​សៀម​រាបៈ​​ ​មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា និ​ង​មូល​និធិ​គន្ធ​បុប្ផា​ស្វ៊ីស បាន​សម្រេច​ពង្រីក​បន្ទប់​សម្រាល​កូន​បន្ថែ​ម​ទៀត​នៅ​មន្ទីរ​ពេទ្យ​ជ័យវ​រ្ម័ន​ទី​៧ ​ក្នុង​ខេត្ត​សៀមរា​ប ខណៈ​បច្ចុប្បន្ន​ស្ត្រី​មាន​ផ្ទៃពោះ​មកពី​បណ្តា​ខេត្ត​នានា​ បន្ត​មក​ទទួល​សេវា​សម្រាល​កូន​ដោយ​ឥត​គិ​តថ្លៃ​​ចន្លោះ​ពី ៥០ ​ទៅ ៧០ នាក់ ក្នុង ​១ ​ថ្ងៃ​។


​ថ្លែង​ក្នុង​កម្មវិធី​ឥស្ស​រជន​ឆ្នើម​ថ្នាក់​ជាតិ​លើក​ទី​៤២ ប្រចាំខែ​មិថុនា ឆ្នាំ​២០២៣​ ស្តីពី «​ការ​ផ្តល់​សេវា​សុខ​ភាព​មាតា ​ទារក និង​កុមារ និង​ស្ត្រី​ឆ្លង​ទន្លេ ​នៅ​មន្ទីរ​ពេទ្យ​កុមារ​គន្ធ​បុប្ផា និង​ការ​ជួយ​គាំទ្រ​ពី​កាក​បាទ​ក្រហ​មកម្ពុជា​»​លោក​ យ៉ៃ ចន្ទ​នា ប្រធាន​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័នទី​៧ បានលើកឡើងកាលពីថ្ងៃទី៣០ មិថុនាថា តាមការស​ង្កេ​ត​ឃើញ​ថា បច្ចុប្បន្ន​ប្រជា​ជន​មាន​ការយល់​ដឹង​ច្រើន​ពី​ការ​ថែទាំ​​សុខ​ភាព​មាតា និង​ទារក​។

​លោក​បន្ត​ថា ក្នុង​នោះ​ឃើញថា ​ស្ត្រី​មុនពេល​សម្រាលកូ​ន​បាន​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​ផ្នែក​សម្ភព​បាន​៦​ទៅ​៨​ដង ដើម្បី​ពិនិត្យ​មើល​សុខភាព​ម្តាយ​និង​ទារ​ក្នុង​ផ្ទៃ ដើម្បី​ដឹងថា​ត្រូវ​លេប​ថ្នាំ​អ្វីខ្លះ និង​ចាក់​ថ្នាំ​ការពារ​តេតា​ណូស​ជាដើម​។​


​ពាក់​ព័ន្ធ​ការបើក​ផ្នែក​សម្ភព​នៅ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧​វិញ​ លោកយ៉ៃ ចន្ទ​នា បាន​ឱ្យដឹង​ដែរ​ថា ​គឺ​​ដើម្បី​កាត់​ផ្តាច់​ការ​ឆ្លង​មេរោគ​អេដស៍​ពី​ម្តាយ​ទៅ​កូនប្រកប​ដោយ​បច្ចេក​ទេស​នៃ​ការ​ថែទាំ និង​សម្រាល​កូន​ត្រឹម​ត្រូវ​។

​លោក​ថ្លែងថា​​៖«​ក្នុងនោះ​ការឱ្យ​ទឹក​ដោះគោ​​ទៅ​កូនបៅ​ ដើម្បី​ទប់ស្កាត់​ការឆ្លង រហូតដល់​បច្ចុប្បន្ន​ពុំមាន​ករណី​ឆ្លង​មេរោ​គ​អេដ​ស៍​ពី​ម្តាយ​ទៅ​កូន​ទេ ដោយសា​រ​យើង​ធ្វើ​ស្របតា​ម​កម្មវិធី​ជាតិ ក្នុង​ការ​ព្យា​បាល​មេរោគ​អេដស៍​ម្តាយ​មុនពេ​ល​​សម្រាលកូ​ន​»​។​


