ភ្នំពេញៈ ក្នុង​ខែមិថុនា​កុមារ​ឈឺ​ចំនួន​ជាង ​៧ ​ម៉ឺន​នាក់​ ត្រូវបាន​ពិនិត្យ​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ខណៈ​កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ជាង​ ១ ​ម៉ឺន​នាក់ បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​របាយការណ៍​មន្ទីរពេទ្យ​នេះ​បញ្ជាក់ថា​៖ «​កុមារ​ឈឺ​ចំនួន ​៧១ ១១៣​ នាក់ ត្រូវបាន​ពិនិត្យ​ព្យាបាល នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។ កុមារ​មាន​ជំងឺ​ធ្ងន់ៗ ១៣ ៨៥៥ ​នាក់ ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។ កុមារ​មាន​ជំងឺ​គ្រុន​ឈាម​ចំនួន ៩៥១ ​នាក់ បាន​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​»​។


​របាយការណ៍​បន្តថា ក្នុង​ខែ​ដដែល កុមារ​ចំនួន ២ ៣៥៦ ​នាក់​ត្រូវ​បានទទួល​ការវះកាត់ ហើយ​កុមារ​ចំនួន​ ៩០​ នាក់​បានទទួល​ការ​វះ​កាត់​បេះដូង​និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ភ្នំពេញ និង​សៀមរាប​។​

​របាយការណ៍​បានឱ្យដឹង​ទៀតថា ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ ៩ ៥៣៤​ នាក់ បាន​ទៅពិនិត្យ​តាមដាន​ផ្ទៃពោះ​និង​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​ ៧ (​គន្ធបុប្ផា​ទី​៣) និង​សម្រាលកូន​បាន​ចំនួន​ ១ ៧៤៣ ​នាក់​ក្នុង​រយៈពេល​ ១ ​ខែ​មុននេះ​។​


​របាយការណ៍​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា ប្រចាំ​ខែឧសភា​ឱ្យដឹងថា ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ​ព្យាបាល​កុមារ​ឈឺ​ចំនួន​ ៦១ ៩១១​ នាក់ នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។ កុមារ​ជំងឺ​ធ្ងន់ៗ​ចំនួន ១១ ៤០៣ នាក់​ ហើយ​កុមារ​មាន​ជំងឺគ្រុនឈាម​មាន​ចំនួន ២៧៥ នាក់ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នេះ​។​

​របាយការណ៍​បន្តថា ក្នុង​ខែឧសភា កុមារ​ដែល​ទទួលបាន​ការវះកាត់​មាន​ចំនួន​ ២ ៣០០ នាក់​។ កុមារ​ចំនួន​ ៧៣​ នាក់​បានទទួល​ការវះកាត់​បេះដូង​និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ភ្នំពេញ និង​សៀមរាប​។​


​របាយការណ៍​បន្តថា សម្រាប់​ការ​ព្យា​បាល​នៅ​ផ្នែក​សម្ភព​វិញ គឺមាន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៩ ១៨៩ នាក់ បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៣ ដោយបាន​សម្រាលកូន​ចំនួន​ ១ ៦៥១ នាក់ ពេញ​ ១ ខែឧសភា​។​

​កាលពី​ថ្ងៃទី​ ៣០ ខែមិថុនា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ «១ ម៉ឺន រៀល ១ ម៉ឺន​នាក់​»​ សម្រាប់​កុមារ​កម្ពុជា​មូល​​និ​ធិ​គន្ធបុប្ផា​កម្ពុជា​បាន​អំពាវនាវ​ដល់​សាធារណជន​បន្ត​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ​មូលនិធិ​នេះ​ដើម្បី​នាំ​ភាព​ញញឹម​ដល់​កុមារ​ដែលជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា​។

