ភ្នំពេញៈ ​យោងតាម​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាពបានឱ្យដឹងថា កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន ៣៥​ រូប ដែល​ធ្លាប់មាន​បទពិសោធន៍​បំពេញ​បេសកម្ម​រក្សា​សន្តិភាព ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ទទួលបាន​ការបណ្តុះបណ្តាល​ផ្នែក​ច្បាប់​ និង​បច្ចេកទេស​បង្ក្រាប​បទល្មើស​ផ្សេងៗ ដើម្បី​ត្រៀម​ប្តូរ​វេន​ទៅ​បំពេញបេសកកម្ម​នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង​ខាងមុខនេះ​។​


​ដើម្បី​បញ្ជូន​កងរាជអាវុធហត្ថ​កម្ពុជា​ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅក្រៅ​ប្រទេសកម្ពុជា ​និង​អ្នកជំនាញ​មកពី​ប្រទេស​បារាំង បាន​សហការ​រៀបចំ​វគ្គ​ហ្វឹកហ្វឺន​រយៈពេល ១ ​ខែ ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣០ ខែមិថុនា ដែលមាន​យោធា​ចា​រ្យ​បារាំង​ជា​អ្នក​បណ្តុះបណ្តាល នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព នៅខេត្តកំពង់ស្ពឺ​។​

​ថ្លែង​ក្នុង​កម្មវិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​អាវុធហត្ថ​សម្រាប់​ប្រតិបត្តិការ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​៣០​ខែមិថុនា​លោក សែម សុវណ្ណនី អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ និង​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព លើកឡើងថា វគ្គ​ហ្វឹកហ្វឺន​នេះ ពិត​ជាមាន​លក្ខណៈ​សម​ស្រប និង​មាន​សារៈសំខាន់​ណាស់ ក្នុងទិសដៅ​កសាង ពង្រឹងសមត្ថភាព​ដល់​កម្លាំង​មួក​ខៀវ​លើ​ជំនាញ​អា​វុ​ត្ថ​ហត្ថ ដើម្បី​បន្ត​រួមចំណែក​ក្នុងការ​អនុវត្ត​តួនាទី​ជា​អ្នកអនុវត្ត​ច្បាប់ នគរបាល​យុត្តិធម៌ បង្ក្រាប​បទល្មើស​ផ្សេងៗ ដែល​អង្គការ​សហ​ប្រជា​តិ​ប្រគល់ឱ្យ​។


​លោក​គូសបញ្ជាក់ថា​៖«​លទ្ធផល​នៃ​វគ្គ​ហ្វឹកហ្វឺន​នេះ បាន​ឆ្លុះបញ្ចាំង​ពី​សេចក្តី​ព្យាយាម សិក្សា​រៀនសូត្រ ក្រេបជញ្ជក់​យក​នូវ​រាល់​ខ្លឹមសារ​មេរៀន​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​ក្នុង​តំបន់​បេសកកម្ម​»​។​

​លោកស្រី ណេ​អូ​មី ពី​នតា លេខា​ទី​១​អម​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​លើកឡើងថា វគ្គ​សិក្សា​«​កងរាជអាវុធហត្ថ​» នេះ ប្រទេស​បារាំង​បានផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​និង​សម្ភារ សម្រាប់​រៀបចំ​វគ្គ​សិក្សា​។​


​លោកស្រី​បានឱ្យដឹងថា​៖​​«​មេរៀន​បាន​ផ្តោតលើ​បទ​ប្បញ្ញត្តិ​ច្បាប់​ផ្សេងៗ បច្ចេកទេស​អន្តរាគមន៍ ជំនាញ​មន្ត្រី​នគ​បាល​យុត្តិធម៌ ភាពចាំបាច់​នៃ​ការការពារ​សន្តិសុខ ទាំង​ក្នុង​លក្ខខណ្ឌ​យុទ្ធវិធី និង​សកម្មភាព​របស់​ម​ន្រី្ត​ប៉ូលិស នៅក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​»​។​

​ប្រភព​ដដែល បានឱ្យដឹងថា វគ្គ​ហ្វឹកហ្វឺន​នេះ មាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន​៣៥​នាក់ ក្នុងនោះ​មាន​នារី​ចំនួន​១៨​នាក់ មកពី​បណ្តា​ឯកភាព​នានា​នៃ​កងយោធពល​ខេមរភូមិន្ទ​។

​សិក្ខាកាម​ទាំងអស់​ត្រូវបាន​ជ្រើសរើស សម្រិតសម្រាំង ពិសេស​ត្រូវមាន​ចំណេះដឹង​ផ្នែក​ភាសា​បារាំង និង​អង់គ្លេស ព្រមទាំង​មានបទពិសោធន៍​ធ្លាប់​បានចេញ​បំពេញ​បេសកម្ម​រក្សា​សន្តិភាព ក្រោម​ឆត្រ អ​.​ស​.​ប ដើម្បី​ត្រៀម​ធ្វើការ​ប្តូរ​វេន​នាពេលខាងមុខ​។

សូមជម្រាបថា គិត​ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតមកដល់​ចុងឆ្នាំ​២០២២ កម្ពុជា​បាន​បញ្ជូន​កងកម្លាំងរ​ក្សា​សន្តិភាព​ចំនួន​៨ ៤៧៥​នាក់ ទៅ​បំពេញបេសកកម្ម​មនុស្ស​ធម៌ ជាមួយ​អង្គការសហប្រជាជាតិ នៅក្នុង​ប្រទេស​ចំនួន​៩​។ ប្រទេស​ទាំងនោះ​រួមមាន សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង ​ឆាដ ​លី​បង់ ​ស៊ី​រី ​ម៉ាលី ​អាហ្វ្រិក​កណ្តាល ស៊ី​ប និង​យេ​ម៉ែន ជាដើម​៕