​ទន្ទឹម​នេះ ​ដោយ​សង្កេត​ឃើញ​កំណើន​ស្ត្រី​មាន​ផ្ទៃពោះ​មក​ទទួល​សេវា​ពិនិត្យ​និង​សម្រាល​ដោយ​ឥត​គិតថ្លៃ​ខាង​មូល​និធិ​គន្ធបុ​ប្ផា​កម្ពុជា និង​​មូលនិ​ធិ​គន្ធ​បុប្ផា​ស្វ៊ី​ស ស​ម្រ​ច​ពង្រីក​គ្រែ​បន្ថែម​ទៀត​។

​លោក​បាន​បញ្ជាក់​ថា​៖«​ជា​រៀង​រាល់ថ្ងៃ​ផ្នែក​សម្ភពមា​ន​ស្ត្រី​មក​ពិនិត្យ​ផ្ទៃពោះ​យ៉ាង​តិច​ ៣០០​ទៅ​៥០០​នាក់ ហើយ​សម្រាល​កូន​ជា​មធ្យម​៥០ ទៅ​៧០​នាក់ ​ថ្ងៃ​ខ្លះ​សម្រាល​កូន​ដល់​១០០​នាក់​រហូត​ដល់​ ២៤​ម៉ោង​ក៏មាន​»​។​

​លោក​បន្ត​ថា ស្ត្រី​ដែល​មក​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ​នេះ​ មកពី​ជុំវិញ​ខេត្តសៀ​មរាប ​កំ​ពង់ធំ បន្ទាយ​មានជ័យ និង​ខេត្ត​ព្រះវិ​ហារ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​ជំងឺ​ទឹកនោ​មផ្អែ​ម លើ​សឈា​ម បេះ​ដូង ពក​ក និង​ជំងឺ​ហូរ​ឈាម ដែល​មាន​ហានិ​ភ័យ​ខ្ពស់ ហើយ​ក៏មាន​ស្រី្ត​ខ្លះ​បញ្ជូន​មក​ពី​គ្លីនិក​ឯក​ជន ​មណ្ឌល​សុខ​ភាព និង​មន្ទីរ​ពេទ្យប​ង្អែក​មួយ​ចំនួន​​ដែល​ជា​ករណី​ស្មុគ​ស្មាញ​ផង​ដែរ​។​

​បើតាម​ប្រធាន​មន្ទីរ​ពេទ្យ រា​ល់​ស្ត្រី​ដែល​សម្រាល​កូន​រួចអាច​ស្នាក់​នៅ​មន្ទីរពេ​ទ្យ​បាន​តែ​២៤​ម៉ោង ​ក្រោយ​ពិនិត្យ​សុខ​ភាព​ឃើញ​ថា ​ល្អ ដោយ​សារ​ទីតាំង​ចង្អៀត ​លើកលែ​ងតែ​ករណី​សម្រាលកូ​ន​ដោយ​ការ​វះកាត់​ដែល​ត្រូវ​ស្នាក់​នៅ​បន្ត​រយៈ​ពេល​១​សប្តាហ៍​ឬ​២​សប្តាហ៍​។​

​ពាក់​ព័ន្ធ​នឹងការចូ​លរួម​បង្ការ​ចម្លង​មេ​រោគ​អេដស៍​ពី​ម្តាយ​ទៅ​កូន​វិញ ​លោក​ឱ្យដឹងថា ​​ស្រី្ត​មាន​ផ្ទៃពោះ​ដែល​ផ្ទុកមេ​រោគ​អេដស៍​នៅ​ក្នុង​ឆ្នាំ២០២០ ​ចំនួន​៧៥​នាក់ ក្នុង​ចំណោម​ស្ត្រី​មកសម្រាលកូន២៣ ​៧៧៥​នាក់ បាន​សម្រាល​កូន​ស្មើ​០,៣១ ភា​គរយ​។

