ភ្នំពេញៈ រដ្ឋមន្ត្រី​ការពារជាតិ លោក​ ទៀ បាញ់ បានឱ្យដឹងថា បច្ចុប្បន្ន​សភាពការណ៍​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀត​ណា​ម មាន​លក្ខណៈ​ស្ងប់ស្ងាត់​ល្អ ខណៈ​កងកម្លាំង​ខ្លះ​ដែល​កំពុង ដាក់ពង្រាយ អាច​នឹង​ចល័ត​ទៅ​អង្គភាព​ដើម​វិញ​ដោយ​ទុក​កង​កម្លាំង​មួយចំនួន​ឱ្យនៅ​ឃ្លាំមើល​សភាពការណ៍​បន្ត​។


​លោក ទៀ បាញ់ បាន​ថ្លែង​ដូច​​នេះ​នៅ​ពីថ្ងៃ​ទី​ ៣ កក្កដា ដោយ​លោក​បាន​បញ្ជាក់ថា មិនមាន​ប្រទះឃើញដ្រូន ឬ​យន្តហោះ​គ្មាន​មនុស្ស​បើក​ក្នុង​បុព្វហេតុ​ស៊ើបការណ៍ ឬ​ធ្វើ​ភេរវកម្ម​ទៀតឡើយ​។ ការដាក់​ពង្រាយ​កងក​ម្លាំ​ង​នៅតាម​ព្រំដែន​កម្ពុជា​-​វៀតណាម​ត្រូវបាន​ធ្វើឡើង តាម​បទបញ្ជា​របស់លោក​នាយ​ករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន ជិត ១ ​សប្តាហ៍​មកហើយ ក្នុង​គោលដៅ​ប្រឆាំង​ការ​ស៊ើបការណ៍​សម្ងាត់ និង​បង្ការ​អំពើ​ភេរវកម្ម​បន្ទាប់ពី​មានការ​បង្ហោះដ្រូននៅតាម​ព្រំដែន​។​

​លោក​ ទៀ បាញ់ បាន​ថ្លែងថា ៖ «​កម្ពុជា​បាន​ចល័ត​កងកម្លាំង​ជា​មួយ​អាវុធ​ទំនើប ទៅ​ពង្រាយ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ជាពិសេស​នៅ​ខេត្ត​​មណ្ឌលគិរី ក្រចេះ និង​ខេត្ត​រតន​គិរី​ដោយហេតុ​មាន​ព័ត៌មាន​លេច​ឮ​ជុំវិញ​សកម្មភាព​ហោះហើរ​រប​ស្រ់​ដូន​នៅតាម​បណ្តោយ​ព្រំដែន ចូល​ដែនអាកាស​កម្ពុជា​ដោយ​គ្មាន​ប្រភព និង​អត្តសញ្ញាណ​ច្បាស់លាស់ ដែល​នេះ​ជា​រឿង​ចាំបាច់ ក្នុង​កិច្ចការពារ​ដែន​អធិបតេយ្យ​ភាព​ជាតិ​»​។


​លោក​បាន​បន្តថា ក្នុង​រវាង​ប៉ុន្មាន​ថ្ងៃនេះ កងកម្លាំង​បាន​ប្រើ​ឧបករណ៍​យោធា​ទំនើប​សម្រាប់​ឃ្លាំមើល​ដែនអាកាស ព្រមទាំង​រ៉ា​ដា​ផងដែរ ប៉ុន្តែ​មិនទាន់​ប្រទះឃើញដ្រូន​ស៊ើបការណ៍​ណាមួយ​ឡើយ ភាគច្រើន​ជាដ្រូន​កម្មសិទ្ធិ​របស់​ភ្ញៀវទេសចរ និង​ប្រទះ​ឃើញតែ​ការហោះហើរ​របស់​យន្តហោះ​ដឹក​អ្នក​ដំណើរ និង​យន្តហោះ​បម្រើ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តែប៉ុណ្ណោះ​។​

​លោក ​ទៀ បាញ់ ​បញ្ជាក់ថា​៖ «​ការពិតទៅ វា​មិន​មានរឿង​អ្វី​ទេ សភាពការណ៍​ប៉ុន្មាន​ថ្ងៃ​ហ្នឹង បន្ទាប់ពី​ចល័ត​ទ័ព​ទៅ យើង​កត់​សម្គាល់​មិនមាន​អ្វី​កើតឡើង​ទេ​។ ឃើញ​មានតែ​កប៉ាល់​ហោះ ​[​យន្ត​ហោះ​]​ ពាណិជ្ជកម្ម​ដឹក​អ្នកដំណើរ នៅ​ដែនអាកាស​ខ្ពស់ៗ​នោះ​។ កន្លងមក​អ្នកមូលដ្ឋាន​អាចមាន​ការ​យល់ច្រឡំ​ខ្លះទៅ ដោយសារ​ពួកគាត់​ប្រើ​ភ្នែក​ទៅ​មើល​»​។​


