កំពង់ស្ពឺៈ រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ​លោក ស ខេង ជំរុញ​ឱ្យធ្វើ​ការអភិវឌ្ឍ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា​និង​សាលា​នគរបាលជាតិ ភូមិភាគ​ទាំងអស់ ឱ្យ​ស្របតាម​ស្តង់ដា​គុណភាព និង​ការជឿ​ទុក​ចិត្ត​ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ដែលជា​មូលដ្ឋានគ្រឹះ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។​


​ការជំរុញ​នេះ ធ្វើឡើង​ក្នុងពេល​លោក​អញ្ជើញ​ជា​អធិបតី​បិទ​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​ប​ឋ​ម​វិជ្ជាជីវៈ​នគរបាល និង​សម្ពោធ​សមិទ្ធផល​នានា នៅ​សាលា​នគរ​បាល​ជាតិ​ភូមិភាគ ​៣ ខេត្ត​កំពង់​ស្ពឺ កាលពី​ថ្ងៃទី ២៩​ ខែមិថុនា ឆ្នាំ ២០២៣​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួងមហាផ្ទៃ​។​

​នា​ពិធី​នោះ​លោក ស ខេង បានបង្ហាញ​ការចាប់អារម្មណ៍​ប្រកបដោយ​មោទនភាព​យ៉ាងខ្លាំង​អំពី​ការ​វិវឌ្ឍន៍​រីកចម្រើន​របស់​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា និង​សា​លា​នគរបាល​ជាតិភូមិ​ភាគ​ទាំង​អស់ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រឹង និង​ហេដ្ឋារចនាសម្ព័ន្ធ​ទន់​។


លោក​បន្តថា ក្នុងពេល​កន្លងមក​ថ្មីៗ​នេះ​សមិទ្ធផល​នានា​នៅ​បណ្ឌិត្យសភា និង​សាលា​នគរ​បាល​ជាតិ​ភូមិភាគ​មួយចំនួន ពិនិត្យឃើញថា មូលដ្ឋាន​សម្ភារ​រូបវន្ត​ដែល​ត្រូវបាន​កសាង​ក្នុងដំណាក់កាល​នេះ ពិតជា​អាច​ឆ្លើយតបបាន​ភាគច្រើន ទៅនឹង​តម្រូវការ​ជាក់ស្តែង នៃ​ការបណ្តុះ​​បណ្តាល​ប្រកបដោយ​គុណភាព​។

​លោក​បានចាត់ទុក​ស្នាដៃ​ទាំងនេះ​ថា បានកើត​ឡើង​ស្រប​ពេលដែល​កម្ពុជា កំពុងមាន​ស្ថិរភាព និង​វឌ្ឍនភាព​ជាតិ​លើ​គ្រប់​វិស័យ ហើយ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភាពសម្បូររុងរឿង ប្រកបដោយ​ភាពសុខដុមរមនា ក្រោម​ដំបូល​សន្តិភាព​ពេញលេញ ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុ​ជាជាង​ ៥០០ ​ឆ្នាំ​ចុង​ក្រោយនេះ​។​


​លោក​បាន​គូសបញ្ជាក់ថា​ «​ខ្ញុំ​សូម​បញ្ជាក់ជូន​ថា អ្វីៗ​ដែល​យើង​ខិតខំ​ធ្វើ​ក្នុង​អតីតកាល បានឱ្យ​ផល​នាពេល​បច្ចុប្បន្ននេះ ហើយ​អ្វីៗ​ដែល​យើង​ខិតខំ​ធ្វើ​នាពេល​បច្ចុប្បន្ន​នឹង​ឱ្យ​ផល​ទៅ​ថ្ងៃ​អ​នា​គ​ត​។ ឧទាហរណ៍​ជាក់ស្តែង​ក្មួយៗ​ខិតខំ​សិក្សា​រៀនសូត្រ​ហ្វឹកហាត់​នាពេល​កន្លងមក ក្មួយៗ​ទទួលបាន​ជោគជ័យ​នាពេល​នេះហើយ​បន្ទាប់​ពីនេះ ក្មួយៗ​ត្រូវ​ព្យា​យាម​បន្ត​សិក្សា​រៀនសូត្រ​ដក​ស្រង់ បទពិសោធន៍​ការងារ និង​យកចិត្តទុកដាក់​លើ​ភារកិច្ច​ទទួល​ខុសត្រូវ នោះ​ក្មួយៗ​នឹង​ទទួលបាន​ជោគជ័យ​បន្ថែមទៀត ក្នុង​ជីវិត​ការងារ​នាពេល​អនាគត​»​។