​ក្នុងឆ្នាំ២០២១ មាន​៥៨នាក់ ក្នុង​ចំណោម​ស្ត្រី​មក​សម្រាលកូន​ ១៧ ៩២៦នាក់​ ស្មើ ០,៣២ ភាគ​រយ​ និង​ឆ្នាំ​២០២២ មាន​ចំនួន៥៧​នាក់ ក្នុង​ចំណោម​ស្ត្រី​មក​សម្រាលកូន​ ​១៨ ០៦៦​នាក់ ស្មើ០,៣០​ភាគ​រយ ។ ចំណែករ​យៈពេល៦​ខែ ក្នុង​ឆ្នាំ២០២៣ ​មាន​ស្ត្រី​សម្រាល​កូន​បាន​ចំនួន​ ១០ ០៦២នាក់ ក្នុង​នោះ​ស្ត្រី​ផ្ទុកមេរោគ​​អេដស៍​មាន​ចំនួន​៣១​នាក់​។​

​ដោយឡែ​ក​លោ​កស្រី ម៉ែន នារី​សោ​ភ័គ ​អគ្គ​លេខាធិ​ការរង​ទី​១ កា​ក​បាទក្រ​ហមកម្ពុជា បាន​ថ្លែង​អំណរគុណ​ និង​កោតស​រសើ​រ​ដល់​ថ្នាក់ដឹ​ក​នាំ ក្រុម​គ្រូពេទ្យ ​និង​បុគ្គលិក​គ្រប់​ផ្នែក​នៃ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ដែល​បាន​ខិតខំ​បំពេញ​ការ​ងារ​តាម​ជំនាញ​រៀងៗ​​ខ្លួន ដើម្បី​ផ្តល់​សេវា​សុខា​ភិ​បាល​ដល់​កុមាររាប់​ម៉ឺន​នាក់​។

​លោកស្រី​ថ្លែងថា​​៖«​នេះ​ជាការ​រួមចំ​ណែក​យ៉ាង​ធំធេង​ជាមួយ​រាជរ​ដ្ឋាភិ​បាល ក្នុង​ការ​លើក​កម្ពស់​​សុ​ខ​ភាព​ទារក កុមារ និង​យុវ​វ័យ ដែល​ជា​ទំពាំង​ស្នង​ឫ​ស្សី​»​។​

​សូម​រំឭក​ដែរ​ថា ដើម្បី​ផ្សព្វ​ផ្សាយ​ឱ្យ​កាន់តែ​ទូលំ​ទូ​លាយ​ស្តីពី​មេរោគ​អេដស៍​និង​ជំងឺអេដ​ស៍ ​រួម​ទាំង​ការ​លើ​ក​កម្ព​ស់​សុខភា​ព ​មាតា ទារ​ក និង​កុមា​រ លោ​កស្រី ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​​កាកបា​ទ​ក្រហ​ម​កម្ពុជា និង​ជា​ឥស្ស​រជន​ឆ្នើម​ថ្នាក់ជា​តិ​នៃ​វេទិកា​ភាពជា​អ្នកដឹក​នាំ​​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិ​ក​ ឆ្លើយត​ប​មេរោគ​អេដស៍ ជំ​ងឺអេដស៍ ​និង​ការអ​ភិវឌ្ឍ​នៅ​កម្ពុជា ​បាន​សម្រេច​បង្កើត​ឱ្យមា​ន«​កម្មវិធី​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​» ដែល​ចាក់ផ្សា​យ​នៅតា​ម​កញ្ចក់​ទូរ​ទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) ចាប់​តាំង​ពី ​ឆ្នាំ​២០១៩ ​មក​៕