ភ្នំពេញៈ សាកល​វិទ្យាល័យអ៊ិច ម៉ាកសី (Aix Marseille Université) របស់​បារាំង និងសាកល​វិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ គ្រោង​ចាប់ផ្តើម​គម្រោង​ពង្រឹង​សមត្ថភាព​ភាសា​បារាំង និងវប្បធម៌​នៃ​ប្រទេស​ដែល​ប្រើប្រាស់​ភាសា​បារាំង នៅ​ឆ្នាំ២០២៤ ដល់​និស្សិត និងសាស្ត្រាចារ្យ​នៅតាម​គ្រឹះស្ថាន​នានា​នៃ​ប្រទេស​កម្ពុជា​ដែល​ប្រើ​ភាសា​បារាំង។


កាលពី​ថ្ងៃទី៣០ ខែមិថុនា អ្នកម្នាង ម៉ែន ច័ន្ទទេវី សាកល​វិទ្យាធិការ​រង​នៃសាកល​វិទ្យាល័យភូមិន្ទវិចិត្រ​សិល្បៈ និងលោកស្រី សាស្ត្រាចារ្យ Corinne Flicker មកពី​សាកល​វិទ្យាល័យ​អ៊ិច ម៉ាកសី (Aix Marseille Université) បានជួប​ពិភាក្សា​អំពី​គម្រោង École d’été ដែលនឹង​រៀបចំ​ឡើងនៅ​ឆ្នាំ២០២៤។

ហ្វេសប៊ុក​សាកល​វិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ បញ្ជាក់​នា​ថ្ងៃទី៣០ ខែមិថុនា ថា៖ «គម្រោង [École d’été] នេះ​ផ្តោត​លើ​ការពង្រឹង​សមត្ថភាព​ភាសា​បារាំង និងវប្បធម៌​នៃប្រទេស​ដែលប្រើប្រាស់​ភាសា​បារាំង ដល់​និស្សិត និង សាស្ត្រាចារ្យ ដែលកំពុង​រៀន និង បង្រៀន ភាសាបារាំង​នៅតាម​គ្រឹះស្ថាន​នានា​នៃ​ប្រទេស​កម្ពុជា»៕