​ក្នុង​ក្របខណ្ឌ​នៃ​ការបណ្ដុះ​បណ្ដាល​នគរបាលជាតិ លោក ស ខេង ថ្លែងថា ក្រសួងមហាផ្ទៃ បាន​ផ្ដោត​សំខាន់​លើ​ការបណ្ដុះបណ្ដាល​ក្នុងប្រទេស ដូច្នេះ​ក្រសួង​បាន​ជំរុញ​ការអភិវឌ្ឍ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា និង​សាលា​នគរបាលជាតិ ភូមិ​​ភាគ​ទាំងអស់ ឱ្យស្រប​តាម​ស្តង់​ដា​គុណភាព មាន​កិត្យានុភាព ឧត្ដមភាព និង​ការជឿទុកចិត្ត​ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្តរ​ជាតិ​។

​លោក​បន្ថែមថា​៖ «​ពីព្រោះ​ធនធានមនុស្ស​ដែល​ទទួលបាន​ពី​ការបណ្តុះបណ្តាល​ត្រឹមត្រូវ គឺជា​មូលដ្ឋានគ្រឹះ​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ ព្រោះ​គ្រឹះស្ថាន​បណ្តុះបណ្តាល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ជា​រោងចក្រ​កែច្នៃ​មនុស្ស ឱ្យមាន​តម្លៃ និង​មាន​ប្រយោជន៍​ដល់​សង្គមជាតិ​ទាំងមូល​»​។

​ទាក់ទង​នឹង​ការបណ្តុះបណ្តាល​វគ្គ​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល លោក​បញ្ជាក់ថា ​«​ក្មួយៗ ទាំងអស់​គឺជា​ឈាម​ថ្មី ដែល​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ​បាន​ជ្រើស​រើសយក​មកចាក់​បញ្ចូល ក្នុង​រដ្ឋ​បាល​សាធារណៈ ដើម្បី​បម្រើការ​ងារ​ក្នុង​វិស័យ​សន្តិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឱ្យបាន​ល្អប្រសើរ​។ ហេតុនេះ ចាំបាច់​ណាស់​ដែល​ទាម​ទារ​ឱ្យ​ឈាម​ថ្មី​នេះ​ជា​ឈាម​ដែល​មានគុណ​ភាពល្អ ដើម្បី​បំពេញ​តួនាទី​ជា​មន្ត្រីនគរបាល​បន្តវេន ប្រកបដោយ​លក្ខណសម្បត្តិ​សមស្រប និង​មានការ​ពេញចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​»​។​

​ទន្ទឹម​នោះដែរ លោក​បាន​ណែនាំ​ណ្ឌិ​ត្យ​សភា​នគរបាល​កម្ពុជា​និង​សាលា​នគរបាល​ជាតិភូមិ​ភាគ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ភារកិច្ច​ទទួលខុសត្រូវ ផែនការ គោលការណ៍​នានា និង​កម្មវិធី​កំណែទម្រង់​របស់ខ្លួន ឱ្យ​ទទួលបាន​ជោគជ័យ និង​សម្រេចបាន​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ព្រម​ទាំង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការងារ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​សមាហរណកម្ម​ខ្លួន​ទៅក្នុង​ក្រប​ខណ្ឌ​អាស៊ាន តំបន់ និង​ពិភព​លោក​ឱ្យបាន​ពេញលេញ ព្រមទាំង​មាន​ឧត្តមភាព​អាច​ប្រៀបធៀប​បាន​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ​។​

​ក្នុងឱកាស​នោះដែរ លោក វៀក សុភាព នាយក​សាលា​នគរបាល​ជាតិ​ភូមិភាគ ​៣ ថ្លែងថា ដំណើរ​ការបណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ ជំនា​ន់ទី​ ១៧ លើក​ទី ​១ ដែល​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ នាឱកាស​នេះ មាន​ចំនួន​ ១៨៣ ​នាក់​។ នគរបាល​ទាំងនេះ បាន​បញ្ជូន​មកពី​ស្នង​ការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ កំពត ព្រះសីហនុ និង​ខេត្ត​តា​កែវ​។ ចំណែក​សមិទ្ធផល​សម្ពោធ​នា​ថ្ងៃនោះ​វិញ​រួមមាន​ឡ​ដុត​សំរាម ផ្លូវ​បេតុង ប្រព័ន្ធ​រំដោះ​ទឹក អគារ​ស្នាក់នៅ​អគារសិក្សា ទីកន្លែង​សម្រាប់​ទទួលភ្ញៀវ រួម​នឹង​គ្រឿង​បរិក្ខា​ផ្សេងៗ​ជាច្រើន​ទៀត​៕