​ភ្នំពេញៈ នាយកដ្ឋាន​ស្តារនីតិសម្បទា​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) បានបង្ហាញ​របាយការណ៍​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ ​នេះ សមាជិក ប​.​ស​.​ស​. ដែល​បាន​រងគ្រោះថ្នាក់​រហូត​ធ្លាក់ខ្លួន​ពិការ​សរុប​ជាង​ ២​ ពាន់​នាក់​ក្នុងនោះ​ស្ដ្រី​មាន​ជាង ​១ ​ពាន់​នាក់ ខណៈ​សមាជិក​ទាំងនោះ កំពុង​ទទួល​បានការ​គាំពារ​ពី ប​.​ស​.​ស​.​ផងដែរ​។


​របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា គិត​ចាប់ពី​ខែមករា រហូតដល់​ខែមិថុនា ឆ្នាំ​ ២០២៣ សមាជិក ប​.​ស​.​ស​.​ដែល​បាន​រងគ្រោះថ្នាក់​រហូត​ធ្លាក់ខ្លួន​ពិការ​សរុប​ចំនួន ​២ ៥៨៥​ នាក់ ក្នុងនោះ​ចំនួន​ ២ ៥៦១​ នាក់ បម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន និង​ចំនួន​ ២៤ ​នាក់ បម្រើ​ការងារ​ក្នុង​វិស័យ​សាធារណៈ​កំពុង​ទទួលបាន​ការ​គាំពារ​ពី​ប​.​ស​.​ស​.​។

​ទាក់ទង​នឹង​របាយការណ៍​នេះ លោក មឿ​ន តុលា ប្រធាន​អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (​សង់​ត្រា​ល់​)​ បាន​ថ្លែងថា មានតែ ប​.​ស​.​ស​.​ទេ ដែល​ដឹង​ព័ត៌មាន​ជាក់​លាក់​ពី​ចំនួន​សមាជិក​របស់ខ្លួន ដែល​រងគ្រោះថ្នាក់​រហូត​ដល់​ធ្លាក់ខ្លួន​ពិការ ពីព្រោះ ប​.​ស​.​ស​. ជា​ស្ថាប័ន​ដែល​ផ្ដល់​ការ​គាំពារ និង​ឆ្លើយតប​នឹង​តម្រូវការ​របស់​សមាជិក​។​


​លោក មឿ​ន តុលា បាន​កត់សម្គាល់ថា សមាជិក ប​.​ស​.​ស​. ដែល​រងគ្រោះថ្នាក់​រហូត​ដល់​ពិការ គឺ​ភាគច្រើន​កើតឡើង​ចំពោះ​កម្មករ កម្មការិនី ដែល​ធ្វើការ​នៅតាម​រោងចក្រ​កាត់ដេរ ដោយសារតែ​ពួកគាត់​តែងតែ​ធ្វើដំណើរ​ពី​ផ្ទះ​ទៅ​កន្លែងធ្វើការ ឬ​ពី​កន្លែងធ្វើការ​ត្រឡប់មកផ្ទះ​វិញ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការប្រើប្រាស់​យានជំនិះរ​បស់​ពួកគាត់ ឬក៏​រថយន្ត​សម្រាប់​ដឹក​កម្មករ មិនទាន់​គោរព​តាម​ស្ដង់ដា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ទេ​ដែលជា​ហេតុ​ធ្វើឱ្យមាន​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ចេះ​បន្ត​កើតមាន​ជា​បន្តបន្ទាប់​ទៅលើ​កម្មករ​»​។​


​លោក ​មឿ​ន តុលា បន្តថា​៖ «​សម្រាប់​ខ្ញុំ របាយការណ៍​នេះ វា​ជា​ចំនួន​តួលេខ​ច្រើន ដែល​ស​បញ្ជាក់ថា អត្រា​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ហ្នឹង មនុស្ស​ធ្លាក់ខ្លួន​ពិការភាព ឬក៏​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅតែ​ខ្ពស់​ដដែល ហើយ​រដ្ឋ​ក៏​គួរ​រក​វិធីសាស្ត្រ​ណា​ដើម្បី​កាត់បន្ថយ​ការគ្រោះថ្នាក់​រហូតដល់​ពិការភាព​ដែរ​ជាពិសេស គឺ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​»​។​

