់​លានដុល្លារ ដល់​ប្រទេស​កម្ពុជា​សម្រាប់​វិស័យ​អប់រំ សុខាភិបាល វប្បធម៌ កសិកម្ម បរិស្ថាន លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និងការបោស​សម្អាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និងគ្រាប់​មីន ជាដើម។ ជាមួយគ្នា​នេះ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​មេរោគ​កូវីដ១៩ សហរដ្ឋ​អាមេរិក បាន​បរិច្ចាគ​វ៉ាក់សាំង​កូវីដ១៩ ជាង ៣ លាន​ដូស និងផ្តល់​ជំនួយ​ចំនួន ១៦ លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា។

លោកគូស​បញ្ជាក់​ថា៖«ទោះបីជា​មានការប្រឈម​នឹងជំងឺ​កូវីដ១៩​ក៏ដោយ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​យើងទាំង​ពីរ​នៅតែ​បន្ត​ពង្រីក​ដោយ​ឈាន​ដល់​ជាង ១២ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២ ដែល​កើន​ឡើង ៤០ ភាគរយ​បើធៀប​នឹង​ឆ្នាំមុន។ សហរដ្ឋ​អាមេរិក​នៅតែជា​ទីផ្សារ​នាំចេញ​ដ៏ធំ​បំផុត​របស់​កម្ពុជា»។


ដោយឡែក​សម្រាប់ការ​ចូលរួម​ដល់វិស័យ​សកម្មភាព​មីន​មនុស្ស​ធម៌​នៅ​កម្ពុជា ក្នុងនាម​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និងជា​ប្រធាន​អាជ្ញាធរមីន លោក លី ធុជ ថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ជូន​ចំពោះ​សហរដ្ឋ​អាមេរិក ដែលបាន​ផ្តល់ការគាំទ្រ​យ៉ាងខ្លាំងក្លា​ក្នុង​សកម្មភាព​មីន​នៅ​កម្ពុជា ចាប់តាំង​ពី​ឆ្នាំ១៩៩៣ គិតជា​ទឹកប្រាក់​ប្រមាណ​ជាង ១៩០ លាន​ដុល្លារ។

លោកទេស​រដ្ឋមន្រ្តី បានចាត់ទុក​ជំនួយ​សកម្មភាព​មីន​របស់​សហរដ្ឋ​អាមេរិក បានរួមចំណែក​យ៉ាងសំខាន់​ក្នុងការកាត់​បន្ថយ​ជនរង​គ្រោះ​ដោយសារ​មីន​នៅក្នុង​ប្រទេស​កម្ពុជា។ ជាមួយគ្នា​នោះ លោកបាន​ថ្លែង​អំណរគុណ​ចំពោះការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក ដែលបន្ត​ធ្វើ​ការរួមគ្នា​ឆ្ពោះទៅ​រក​គោលដៅ​ប្រទេស​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ ២០២៥។

លោក លី ធុជ បានគូស​បញ្ជាក់​បន្ថែមទៀត​ថា ឆ្នាំ​មុន គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ​នៃទំនាក់ទំនង​ទ្វេភាគី​ដ៏យូរ​អង្វែង ដូចដែល​បានឃើញ​ក្នុងកិច្ច​ប្រជុំ​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ នៅខាង​ក្រៅ​អាស៊ាន-សហរដ្ឋ​អាមេរិក។ កិច្ចប្រជុំ​កំពូល​ពិសេស​នៅទីក្រុង​វ៉ាស៊ីនតោន​ឌីស៊ី និង​អាស៊ាន-សហរដ្ឋ​អាមេរិក​លើក​ទី១០ និងកិច្ចប្រជុំ​កំពូល​នៅទី​ក្រុង​ភ្នំពេញ។

លោកថា​៖«ក្នុងនាម​ជាប្រធាន​អាស៊ាន​ឆ្នាំ ២០២២ កម្ពុជា​បានធ្វើ​ការរៀបចំ និង​ការសម្របសម្រួល​ទាំងអស់​សម្រាប់ការ​លើក​កម្ពស់​ទំនាក់ទំនង​កិច្ចសន្ទនា​អាស៊ាន-សហរដ្ឋ​អាមេរិក​ចំពោះ​ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ»៕