ភ្នំពេញៈ រដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលសារទរចំពោះកិច្ចសហប្រតិបត្តិការរយៈពេល ៧២ ឆ្នាំ រវាងកម្ពុជានិងអង្គការយូណេស្កូ (UNESCO) ដែលបានជួយជំរុញការអភិវឌ្ឍនៅកម្ពុជាជាពិសេសពាក់ព័ន្ធការលើកកម្ពស់វិស័យអប់រំ និងវប្បធម៌ បន្ទាប់ពីបានក្លាយជាដៃគូរបស់យូណេស្កូតាំងពីឆ្នាំ ១៩៥១។
ក្នុងពិធីអបអរសាទរ ខួបទី៧២ ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ(UNESCO) នេះលោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឱ្យដឹងថា កិច្ចសហប្រតិបត្តិការរយៈពេល ៧២ឆ្នាំមកនេះ កម្ពុជាទទួលបានលទ្ធផលជាផ្លែផ្កាវិជ្ជមានពីដៃគូអភិវឌ្ឍន៍ពីការជ្រោមជ្រែងពីអង្គការយូណេស្កូ ជាពិសេសកិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះ។
លោកបានថ្លែងថា៖ «ទាំងយូណេស្កូ និងស្ថាប័នដៃគូអភិវឌ្ឍន៍នានាឯទៀត បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំ គុណភាពអប់រំនៅកម្ពុជា ជាពិសេសនៅបរិបទកូវីដ១៩ ដែលក្រសួងអប់រំ យុវជន និងកីឡា សូមសម្តែងការអរគុណ»។
លោកលោកឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានលើកឡើងដោយខ្លីដែរថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងយូណេស្កូមានទំហំធំ និងជាច្រើនគម្រោងដែលលោកមិនអាចរៀបរាប់អស់បាន ហើយទាំងនេះជារឿងដែលចាំបាច់ខ្លាំងសម្រាប់កម្ពុជា ជាពិសេសពាក់ព័ន្ធនឹងវិស័យវប្បធម៌។
លោកឈត ប៊ុនថង ប្រធានវិទ្យាស្ថាន ទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នមួយចំណុះឱ្យទីស្តីការគណៈរដ្ឋមន្ត្រីថ្លែងថា ទំហំនៃជំនួយនិងកិច្ចសហប្រតិបត្តិការដ៏ធំធេងដែលយូណេស្កូបានផ្តល់ឱ្យកម្ពុជាក្នុងក្របខ័ណ្ឌលើកកម្ពស់វិស័យវប្បធម៌ និងការអប់រំ ទាំងការសម្របសម្រួលគម្រោង ជំនួយបច្ចេកទេស ទាំងការបណ្តុះបណ្តាលជំនាញ។
លោកបានថ្លែងថា៖ «សម្បត្តិបេតិកភណ្ឌកម្ពុជាទាំងរូបី និងអរូបីជាច្រើនត្រូវបានបញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូទុកជាសម្បត្តិមនុស្សជាតិ»។
លោកថ្លែងថា៖ «កិច្ចសហប្រតិបត្តិការនេះ មានសារៈសំខាន់ណាស់ដែលបានជួយទាំងធនធានបច្ចេកទេស អ្នកជំនាញ ថវិកានានាជាដើម។ យើងអាចមានតម្លៃថា វាមានតម្លៃណាស់ទាំងសម្រាប់កម្ពុជា ឬប្រទេសណាមួយធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការយូណេស្កូនេះ»។
លោកយង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានថ្លែងថា កម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើនណាស់ពីកិច្ចសហការជាមួយយូណេស្កូ ខណៈកម្ពុជាបានដាក់បញ្ចូលសម្បត្តិវប្បធម៌មានប្រាសាទ របាំប្រពៃណី ក្បាច់គុន ម្ហូបអាហារ ជាដើមក្នុងផ្នែកវប្បធម៌ ជាមួយជំនួយនានាទៀត។
លោកថា អង្គការនេះក៏បានជួយកម្ពុជាជំរុញកម្មវិធីអប់រំ ដែលមានពាក្យស្លោក «ការអប់រំដើម្បីអ្នកទាំងអស់គ្នា អ្នកទាំងអស់គ្នាដើម្បីការអប់រំ»ហើយយូណេស្កូពង្រឹងទាំងចំណេះដឹងជាមូលដ្ឋានដល់ប្រជាជនខ្មែរគ្រប់រូប ជាពិសេសលើផ្នែកអក្ខរកម្ម។
លោកប្រាប់ថា៖ «បើសិនជាគ្មានការចូលរួមពីអង្គការយូណេស្កូទេ ប្រហែលសម្បត្តិវប្បធម៌ខ្មែរយើងមួយចំនួន មិនអាចចុះបញ្ជីនិងការពារបានទេ។ យើងថែមទាំងបានប្រមូលយកសម្បត្តិវប្បធម៌ដែលបានលក់ និងលួចចេញទៅបរទេសផង បដិមាជាដើម។ ទាំងនេះជាសមទ្ធផលសំខាន់នៃកិច្ចសហការ»។
លោក យង់ គិមអេង បានបន្ថែមទៀតថា កិច្ចសហការជាមួយយូណេស្កូថែមទាំងបានជំរុញ និងការកែទម្រង់ស្តង់ដាប្រព័ន្ធអប់រំនៅកម្ពុជាឱ្យសមស្រប និងអាចដើរទន្ទឹមនឹងស្តង់ដារបស់ប្រទេសជិតខាង ក្នុងតំបន់ និងប្រទេសជឿនលឿន ហើយកាន់តែប្រសើរ។
លោកថ្លែងថា កិច្ចសហការនេះនឹងកាន់តែប្រសើរឡើង និងចាំបាច់បន្ថែមទៀតសម្រាប់រយៈកាលអនាគត ក្នុងក្របខ័ណ្ឌវប្បធម៌ និងអប់រំ។
កម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូ (UNESCO) នេះ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៥១ ដែលការិយាល័យអង្គការយូណេស្កូនៅរាជធានីភ្នំពេញ ត្រូវបានបើកឡើងវិញនៅឆ្នាំ១៩៩១ បន្ទាប់ពីបិទទ្វារដោយសារសង្គ្រាមស៊ីវិល។
អង្គការយូណេស្កូ(UNESCO) ជាផ្នែកមួយនៃអង្គការសហប្រជាជាតិ ដែលធ្វើការផ្តោតសំខាន់លើវិស័យអប់រំនិងវិទ្យាសាស្ត្រ ដែលបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ ហើយមានគោលដៅបេសកកម្មពិសេសដើម្បីរក្សាសន្តិភាព និងសន្តិសុខពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រជាជាតិជាសមាជិកនានា ចំពោះវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។ ថ្មីៗនេះ យូណេស្កូនៅកម្ពុជា ធ្វើការនៅក្រោមក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិសម្រាប់កម្ពុជា (UNDAF) ឆ្នាំ២០១៩-២០២៣ ដែលសំដៅលើកកម្ពស់ការអប់រំ, បរិស្ថាន, ទំនាក់ទំនង និងព័ត៌មាន, មរតកវប្បធម៌, សេរីភាពនៃការបញ្ចេញមតិ និងវិទ្យាសាស្ត្រធម្មជាតិ ដើម្បីជាមធ្យោបាយឆ្ពោះទៅសម្រេចបាននូវរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០៕