លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានបង្ហាញ​ការជឿជាក់​ថា ប្រជាពលរដ្ឋ​នឹងបន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់ការ​បោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ ខាងមុខ​នេះដើម្បី​ឱ្យ​រូបលោក​ដឹកនាំ​ប្រទេស​ជាតិ​បន្តទៀត ដែលនាំមក​នូវ​ការអភិវឌ្ឍ សន្តិភាព និងសាមគ្គីភាព។


ការបង្ហាញ​ជំនឿ​នេះ ធ្វើឡើង​ក្នុងឱកាស​លោក ហ៊ុន សែន ថ្លែង​បើកយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ និងរំឭក​ខួប​លើក​ទី ៧២ នៃ​ថ្ងៃ​បង្កើតគណបក្ស​ប្រជាជន​កម្ពុជា​នៅថ្ងៃ​ទី១ ខែកក្កដា ឆ្នាំ២០២៣ ដែលមាន​សមាជិក សមាជិកា ចូលរួម​ប្រមាណជាង ៧ ម៉ឺន​នាក់ ជួបជុំ​នៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍​កោះពេជ្រ។

នាឱកាស​នេះ លោកបាន​ចាត់ទុក​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ គឺជាព្រឹត្តិការណ៍​នយោបាយ​ជាប្រវត្តិសាស្ត្រ​មួយ​ដែលមាន​សារៈសំខាន់​ជាទី​បំផុត​ចំពោះ​ជាតិ។ ការសម្រេច​ចិត្ត​ខាង​នយោបាយ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ការបោះឆ្នោត​នេះ ដើម្បី​ជ្រើសរើស​យក​គណបក្ស​ណាមួយ​ឱ្យ​បន្ត​ដឹកនាំ​ប្រទេស គឺមាន​លក្ខណៈកំណត់​ចំពោះជោគ​វាសនា​អនាគត​របស់​ជាតិ និងប្រជាជន​ផ្ទាល់។


លោកថ្លែង​ថា៖«ខ្ញុំ​ព្រះករុណា ខ្ញុំមាន​ជំនឿ​ថា បងប្អូន​ជនរួម​ជាតិ​ដែលបាន​មើល​ឃើញជាក់ស្ដែង​រួចហើយ​នូវ​ការរីក​ចម្រើន​របស់​ប្រទេស​កម្ពុជា​នៅក្នុង​សុខសន្តិភាព ឯករាជ្យ ឯកភាព អធិបតេយ្យ និងបូរណភាព​ទឹកដី​ពេញលេញ​បច្ចុប្បន្ន​នេះ នឹងបន្ត​បោះឆ្នោត​គាំទ្រគណបក្ស​ប្រជាជន​កម្ពុជា និងខ្ញុំ​ព្រះករុណា​ខ្ញុំ ឱ្យ​ដឹកនាំ​ប្រទេស​ជាតិ​សម្រាប់​នីតិកាល​ទី៧ ជាបន្ត​ទៀត»។

ជាមួយគ្នា​នេះ ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បានប្រកាស និងសុំ​ការគាំទ្រ​ពីជន​រួមជាតិ​នូវ “កម្មវិធី​នយោបាយ​សម្រាប់​ការ កសាង និងការពារ​មាតុភូមិ​ឆ្នាំ២០២៣-២០២៨” ដើម្បី​ធានាការ​ការពារ​សន្តិភាព និងនិរន្តរជាតិ​លើ​មាគ៌ា​នៃការ អភិវឌ្ឍ និង​ការលើក​ស្ទួយ​ជីវភាព​ប្រជាជន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៣០ ជាប្រទេសមានចំណូល​មធ្យម​កម្រិត​ខ្ពស់ និងឈានទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០។


លោកបន្ថែម​ថា លើមូលដ្ឋាន​កម្មវិធី​នយោបាយ​នេះ គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់​ខ្ជាប់នូវ​គោលជំហរ​ជាយុទ្ធសាស្ត្រ ការពារ​របប​រាជានិយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ តាម​ប្រព័ន្ធនយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស បែបសភា​និយម​ឱ្យស្ថិតស្ថេរ​ជានិរន្តរ៍ ព្រមទាំង​ពង្រឹង និងពង្រីក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ឱ្យ​ចាក់​គ្រឹះរឹងមាំ​ក្នុងសង្គម​ជាតិ ដោយដើរទន្ទឹមនឹង​ការពង្រឹង​នីតិរដ្ឋ រួមជាមួយ​នឹងការលើក​កម្ពស់​ការគោរព​សិទ្ធិមនុស្ស។

លោកបន្ថែម​ទៀតថា ជាមួយគ្នា​នេះ គណបក្ស​នឹងពង្រឹង​ឯកភាព​ជាតិ និងប្តេជ្ញា​ទប់ស្កាត់ និងកម្ចាត់​គ្រប់​ទម្រង់​នៃ​នយោបាយ និងសកម្មភាព​ជ្រុលនិយម បង្ក​ឡើង​ដោយ​បុគ្គល ឬក្រុម​បុគ្គល ឬអង្គការ​ចាត់តាំង​នយោបាយ​ណាមួយ ឬមជ្ឈដ្ឋាន​អមិត្ត​ណាមួយ​ដែលព្យាយាមញុះញង់បង្កការបែកបាក់ជាតិ បង្កើតភាពវឹកវរសង្គម បំផ្លាញសុខសន្តិភាព បង្កអស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​តាមបែប​ឧទ្ទាម ដែលផ្ទុយ​ទាំងស្រុង​ពី​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និងរំលោភ​បំពាន​លើ​រដ្ឋធម្មនុញ្ញ នៃព្រះរាជា​ណាចក្រ​កម្ពុជា។

