ភ្នំពេញៈ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា ភាពជោគជ័យ​របស់​សិស្សានុសិស្ស កើតចេញពី​ការវិនិយោគ​របស់​មាតាបិតា ហើយ​ការវិនិយោគ​នេះ គឺជា​ការវិនិយោគ ដ៏​មានតម្លៃ ដ្បិត​ការកសាង​ធនធានមនុស្ស​មានន័យ​ស្មើនឹង​ការអភិវឌ្ឍ​សង្គមជាតិ ការរក្សាបាន​នូវ​សន្តិភាព​ជូន​ប្រទេសជាតិ​នីមួយៗ ក៏ដូចជា​ពិភពលោក​ទាំងមូល​ផងដែរ។​


លោក​ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែង​បែបនេះ ក្នុងពេល​លោក​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ បញ្ចប់​ការសិក្សា​មធ្យមសិក្សា​ទុតិយភូមិ នៅ​សាលា​អន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍​កាលពី​ថ្ងៃទី ២៩ មិថុនា។

បើ​យោងតាម​ក្រសួង​អប់រំ នៅក្នុង​ពិធី​នេះ លោក​រដ្ឋមន្ត្រី ក៏បានផ្ដល់​ជា​ដំបូន្មាន​ល្អៗ ជូន​សិស្សានុសិស្ស​ឱ្យខិត​ខំប្រឹងប្រែង​សិក្សា​រៀនសូត្រ ដើម្បី​ក្លាយខ្លួនជា​ធនធានមនុស្ស​យ៉ាង​ពេញលេញ​មួយ ពោរពេញ​ដោយ​បំណិន សម្បទា វិជ្ជា​សម្បទា ចរិយា​សម្បទា ជាពិសេស​គឺជា​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ផងដែរ៕​