​បើតាម​លោក ​មឿ​ន តុលា ប្រសិនបើ​កាត់បន្ថយ​អត្រា​សមាជិក ប​.​ស​.​ស​. ដែល​រង​​គ្រោះថ្នាក់​រហូត​ធ្លាក់ខ្លួន​ពិការ​បាន នោះ​វា​នឹង​ផ្តល់​ផលចំណេញ​ច្រើន​សម្រាប់​រាជរដ្ឋាភិបាល​ដោយ​មិនចាំបាច់​ចំណាយ​ថវិការដ្ឋ និង​ជាពិសេស​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ​។

​សូម​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា កន្លងទៅ ប​.​ស​.​ស​. បាន​ចុះ​អប់រំ និង​ផ្តល់​ការ​ថែ​ទាំ​សុខភាព​ផ្លូវចិត្ត​ដល់​សមា​ជិ​ក ប​.​ស​.​ស ដែល​រងគ្រោះថ្នាក់​រហូត​ធ្លាក់ខ្លួន​ពិការ​នៅ​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ធ្វើឱ្យ​ពួកគាត់​មាន​ក្ដី​សង្ឃឹម​ឡើងវិញ​នៅក្នុង​ជីវិត​ពិការភាព​របស់ខ្លួន​។​

​តាមរយៈ​ប​.​ស​.​ស​. លោកស្រី រ័ត្ន រ៉ានី​ន អនុប្រធាន​នាយក​​ដ្ឋា​ន​ស្តារនីតិសម្បទា នៃ​ ប​.​ស​.​ស​. បាន​លើកឡើងថា សុខភាព​ផ្លូវចិត្ត​គឺជា​សភាព​មួយ​នៃ​សុ​ខុ​មាល​ភាព​របស់​មនុស្ស​យើង​ហើយ​វា​កាន់តែ​សំខាន់បំផុត​សម្រាប់​ជនពិការ​ដែល​ក្នុងនោះ​បុគ្គល​ម្នាក់ៗ​ក៏​អាច​ដឹង​ពី​សុខ​​ភាព​ផ្លូវចិត្ត​របស់ខ្លួន​បាន​តាម​​រយៈ​សកម្មភាព​បំពេញការងារ​ប្រចាំថ្ងៃ ការដោះស្រាយ​បញ្ហា​ស្ត្រេ​ស​ធម្មតា​ក្នុង​ជីវិត ក៏ដូចជា​ការចូលរួម​ការងារ​សហគមន៍​ជាដើម​។​

​លោកស្រី​ថា ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព​ផ្លូវចិត្ត​វា​គឺជា​ចលករ​ដ៏​សំខាន់​ក្នុងការ​ជំរុញឱ្យមាន​សុខភាព​រាងកាយ​ល្អប្រសើរ ព្រមទាំង​ជួយ​បង្កើន​កម្លាំង​ស្មា​​រ​តី​របស់​មនុស្ស​យើង​ផងដែរ​។​

​លោកស្រី រ័ត្ន រ៉ានី​ន បញ្ជាក់ថា​៖ «​ការអប់រំ និង​ផ្តល់​ការ​ថែ​​ទាំ​សុខភាព​ផ្លូវចិត្ត​ដល់​បងប្អូន​ជនពិការ ជា​ផ្នែក​មួយ​ដ៏​សំខាន់ និង​ចាំបាច់​បំផុត ដើម្បីឱ្យ​ពួកគាត់​ទទួលបាន​ការយល់ដឹង​កាន់​ច្បាស់​ពី​ខ្លួនឯង ដែល​អាចជួយ​ឱ្យ​ពួកគាត់​វិលត្រឡប់​ចូលក្នុង​សង្គម​ជាធម្មតា និង​មាន​ក្ដី​សង្ឃឹម​ឡើងវិញ​នៅក្នុង​ជីវិត​ពិការភាព​របស់ខ្លួន​»៕