លោកបញ្ជាក់ទៀត​ថា គណបក្ស​ក៏នឹងបន្ត​ជ្រោងទង់​មហាសាមគ្គី​ជាតិ​នៅក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​នៃ​កម្ពុជា និងក្រោមម្លប់​ដ៏ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ សំដៅ​បង្រួបបង្រួម​ប្រមូលកម្លាំង​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ដោយឥតប្រកាន់​ពូជ​សាសន៍, ពណ៌​សម្បុរ, វ័យ, ភេទ, ភាសា, ជំនឿ​សាសនា, និន្នាការ​នយោបាយ, អតីតកាល, ដើម​កំណើត​ជាតិ, ឋានៈសង្គម, ធនធាន ឬស្ថានភាព​ឯទៀត ដើម្បី​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និងរាល់​សមិទ្ធផល​សង្គមជាតិ ព្រមទាំង​រួម​សាមគ្គីគ្នា​បន្ត​កសាង និងការពារ​មាតុភូមិ​ឆ្ពោះ​ទៅរក​អនាគត​ដ៏រុងរឿង។

លោកបន្ត​ថា គណបក្ស​នឹងបន្ត​អនុវត្ត​នយោបាយ​ការបរទេស​ឯករាជ្យ​ដោយផ្អែក​លើ​ច្បាប់ ការពារ​អធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំង​ការជ្រៀតជ្រែក​ពីខាង​ក្រៅ​គ្រប់​រូបភាព កសាង​មិត្តភាព និងកិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ រវាងកម្ពុជា​ជាមួយ​ប្រទេស​ទាំងអស់​នៅលើ​សកលលោក និងអង្គការ​អន្តរជាតិ​នានា ហើយចូលរួម​យ៉ាងសកម្ម​ចំពោះ​បុព្វហេតុ​សន្តិភាព ស្ថិរភាព សន្តិសុខ សហប្រតិ​បត្តិការ និងវិបុលភាព​នៅក្នុង​តំបន់ និងពិភព​លោក។

បើតាម លោក ហ៊ុន សែន គណបក្ស​ប្រជាជន​កម្ពុជា បានអនុម័ត​ការគាំទ្រ​រូប​លោក ជាបេក្ខភាព​នាយករដ្ឋ​មន្ត្រី​សម្រាប់​នីតិកាល​ទី៧ និងគាំទ្រ​លោក ហ៊ុន ម៉ាណែត ដែលជាកូន​ប្រុសច្បង ជាបេក្ខភាព​នាយករដ្ឋ​មន្ត្រី​សម្រាប់​ពេលអនាគត។ អនុវត្ត​សេចក្តី​សម្រេច​នេះ លោកបាន​សន្យា​ជាឱឡារិក​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បានជ័យ​ជម្នះ​នៅក្នុង​ការបោះឆ្នោត​លើក​នេះ រូបលោក​នឹង​ឈរ​យ៉ាងរឹងមាំ​លើ​គោលជំហរ​ជាយុទ្ធសាស្ត្រ​ខាង​លើ​នេះ និងដឹកនាំ​អនុវត្ត​ឱ្យ​បាន​សម្រេច​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលនឹង​ក្លាយជា​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី៧ នៃ​រដ្ឋ​សភា។

លោក យង់ ពៅ អគ្គលេខាធិការ​នៃរាជបណ្ឌិត្យ​សភា​កម្ពុជា បា្រប់ឱ្យដឹង​នៅថ្ងៃ​ទី១ ខែកក្កដានេះ​ថា ការដឹកនាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់តាំងពី​ការបោះ​ឆ្នោត អាណត្តិ​ទី១ នៃនីតិកាលទី ១ ក្នុងឆ្នាំ ១៩៩៣ រហូត​មក គណបក្ស​នេះ បានដឹកនាំ​ប្រទេស​ឱ្យ​មាន​សុខសន្តិភាព និងនាំមក​នូវ​ការអភិវឌ្ឍ​ដូច​បច្ចុប្បន្ន។

លោកបន្ត​ថា ឈរលើ​មូលដ្ឋាន​នេះ គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ​គណបក្ស​បាន​គូសវាស​តម្រាយ​ផ្លូវ​ច្បាស់លាស់​ទៅលើ​ការដឹកនាំ​ប្រទេស។ លោកបន្ត​ថា ដូច្នេះ សម្រាប់​ការបោះឆ្នោត​លើក​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រមើល​រួចជាស្រេច​នូវ​កម្មវិធី​នយោបាយ ​និងគោលនយោបាយ ក្នុងការដឹកនាំ​ប្រទេស ហើយនឹង​ទទួលបាន​ការគំា​ពី​ប្រជាពល​រដ្ឋ។

លោកថ្លែង​ថា៖«តាម​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន គណបក្ស​ប្រជាជន​កម្ពុជា នឹងឈ្នះ​ការដឹកនាំ​ប្រទេស ហើយ ដូច​ខ្ញុំ​បានលើក​ឡើង គណបក្ស​នេះ​បានគូស​វាស​នូវ​កម្មវិធីនយោបាយ​រួច​ជាសម្រេច អ៊ីចឹង!គ្មានអ្វី​រារែ​កនោះទេ»៕