ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្លិប​អ្នក​កាសែត​កម្ពុជា (ក.អ.ក) បាន​សហការ​បើក​វគ្គ​បណ្តុះ​បណ្តាល​សារព័ត៌មាន​ស្តីពី «ការ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​សម្រាប់​អ្នក​សារព័ត៌មាន» រយៈពេល ២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​៣០ ខែ​មិថុនា និង​ថ្ងៃ​ទី៥ ខែ​កក្កដា ឆ្នាំ ២០២៣ នៅ​វិទ្យាស្ថាន​អភិបាល​កិច្ចឌីជីថល ស្ថិតនៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។


ក្លិប​អ្នក​កាសែតកម្ពុជា (ក.អ.ក) បាន​ឱ្យ​ដឹង​នា​ថ្ងៃ​ទី ៣០ ខែ​មិថុនាថា គោល​បំណង​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​គឺ ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នកសារព័ត៌មាន​នូវ​ចំណេះដឹង​បន្ថែម​អំពី​ការ​ប្រើប្រាស់​កម្មវិធី​ថត កាត់ត​វីដេអូ​តាម​ទូរស័ព្ទ​ដៃ ការ Edit រូបថត ដាក់​ក្រេឌីត​លើ​រូបថត​ដោយ​ប្រើទូរស័ព្ទ​ដៃ និង​ការ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ( Messenger, Telegram, Whatsapp ) ជាដើម។

ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ ២០២៣ នេះ មាន​ការ​អញ្ជើញ​ចូលជា​អធិបតីភាព​ពី​លោក លីវ សុផាណារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តំណាង​របស់​លោកជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោកសេង សុភាព ប្រធាន​បណ្ឌិត្យ​សភាបច្ចេក​វិទ្យាឌីជីថល​កម្ពុជា លោក ពុយ គា ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា និង អ្នកសារព័ត៌មាន​ដែល​ជាសិក្ខាកាម​ចំនួន ៣៤នាក់ មកពី ២៦ស្ថាប័ន៕