
ចុះកិច្ចព្រមព្រៀងទិញ-លក់ ស្រូវសរីរាង្គផ្ការំដួល កាលពីថ្ងៃទី ២៨ ខែមិថុនា។ រូបថត មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំងៈ សហគមន៍កសិកម្មចំនួន ៣ ក្នុងខេត្តកំពង់ឆ្នាំង បានចុះកិច្ចព្រមព្រៀងទិញ-លក់ ជាមួយក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គផ្ការំដួលដែលមានតម្លៃជាង ៤០០ លានរៀលដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងទទួលបានការធានាទាំងគុណភាព និងតម្លៃ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅថ្ងៃទី ២៨ ខែមិថុនាថា ពិធីចុះកិច្ចសន្យាទិញ-លក់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក កាន់ គន្ធី នាយកក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) និងលោក ឆុង សុផល នាយកគម្រោង សមាគមបណ្តាញកសិករ និងធម្មជាតិ (FNN)។
ការចុះហត្ថលេខាលើកិច្ចសន្យារវាងដៃគូក្រុមហ៊ុន ជាមួយសហគមន៍នេះ គឺបានព្រមព្រៀងគ្នាលើផលិតកម្មកសិកម្មស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គផ្ការំដួល ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៤៣៥ លានរៀល ដែលបានប្តូរពូជសុទ្ធល្អក្នុងខេត្តកំពង់ឆ្នាំង។
លោក ងិន ហ៊ុន ឱ្យដឹងថា ការចុះកិច្ចព្រមព្រៀងនេះ ភាគីទាំងសងខាងបានព្រមព្រៀងគ្នាទៅលើការងារកសិកម្មដូចជាការផលិត និងផ្គត់ផ្គង់ដំណាំស្រូវ នៅពេលដែលសហគមន៍កសិកម្មនៅខេត្តកំពង់ឆ្នាំង ពួកគាត់ផលិតបាន ដូច្នេះផលិតផលកសិកម្មរបស់ពួកគាត់នឹងឆ្លើយតបតម្រូវការទីផ្សារ ដោយទទួលបានការធានាទាំងគុណភាព និងតម្លៃផងដែរ។ ក្រៅពីការព្រមព្រៀងលើការផលិតដំណាំស្រូវហើយភាគីទាំង ២ ក៏នឹងមានការព្រមព្រៀងផ្នែកកសិកម្មផ្សេងទៀតដែររួមមាន ដំណាំបន្លែ និងចិញ្ចឹមសត្វ។
លោក ងិន ហ៊ុន ថា៖ «អ៊ីចឹង! សហគមន៍ដែលបានព្រមព្រៀងជាមួយក្រុមហ៊ុន គឺពួកគាត់នឹងទទួលបាននិរន្តរភាពនៃតម្លៃ ដែលមានន័យថា ផលិតផលកសិកម្មរបស់ពួកគាត់ដែលផលិតបាន វានឹងមិនមានបញ្ហាធ្លាក់ថ្លៃឡើយ»។
លោកថា ក្នុងខេត្តកំពង់ឆ្នាំងក៏នៅមានសហគមន៍កសិកម្មផ្សេងទៀត ដែលពុំទាន់បានចូលរួមចុះកិច្ចសន្យាខណៈដែលមន្ទីរកសិកម្ម នឹងសហការជាមួយអង្គការដៃគូ ដើម្បីពន្យល់ណែនាំដល់សហគមន៍ទាំងអស់ត្រៀមលក្ខណៈលើការចូលរួមព្រមព្រៀងជាមួយក្រុមហ៊ុនដើម្បីទទួលបានផលប្រយោជន៍ប្រកបដោយសមធម៌ និងនិរន្តរភាពរវាងដៃគូក្រុមហ៊ុន និងសហគមន៍។
ដោយឡែក លោក កាន់ គន្ធី នាយកក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ក៏បានឱ្យដឹងដែរថា នៅក្នុងឆ្នាំ ២០២៣ នេះក្រុមហ៊ុនក៏បានចូលរួមចំណែកផ្តល់ជាឥណទានពូជស្រូវផ្ការំដួលចុះបញ្ជីប្រមាណ ៨ ៣០០ គីឡូក្រាម និងឥណទានជីសរីរាង្គប្រមាណ ៤០ តោន សម្រាប់ការដាំដុះឆ្នាំ ២០២៣ នេះ ដើម្បីចូលរួមចំណែកក្នុងការបង្កើនទិន្នផល និងគុណភាពអង្ករសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោកថា៖ «កិច្ចសន្យាកសិកម្មនេះ គឺជាចលករមួយដ៏សំខាន់ ដើម្បីសម្រេចឱ្យបានផែនការនៃកិច្ចសន្យាផលិតកម្មកសិកម្មដែលបានគ្រោងទុកដែលជាការបន្ថែមពីលើការជួយជ្រោមជ្រែង ដែលជាតួអង្គសំខាន់ក្នុងការជំរុញ និងសម្រួលកិច្ចសន្យាកសិកម្មជាមួយសហគមន៍កសិកម្ម និងបង្កើនការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក» ៕