យុទ្ធនាការ​នេះ​គឺជា​យុទ្ធនាការ​ប្រចាំឆ្នាំ​មួយ​ក្នុងចំណោម​យុទ្ធនាការ​ផ្សេងៗ​ដទៃទៀត​របស់​មូល​និ​ធិ​គន្ធបុប្ផា​កម្ពុជា​ដែល​បាន​រៀបចំឡើង​ដើម្បី​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ ១ ​មិថុនា និង​ជាការ​បំផុសស្មារតី «​ខ្មែរ​ជួយ​ខ្មែរ​» ដើម្បី​រួមគ្នា​ក្នុង​ការបន្ត​កិច្ចដំណើរការ​របស់​មូ​ល​និ​ធិ​គន្ធបុប្ផា ដែល​កំពុង​ព្យាបាល​កុមារ​រាប់ម៉ឺន​នាក់​ក្នុង​ ១ ឆ្នាំៗ ដោយ​ឥតគិតថ្លៃ ដោយ​ចំណាយ​ថវិកា​ចំនួន​ប្រមាណ ៤០ លាន​ដុល្លារ​អាមេរិក ក្នុង ​១​ ឆ្នាំៗ​។​

​យុទ្ធនាការ​នេះ​មាន​រយៈពេល ​១ ​ខែ​ ដោយបាន​ចាប់ផ្ដើម​ពីថ្ងៃ​ទី ​១ ខែមិថុនា និង​ដោយ​គិត​ត្រឹម​ ២ សប្ដាហ៍​ដំបូង​នៃ​យុទ្ធនាការ​នេះ មាន​សប្បុរសជន​ជាង ២ សែន​នាក់ បាន​ចូលរួម​បរិច្ចាគ​ដោយ​ទទួលបាន​ថវិកា​សរុប​ប្រមាណ ២ លាន​ដុល្លារ​ទាំង​តាមរយៈ​ការបរិច្ចាគ​ដោយផ្ទាល់​នៅ​មន្ទីរពេទ្យ និង​ការបរិច្ចាគ​តាម​ប្រព័ន្ធ​ធនាគារ​ចល័ត​។​

​លោក​ច​ន ណា​រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៤ ខែមិថុនា​ថា ឆ្នាំនេះ​មាន​សម្ទុះ​នៃ​ការចូលរួម​លើសពី​ឆ្នាំមុន​ខ្លាំង ទាំង​ទិដ្ឋភាព​ថវិកា និង​ចំនួន​សប្បុរសជន​។​

​លោក​ថ្លែងថា​៖ «​ការចូលរួម​ច្រើន​បែបនេះ ក៏​ព្រោះតែ​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ទាំង​អស់នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​យក​បទពិសោធន៍​នៃ​ការ​រៀបចំ​យុទ្ធនាការ​នេះ​កាលពី​ឆ្នាំ ២០២២​ ជា​មេរៀន ជា​ធាតុ​ចូលក្នុង​ការកែ​​លម្អ​ចំណុច​ខ្វះខាត ព្រមទាំង​បាន​បង្កើត​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ថ្មីៗ ជាពិសេស​ការផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​នានា រួម​ជាមួយនឹង​ការចូលរួម​ផ្សព្វផ្សាយ​យ៉ាង​ផុសផុល​ពី​ក្រសួង​ស្ថាប័ន គ្រឹះស្ថាន​ឯក​ជន ធនាគារ​ដៃគូ សប្បុរសជន​នានា និង​ជាពិសេស​សារព័ត៌​មាននៅ​ទូទាំងប្រទេស​ចូលរួម​យ៉ាងច្រើន​កុះករ​»​។​

​កាលពី​ឆ្នាំ​ ២០២២​ យុទ្ធនាការ «១ ​ម៉ឺន​ រៀល​ ១ ម៉ឺន នាក់​»​ ទទួលបាន​ថវិកា​បរិ​ច្ចាគ​ជាង​ ២៨ ​ម៉ឺន​ដុល្លារ​អាមេរិក​ក្រោយពី​បាន​បើក​យុទ្ធនាការ​នេះ​ពេញ ១​ ខែមិថុនា​៕​