​ទោះជា​យ៉ាងណាក្តី លោក​រដ្ឋ​មន្ត្រី​ការពារជាតិ សង្កត់ធ្ងន់ថា កងកម្លាំង​កម្ពុជា​នៅតែ​បន្ត​យក​ចិត្ត​ទុកដាក់​ពិនិត្យ​សភាពការណ៍​នៅតាម​បណ្តោយ​ព្រំដែន​នេះ​ដើម្បី​អាចឆ្លើយតប​សមស្រប​ចំពោះ​សកម្មភាព​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​ណាមួយ​លើ​ទឹកដី​កម្ពុជា ទោះបី​ព័ត៌មាន​កន្លងមក ជាការ​យល់​ច្រឡំ​ក្តី​។ លោក​បាន​បន្ថែមថា អង្គភាព​ជំនាញ​នឹង​ពិភាក្សា​បែង​ចែក​ការងារ និង​គម្រោង​គោល​​ដៅ​បន្ទាប់ ជុំវិញ​បេសកកម្ម​ប្រ​ឆាំង​ការប៉ុនប៉ង​ធ្វើ​ភេរវកម្ម និង​ប្រឆាំង​ការ​ស៊ើបការណ៍​សម្ងាត់​នេះ ដែល​លោក​មិនអាច​លម្អិត​បន្ថែម​ជាង​នេះ​បានឡើយ ព្រោះ​ជាការ​​សម្ងាត់​យោធា និង​សន្តិសុខ​ជាតិ​។​

​កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា កន្លងទៅ​លោក ​វង្ស ពិ​សេន អគ្គ​មេបញ្ជាការ​កងយោធពល​ខេ​មរ​ភូមិន្ទ បាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​បទបញ្ជា​ប្រមុខ​រដ្ឋាភិបាល​នៅ​ទិស​យោធភូមិភាគ​ទី១ ​ដោយ​លោក​ថ្លែង​ពី​ស្ថានការណ៍​ថា មិន​ប្រទះឃើញដ្រូន​ស៊ើបការណ៍​ណាមួយ​ហោះចូល​ដែន​អធិប​តេ​យ្យ​កម្ពុជា​ទៀតឡើយ​។ ប៉ុន្តែ​កងកម្លាំង​នៅតែ​ស្វះស្វែង និង​ប្តេជ្ញា​តាម​គោលដៅ​រៀងខ្លួន​ដើម្បី​បង្ការ​កុំឱ្យ​កើតមាន​អំពើ​ភេរ​វ​កម្ម​ណាមួយ​លើទឹក​ដី​កម្ពុជា នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងការពារជាតិ​។​

​តាមរយៈ​មន្ទីរ​ព័ត៌មាន​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​ ២ ​កក្កដា ក្នុង​ពិធី​សំណេះសំណាល និង​សួរ​សុខទុក្ខ​កងកម្លាំង​យោធា​ភូមិភាគ​ទី​១​ និង​កងពល​លេខ ​៧០ ដែល​ឈរជើង​ជាប់​ព្រំដែន​វៀតណាម អភិបាលខេត្ត​លោក ថង សាវុន បាន​ថ្លែង​សរសើរ​ពី​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​កងកម្លាំង​នៅ​ភូមិ​សា​ស្ត្រ​ព្រំដែន ដែល​ពុះពារ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ពលរដ្ឋ ពិសេស​ដែន​បូរណភាព​ទឹកដី​។ ជាមួយគ្នា​នោះ​លោក​ក៏បាន​ណែ​នាំឱ្យ​កងកម្លាំង​ទាំងអស់​គិតគូរ​ថែ​​រក្សា​សុខភាព និង​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិន័យ​កងទ័ព​ដើម្បី​ប្តេជ្ញា​ការពារ​ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ស្របច្បាប់​ផងដែរ​។

​សូម​រំឭកថា កាលពី​ថ្ងៃទី​ ២៧ ខែមិថុនា លោកនាយក​រដ្ឋមន្ត្រី បាន​ដាក់ចេញ​បទបញ្ជា​ឱ្យ​កង​កម្លាំង និង​ស្ថាប័ន​សន្តិសុខ​ជាតិ​កំពូលៗ ពិសេស​បាន​បញ្ជា​ឱ្យ​អង្គភាព​បញ្ជាការដ្ឋាន​កង​អង្គរក្ស​ក្រោមបង្គាប់​លោក​មេបញ្ជាការ ហ៊ីង ប៊ុន​ហៀ​ង ដឹកនាំ​កងកម្លាំង និង​អាវុធ​សម្រាប់​ប្រតិបត្តិ​ការបាញ់​ទម្លាក់ ដ្រូន ដែល​ត្រូវបាន​គេ​បង្ហោះ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ជាពិសេស​នៅ​មូលដ្ឋាន​ខេត្ត​មណ្ឌល​​គិរី រតនគិរី និង​ក្រចេះ ក្រោយ​លេច​ឮថា មានដ្រូន​មួយចំនួន​ហោះចូល​ដែនអាកាស​កម្ពុជា​ដោយ​គ្មាន​ប្រភព ខណៈ​ភាគី​វៀត​​ណា​ម​បញ្ជាក់ថា មិនមែនជា​របស់ខ្លួន ស្របពេល​មាន​ដំណឹង​ពី​ការ​បង្ក្រាប​ក្រុម​អ្នកបះបោរ​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម​នៅជាប់​ជាយដែន​កម្ពុជា​។​

​នៅ​ល្ងាច​ថ្ងៃទី​ ២៧ ខែមិថុនា លោកនាយក​រដ្ឋមន្ត្រី ក៏បាន​បញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​សហការគ្នា​រុករក​អ្នក​លាក់ខ្លួន​លើទឹក​ដី​កម្ពុជា​ដែល​រត់​ចេញពី​ទឹកដី​វៀតណាម​ដោយ​លោក​ចាត់ទុកថា ជា​ក្រុម​ប៉ុនប៉ងធ្វើ​ភេរវកម្ម ហើយ​លោក​បាន​អំពាវនាវ​ឱ្យ​ប្រទេស​នានា បញ្ឈប់​ការអនុញ្ញាត​លើ​ការផ្តល់​ទីតាំង​បង្ហោះដ្រូន​ចូល​ដែន​អធិបតេយ្យ​​ភាព​កម្ពុជា​ផងដែរ​៕