កោះកុងៈ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​ (WCS) សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​សាកលវិទ្យាល័យ​រដ្ឋ​មី​ស៊ី​ស៊ី​ពី​បានផ្តល់​សិក្ខាសាលា​ចំនួន​៣​ពី​ការគ្រប់គ្រង​ធនធាន​ជលផល ដល់​គណៈកម្មការ​សហ​គម​ន៍​នេសាទ​ចំនួន​ ៥​ នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ក្នុងស្រុក​ស្រែអំបិល​។​


​យោងតាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​(WCS)​នា​ថ្ងៃទី​២៩​ខែមិថុនា​បានឱ្យដឹងថា សិក្ខាសាលា​ដែល​ផ្តោតលើ​យុទ្ធសាស្ត្រ​អនាគត​ក្នុងការ​គ្រប់គ្រង​ជលផល​ប្រកបដោយ​និរន្តរភាព​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​៥៤​នាក់​។ ក្នុងនោះ​ស្ត្រី​ចំនួន​១៤​នាក់ មកពី​សហគមន៍​នេសាទ​ទាំង​៥​។​

​គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​កសាង​សមត្ថភាព និង​ផ្ទេរ​ចំណេះដឹង​ទាក់ទង​នឹង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ធនធាន​ជលផល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ទិន្នន័យ​ទាំងអស់​ត្រូវបាន​កត់ត្រា​រយៈពេល​២​ឆ្នាំ​ដោយ​សមាជិក​សហគមន៍​នេសាទ​ផ្ទាល់ ដោយ​ប្រើប្រាស់​ការស្រាវជ្រាវ​ធន​ធាន​ជលផល​បែប​ប្រជាសាស្ត្រ​ដែលមាន​ការចូលរួម​ផ្ទាល់​ពី​ប្រជា​នេសាទ​ក្នុង​តំបន់​។


​សិក្ខាសាលា​នេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការកសាង​សមត្ថភាព​របស់​គណៈកម្មកា​រ​សហគមន៍​នេសាទ​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ធនធាន​ជលផល​នេះ សម្រាប់ធ្វើ​ផែនការ​គ្រប់គ្រង​ធនធាន​ជលផល​ប្រកបដោយ​និរន្តរភាព​នាពេល​អនាគត​។ កម្មវិធីសិក្សា​នៃ​ការស្រាវជ្រាវ​ធនធាន​ជលផល​នេះ​ត្រូវបាន​ឧបត្ថម្ភ​ថវិកា​ដោយ​USAID-Feed the Future, Fish Innovation Lab and Mississippi State University៕