ភ្នំពេញៈ ស្ថានទូតបារាំងប្រចាំកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការជាមួយ OIF បានបើកវគ្គបណ្ដុះបណ្ដាលភាសាបារាំង ដែលមានរយៈពេល ២ ឆ្នាំ ដល់កងកម្លាំងនៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ការបោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC)។
ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើនៅថ្ងៃទី ៣ ខែកក្កដា ដោយមានការចូលរួមពីលោក Edgar DOERIG តំណាង OIF ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក, លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នាមជ្ឈមណ្ឌល NPMEC។
នាឱកាសនោះ លោក Edgar DOERIG ថ្លែងថា ការចេះភាសាបារាំង គឺជាស្ពានដ៏សំខាន់មួយដែលនាំមកនូវការបង្កើតចំណងទំនាក់ទំនង ការជឿទុកចិត្តជាមួយអាជ្ញាធរដែនដី ប្រជាជន បង្កើនប្រសិទ្ធភាពប្រតិបត្តិការរក្សាសន្តិភាព ការប្រាស្រ័យទាក់ទង និងវប្បធម៌ក្នុងតំបន់។
ភាពស្ទាត់ជំនាញភាសាបារាំងនេះវាក៏ជួយសម្រួលដល់ការជួយគ្នាទៅវិញ-ទៅមក ជាមួយកងកម្លាំងដៃគូ ព្រមទាំងរួមចំណែកដល់ការកសាងសន្តិភាព និងស្ថិរភាពយូរអង្វែងផងដែរ។ លោក Edgar DOERIG បានធានាចំពោះការផ្តល់ជំនួយក្នុងនាម OIF សម្រាប់ការបណ្តុះបណ្តាលនេះតាមតម្រូវការរបស់ NPMEC ដើម្បីពង្រឹងជំនាញភាសាដល់នាយទាហានដែលត្រៀមទៅបំពេញបេសកកម្ម របស់ អ.ស.ប ក្នុងតំបន់និយាយភាសាបារាំង។
លោកថ្លែងថា៖ «សិក្ខាកាមថ្នាក់ឆ្នាំ ២០២៣ ដែលបានជ្រើសរើសយកការសិក្សាភាសាបារាំង សម្រាប់កងកម្លាំងយោធានេះជាការរួមចំណែមួយចំពោះប្រសិទ្ធភាពនៃប្រតិបត្តិការសន្តិភាព នៅក្នុងតំបន់និយាយភាសាបារាំង ដូចជានៅអាហ្រ្វិក និងប្រទេសលីបង់ជាដើម»។
លោកថា៖ «ដោយសារជំនាញដែលទទួលបាន ពួកគេនឹងអាចសម្របសម្រួល ធ្វើការរួមគ្នា បានកាន់តែប្រសើរ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងជាតិ ពហុជាតិដែលកំពុងមានវត្តមាននៅក្នុងតំបន់បេសកកម្ម»។
អស់រយៈពេល ៣០ ឆ្នាំកន្លងមក ដែលកម្ពុជាបានទទួលកងកម្លាំងរក្សាសន្តិភាព ឥឡូវកម្ពុជាបានក្លាយខ្លួនជាប្រទេសយ៉ាងសំខាន់ ក្នុងប្រតិបត្តិការសន្តិភាពរបស់ អ.ស.ប មានកងកម្លាំងកម្ពុជាជាង ៨០០ នាក់ បានកំពុងបំពេញបេសកកម្ម ខណៈដែលជំនាញវិជ្ជាជីវៈរបស់កងយោធពលខេមរភូមិន្ទ ឥឡូវនេះក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិផងដែរ។
ជាមួយគ្នានេះលោក អ៊ុច បូររិទ្ធ ក៏ថ្លែងដែរថា ឆ្នាំ ២០២៣ នេះ គឺជាខួបលើកទី ៣១ នៃវត្តមានកងយោធាមួកខៀវអង្គការសហប្រជាជាតិនៅលើទឹកដីកម្ពុជា ដែលក្នុងនោះក៏មានវត្តមានកងកម្លាំងរក្សាសន្តិភាពបារាំងផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ តាងនាមឱ្យរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា លោកបានសម្តែងនូវអំណរអរគុណចំពោះយោធាមួកខៀវបារាំងនិងសូមសម្តែងនូវគារវកិច្ចយ៉ាងជ្រាលជ្រៅបំផុតចំពោះវិញ្ញាណក្ខន្ធវីរយោធាបារាំង ៤ រូប ដែលបានពលីជីវិតក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ។ «នៅក្នុងស្មារតីនេះ កម្ពុជានឹងបន្តរួមសហការជាមួយនឹងអង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាមិត្ត ពង្រឹងពង្រីកចំណេះជំនាញ និងសក្តានុពលនៃកងកម្លាំងមួកខៀវកម្ពុជាដែលត្រូវចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត»៕